
ភ្នំពេញ៖ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំលើកទី២៨ ដើម្បីពិនិត្យគម្រោងវិនិយោគ និងធុរកិច្ចចំនួន ១៤ ដែលមានទុនវិនិយោគសរុបជាង ២៣៧ លានដុល្លារអាម៉េរិក និងអាចបង្កើតឱកាសការងារប្រមាណ ២ ៧០០កន្លែង។
កិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន រដ្ឋបាលខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ។
គម្រោងទាំង ១៤ រួមមាន គម្រោងអគារពហុមុខងារ សណ្ឋាគារ សួនឧស្សាហកម្ម ភណ្ឌាគារគយមានដែនកំណត់ រោងចក្រផលិតក្តារបន្ទះគ្រប់ប្រភេទ រោងចក្រផលិតកាវ និងរោងចក្រផលិតឧបករណ៍ពេទ្យ។ គម្រោងទាំងនេះមានទុនវិនិយោគសរុបជាង ២៣៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារប្រមាណ ២ ៧០០កន្លែង។
ទន្ទឹមនឹងការពិនិត្យគម្រោងថ្មី គិតចាប់ពីឆ្នាំ២០២៤ ដល់ខែតុលា ឆ្នាំ២០២៦ ក្រុមការងារបានសម្រេចផ្តល់ការលើកទឹកចិត្ត និងសម្រួលនីតិវិធីដល់គម្រោងសរុបចំនួន ៥១១ ដែលមានទុនវិនិយោគប៉ាន់ស្មាន ៨,៥ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតឱកាសការងារជាង ៦ម៉ឺនកន្លែង។
ក្នុងចំណោមគម្រោងទាំង ៥១១ នេះ គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងមានចំនួន ២១៨ គម្រោងថ្មី ឬមិនពាក់ព័ន្ធនឹងអគារជាប់គាំងមានចំនួន ២៥២ គម្រោងពង្រីកមានចំនួន ២៦ និងគម្រោងមានស្រាប់មានចំនួន ១៥។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានមានប្រសាសន៍ថា ក្រៅពីការផ្តល់ការអនុម័តលើកទឹកចិត្តដល់គម្រោងវិនិយោគ និងធុរកិច្ច ក្រុមការងារបាន និងកំពុងដឹកនាំសម្របសម្រួលការអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ»។
ក្រុមការងារមានតួនាទីជាច្រកចេញចូលតែមួយ ក្នុងការពិនិត្យ និងសម្រេចផ្តល់ការលើកទឹកចិត្តពិសេស ផ្តល់សេវាថែទាំវិនិយោគ បន្តនីតិវិធីផ្តល់ការលើកទឹកចិត្តជាក់ស្តែង ផ្តល់ការប្រឹក្សាយោបល់ និងផ្សព្វផ្សាយព័ត៌មាន ដោយផ្តោតលើភាពសកម្ម រហ័ស និងតម្លាភាព។ ការងារនេះមានគោលដៅជំរុញការវិនិយោគលើគម្រោងអគារជាប់គាំង និងគម្រោងក្នុងវិស័យឧស្សាហកម្ម កសិកម្ម និងទេសចរណ៍ តាមរយៈកិច្ចសហការរវាងក្រសួង ស្ថាប័ន និងរដ្ឋបាលខេត្តព្រះសីហនុ។
សម្រាប់ការងារបន្ត ក្រុមការងារនឹងរៀបចំរបាយការណ៍វាយតម្លៃលើការបន្តអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ក្នុងឆ្នាំ២០២៦ ចងក្រងឯកសារសំខាន់ៗដែលក្រុមការងារ និងអង្គភាពពាក់ព័ន្ធបានរៀបចំក្នុងរយៈពេល៣ឆ្នាំ ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦ ព្រមទាំងផលិតវីដេអូបង្ហាញលទ្ធផលការងារក្នុងរយៈពេលនេះ។
ក្រុមការងារក៏នឹងធ្វើបច្ចុប្បន្នភាពស្ថានភាពគម្រោងដែលបានទទួលគោលការណ៍លើកទឹកចិត្ត ដើម្បីតាមដានវឌ្ឍនភាពនៃការអនុវត្ត និងដោះស្រាយបញ្ហាប្រឈមឱ្យបានទាន់ពេលវេលា សំដៅធានាប្រសិទ្ធភាពនៃការជំរុញការវិនិយោគ ស្របតាមគោលដៅនៃកម្មវិធីពិសេស។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យបានស្នើឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធបន្តសហការ និងអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ដើម្បីជំរុញការវិនិយោគ និងលើកកម្ពស់ការអភិវឌ្ឍក្នុងខេត្តព្រះសីហនុ តាមរយៈការរួមគ្នាដោះស្រាយបញ្ហាជាកញ្ចប់ ដោយផ្តល់អាទិភាពដល់ផលប្រយោជន៍រួម។
ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានអំពាវនាវដល់ធុរជន និងវិនិយោគិនដែលមានចំណាប់អារម្មណ៍ ឱ្យដាក់ពាក្យ ឬស្នើសុំការគាំទ្រពីក្រុមការងារដោយឥតគិតថ្លៃ ដើម្បីទទួលបានការលើកទឹកចិត្តពិសេស ការសម្របសម្រួល និងការសម្រួលនីតិវិធី៕
អត្ថបទ៖ ប៊ី








