ធនាគារជាតិកម្ពុជា ត្រៀមពង្រីកប្រព័ន្ធបាគង សម្រាប់ការទូទាត់ឆ្លងដែនទៅកាន់ឥណ្ឌូណេស៊ី ហ្វីលីពីន និងរវ៉ាន់ដា

ធនាគារជាតិនៃកម្ពុជា ត្រៀមពង្រីកការតភ្ជាប់ប្រព័ន្ធបាគង (Bakong) សម្រាប់​ការ​ទូទាត់​ឆ្លងដែន ទៅកាន់​ប្រទេស​ឥណ្ឌូណេស៊ី ហ្វីលីពីន និង​រវ៉ាន់ដា នា​ពេលខាងមុខ បន្ទាប់ពី​សម្រេច​បាន​ការ​តភ្ជាប់​ជាមួយ​ប្រទេស​ ៩ រួច​មក។

តាមដានជាមួយយើង៖ Million Times

ការពង្រីកនេះ គឺជាការបោះជំហានថ្មីក្នុងការពង្រីកបណ្តាញទូទាត់អន្តរជាតិ និង​ពង្រឹង​ការ​តភ្ជាប់​ហិរញ្ញវត្ថុ​កម្ពុជា ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក។ បច្ចុប្បន្ន តាមរយៈប្រព័ន្ធបាគង កម្ពុជា​បាន​សម្រេច​ការ​តភ្ជាប់ការទូទាត់ឆ្លងដែនជាមួយប្រទេសចិន ឥណ្ឌា ជប៉ុន ឡាវ ម៉ាឡេស៊ី សិង្ហបុរី កូរ៉េខាងត្បូង ថៃ និង​វៀតណាម។

ការតភ្ជាប់នេះអនុញ្ញាត​ឲ្យ​អាជីវករ និងពាណិជ្ជករជាង ២៥០ លាន​នាក់​នៅ​ទូទាំង​តំបន់ អាច​ទទួល​ការ​ទូទាត់​សង​ប្រាក់​តាមរយៈប្រព័ន្ធបាគងបានយ៉ាងទូលំទូលាយ។ ការ​ពង្រីក​បណ្ដាញ​ទៅ​កាន់​ឥណ្ឌូណេស៊ី ហ្វីលីពីន និងរវ៉ាន់ដា នឹង​ក្លាយ​ជា​ការ​បោះជំហាន​បន្ថែម​ទៀត​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ផ្នែក​ហិរញ្ញវត្ថុ​ឆ្លងដែន និង​បង្កើន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ទូទាត់​ប្រាក់​សម្រាប់​ប្រជាពលរដ្ឋ អាជីវករ និង​ធុរជន​រវាង​ប្រទេស​ទាំងនេះ។

សមិទ្ធផល​នៃ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ទូទាត់​របស់​កម្ពុជា​នេះ ក៏​នឹង​ក្លាយ​ជា​ប្រធាន​បទ​សំខាន់​មួយ​នៅ​ក្នុង​វេទិកា​ហិរញ្ញវត្ថុ​អន្តរជាតិ Black Swan Summit ដែលនឹងរៀបចំឡើងនៅរាជធានីភ្នំពេញ នាថ្ងៃទី១៥-១៦ ខែ​វិច្ឆិកា ឆ្នាំ២០២៦ ស្របពេលជាមួយកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី។

វេទិកានេះនឹងមានការចូលរួមពីទេសាភិបាលធនាគារកណ្តាល អ្នក​បង្កើត​នវានុវត្តន៍​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ និងថ្នាក់ដឹកនាំមកពីតំបន់អាស៊ាន និងបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង ដើម្បីពិភាក្សា និងចែករំលែកបទពិសោធលើការអភិវឌ្ឍប្រព័ន្ធទូទាត់ និងការតភ្ជាប់ហិរញ្ញវត្ថុឆ្លងដែន។

វេទិកា​អន្តរជាតិ​នេះ​នឹងផ្តោតលើប្រធានបទសំខាន់ ៤ រួមមាន ការ​តភ្ជាប់​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​ឆ្លងដែន​តាម​ច្រក​របៀង​សេដ្ឋកិច្ច ការ​ប្រែ​ក្លាយ​នវានុវត្តន៍​ហិរញ្ញវត្ថុ​ពី​ការ​សាកល្បង​ទៅ​ជា​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវការ ការ​បង្កើន​ប្រសិទ្ធភាពនៃប្រព័ន្ធទូទាត់ឆ្លងដែនតាមរយៈ QR និងការផ្ទេរប្រាក់ ព្រម​ទាំង​ការ​ពង្រីក​ការ​តភ្ជាប់​ពី​កម្រិតទ្វេភាគីទៅជាបណ្តាញហិរញ្ញវត្ថុក្នុងតំបន់។

គួរបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា បានដាក់​ឲ្យ​ដំណើរការជាផ្លូវការនូវប្រព័ន្ធបាគង នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០។ ប្រព័ន្ធនេះត្រូវបានអភិវឌ្ឍឡើងដោយផ្អែកលើតម្រូវការ និង​បរិបទ​សេដ្ឋកិច្ច​ក្នុង​ស្រុក ហើយ​បាន​ក្លាយ​ជា​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់​ក្នុង​ការ​ជំរុញ​ការ​ទូទាត់​ឌីជីថល និង​ពង្រីក​ការ​តភ្ជាប់​ប្រព័ន្ធ​ទូទាត់​ជាមួយ​បណ្ដា​ប្រទេស​ដៃគូ៕

អត្ថបទ៖ ឆដា, រូបភាព៖ ធនាគារជាតិ​នៃកម្ពុជា