
ភ្ញៀវទេសចរអន្តរជាតិប្រមាណ ២០០នាក់ មកពី ១៥សញ្ជាតិ រួមជាមួយនាវិក និងក្រុមការងារប្រមាណ ១៥០នាក់ នៃនាវាទេសចរណ៍ Villa Vie Odyssey បានសម្តែងការដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ចំពោះការទទួលស្វាគមន៍ប្រកបដោយភាពកក់ក្តៅ បដិសណ្ឋារកិច្ចល្អ និងការយកចិត្តទុកដាក់ខ្ពស់ ខណៈនាវាកំពុងចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
ដោយទទួលបានអនុសាសន៍ដឹកនាំពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយឯកឧត្តម សាមុត សុធារិទ្ធ អភិបាលស្តីទីនៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ព្រមទាំងតំណាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មន្ទីរទេសចរណ៍ខេត្ត និងមន្ទីរ អង្គភាពពាក់ព័ន្ធ បានចុះពិនិត្យករណីនាវា Villa Vie Odyssey ដែលជួបបញ្ហាប្រេងដើម្បីបន្តដំណើរ។
ក្នុងឱកាសនោះ មន្ត្រីពាក់ព័ន្ធបានចុះសាកសួរសុខទុក្ខ ស្តាប់ក្តីកង្វល់ និងសំណូមពររបស់ភ្ញៀវទេសចរអន្តរជាតិ នាវិក និងក្រុមការងាររបស់នាវា ដើម្បីស្វែងរកដំណោះស្រាយសមស្រប និងឆ្លើយតបចំពោះតម្រូវការចាំបាច់នានា។
ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ក៏បានថ្លែងអំណរគុណដល់គ្រប់ផ្នែក និងភាគីពាក់ព័ន្ធ ដែលបានចូលរួមសហការយ៉ាងជិតស្និទ្ធ ជាពិសេសឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិភស្ដុភារកម្ម ព្រមទាំងឯកឧត្តម នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានផ្តល់កិច្ចសហការយ៉ាងសកម្ម។
បន្ទាប់ពីការពិភាក្សា និងវាយតម្លៃស្ថានភាពជាមួយគ្រប់ភាគីពាក់ព័ន្ធ ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តព្រះសីហនុ និងក្រសួង ស្ថាប័នមានសមត្ថកិច្ច បានចាត់តាំងក្រុមការងារសម្របសម្រួល និងដាក់ចេញវិធានការចាំបាច់ និងទាន់ពេលវេលា ដើម្បីជួយសម្រួលដល់ការទទួលបានព័ត៌មាន និងការផ្តល់សេវាកម្មចាំបាច់ផ្សេងៗ ដោយផ្តោតលើសុវត្ថិភាព សុខុមាលភាព ផាសុកភាព និងភាពកក់ក្តៅរបស់ភ្ញៀវទេសចរអន្តរជាតិ។
សម្រាប់កម្ពុជា ភ្ញៀវទេសចរអន្តរជាតិមិនត្រឹមតែជាអ្នកមកទស្សនាប៉ុណ្ណោះទេ ប៉ុន្តែជាមិត្តភក្តិដែលត្រូវទទួលបានការគោរព ការយកចិត្តទុកដាក់ និងភាពកក់ក្តៅ ជាពិសេសនៅពេលពួកគេជួបប្រទះការលំបាក។
ភ្ញៀវទេសចរអន្តរជាតិ នាវិក និងក្រុមការងាររបស់នាវា បានសម្តែងក្តីរំភើប ការដឹងគុណ និងទំនុកចិត្តចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធ។ ពួកគេក៏បានកោតសរសើរចំពោះទឹកចិត្តមនុស្សធម៌ ស្នាមញញឹម និងភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា ព្រមទាំងសម្រស់ធម្មជាតិ និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា។
ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា ភ្ញៀវទេសចរមួយចំនួនបានឆ្លៀតឱកាសបន្តដំណើរកម្សាន្តទៅកាន់តំបន់ឆ្នេរ កោះ និងគោលដៅទេសចរណ៍ជុំវិញខេត្តព្រះសីហនុ ខណៈមួយចំនួនទៀតបានបន្តដំណើរទស្សនកិច្ចមកកាន់រាជធានីភ្នំពេញ។ ភ្ញៀវទេសចរមួយចំនួនក៏បានបង្ហាញចំណាប់អារម្មណ៍ និងបំណងវិលត្រឡប់មកទស្សនាកម្ពុជាជាថ្មីនៅពេលអនាគត។
ការយកចិត្តទុកដាក់របស់កម្ពុជាចំពោះនាវា Odyssey នាពេលនេះ ក៏បានរំលេចឡើងវិញនូវកេរដំណែលមនុស្សធម៌របស់កម្ពុជា ដែលពិភពលោកបានចងចាំតាមរយៈការទទួលស្វាគមន៍នាវាទេសចរណ៍ Westerdam កាលពីខែកុម្ភៈ ឆ្នាំ២០២០។
នៅពេលនោះ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាបានអនុញ្ញាតឱ្យនាវា Westerdam ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ បន្ទាប់ពីនាវានេះជួបការលំបាកក្នុងការស្វែងរកកំពង់ផែចូលចត ដោយសារការព្រួយបារម្ភអំពីការរីករាលដាលនៃជំងឺកូវីដ-១៩។
កាយវិការប្រកបដោយមនុស្សធម៌នេះបានទទួលការកោតសរសើរពីមជ្ឈដ្ឋានអន្តរជាតិ និងបានធ្វើឱ្យសារថា «កម្ពុជាជាប្រទេសតូច ប៉ុន្តែមានបេះដូងធំ» (A Small Country with a Big Heart) ក្លាយជានិមិត្តរូបនៃសាមគ្គីភាព និងភាពកក់ក្តៅរបស់ប្រជាជនកម្ពុជា។
សកម្មភាពទាំងនេះបានចូលរួមពង្រឹងកិត្តិនាមរបស់កម្ពុជានៅលើឆាកអន្តរជាតិ ក្នុងនាមជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព មិត្តភាព និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ស្របតាមស្មារតី «កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ»៕
អត្ថបទ៖ ប៊ី








