ព្រះសីហនុត្រៀមរៀបចំបុណ្យសមុទ្រលើកទី១២ ផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងសេដ្ឋកិច្ចខៀវ

តាមដានជាមួយយើង៖ Million Times

ភ្នំពេញ៖ ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន នឹងរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១២ ជុំទី៤ ឆ្នាំ២០២៦ នៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៦ ក្រោមប្រធានបទ «គុណតម្លៃសមុទ្រ៖ សេដ្ឋកិច្ចខៀវផ្សារភ្ជាប់ចីរភាពជីវចម្រុះតំបន់ឆ្នេរសមុទ្រ»។

ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក តំណាងស្ថានទូតបរទេសប្រចាំកម្ពុជា រដ្ឋបាលរាជធានី-ខេត្ត ដៃគូអភិវឌ្ឍ អង្គការជាតិ-អន្តរជាតិ សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ វិស័យឯកជន អ្នកផលិតមាតិកាទេសចរណ៍ និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិជាច្រើន។

ក្រសួងទេសចរណ៍បានឱ្យដឹងថា ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយសក្តានុពលទេសចរណ៍តំបន់ឆ្នេរសមុទ្រកម្ពុជា ជំរុញការអភិរក្ស និងអភិវឌ្ឍតំបន់ឆ្នេរប្រកបដោយចីរភាព ព្រមទាំងលើកកម្ពស់គុណភាពសេវាកម្មក្នុងឧស្សាហកម្មទេសចរណ៍ និងជំរុញការលើកតម្លៃផលិតផលខ្មែរ។

ដើម្បីធ្វើឱ្យព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១២ ប្រព្រឹត្តទៅដោយភាពអធិកអធម គណៈកម្មការអន្តរក្រសួងគ្រោងរៀបចំសកម្មភាព និងព្រឹត្តិការណ៍អមសំខាន់ៗជាច្រើន។

សកម្មភាពទាំងនោះរួមមាន ការសម្តែងទស្សនីយភាពសិល្បៈដែលបង្ហាញពីប្រពៃណី ទំនៀមទម្លាប់ និងសក្តានុពលទេសចរណ៍របស់ខេត្តតំបន់ឆ្នេរ ការប្រគំតន្ត្រីមហាជន និងការអុជកាំជ្រួចអបអរសាទរព្រឹត្តិការណ៍បុណ្យសមុទ្រ។

ព្រឹត្តិការណ៍នេះ ក៏នឹងមានការតាំងពិព័រណ៍សមិទ្ធផលក្នុងវិស័យទេសចរណ៍ មហោស្រពម្ហូបអាហារ និងភេសជ្ជៈ ការតាំងពិព័រណ៍ផលិតផលក្នុងស្រុក ការតាំងបង្ហាញសមិទ្ធផលរបស់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងគម្រោងអភិវឌ្ឍន៍ទេសចរណ៍របស់ខេត្តតាមតំបន់ឆ្នេរ។

ក្រៅពីនេះ នឹងមានសិក្ខាសាលា និងកិច្ចពិភាក្សាលើប្រធានបទសំខាន់ៗពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ព្រមទាំងព្រឹត្តិការណ៍កីឡាជាច្រើនប្រភេទ រួមមាន កីឡាលើទឹក កីឡាលើឆ្នេរខ្សាច់ ការប្រកួតទាញព្រ័ត្រ ការប្រកួតបង្ហោះខ្លែង និងកីឡាទេសចរណ៍លក្ខណៈមហាជន។

ផ្នែកបរិស្ថាន និងការអភិរក្សជីវចម្រុះ ក៏ត្រូវបានដាក់បញ្ចូលក្នុងកម្មវិធីសំខាន់ៗផងដែរ ដោយមានកម្មវិធីដាំដើមឈើស្របតាមទស្សនទាន «ទេសចរម្នាក់ ដើមឈើមួយដើម» ក្រោមប្រធានបទ «រួមគ្នាដាំដើមកោងកាង ដើម្បីសមុទ្របៃតង និងផ្ញើក្តីនឹករលឹកដល់ជនភៀសសឹក»។

ជាមួយគ្នានេះ នឹងមានកម្មវិធីលែងកូនក្តាម និងកូនអណ្តើកសមុទ្រ ដើម្បីផ្តល់ជីវិតថ្មី និងបន្តចីរភាពជីវៈចម្រុះ ព្រមទាំងកម្មវិធីរាប់បាត្រឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធវីរៈកងកម្លាំងប្រដាប់អាវុធ។

កម្មវិធីអមផ្សេងទៀត រួមមាន ការប្រកួតម្ហូបអាហារប្រចាំតំបន់ ការប្រកួតប្រជែងរូបភាព កម្មវិធីដង្ហែគោមនាពេលរាត្រីដើម្បីដឹងគុណសមុទ្រ និងកម្មវិធីកម្សាន្តជាច្រើនទៀត។

ក្រសួងទេសចរណ៍បានបញ្ជាក់ថា បុណ្យសមុទ្រលើកទី១២ ជុំទី៤ ឆ្នាំ២០២៦ នឹងក្លាយជាវេទិកាមួយសម្រាប់ផ្សព្វផ្សាយសក្តានុពលទេសចរណ៍តំបន់ឆ្នេរសមុទ្រកម្ពុជា ព្រមទាំងបង្ហាញពីការយកចិត្តទុកដាក់លើការអភិរក្ស និងការអភិវឌ្ឍតំបន់ឆ្នេរប្រកបដោយចីរភាព៕