ផ្សារមូលបត្រកម្ពុជា បំបែកកំណត់ត្រាប្រវត្តិសាស្ត្រ តម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃកើនដល់ ១.៤៥ លានដុល្លារ

សកម្មភាពជួញដូរនៅផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងយ៉ាងខ្លាំងនៅក្នុងខែកញ្ញា ឆ្នាំ២០២៦ ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃបានឈានដល់ ៥.៨ ពាន់លានរៀល ឬប្រមាណ ១.៤៥ លានដុល្លារអាម៉េរិក ដែលជាកម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ទីផ្សារ។ នេះបើយោងតាមរបាយការណ៍របស់ផ្សារមូលបត្រកម្ពុជា ចេញផ្សាយនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦។

កំណត់ត្រាថ្មីនេះ កើនឡើងប្រមាណ ៦៣% បើធៀបនឹងកំណត់ត្រាចាស់ដែលសម្រេចបាននៅខែមេសា ឆ្នាំ២០២២ ដោយពេលនោះតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃមាន ៣.៦ ពាន់លានរៀល ឬប្រមាណ ០.៨៩ លានដុល្លារអាម៉េរិក។ ទន្ទឹមនឹងនេះ បរិមាណជួញដូរ និងសកម្មភាពដាក់បញ្ជាក៏បានកើនឡើងដល់កម្រិតខ្ពស់បំផុតផងដែរ។

ក្នុងខែកញ្ញា ចំនួនការដាក់បញ្ជាជាមធ្យមប្រចាំថ្ងៃបានកើនដល់ជាង ១.២ ម៉ឺនបញ្ជា ខណៈចំនួនភាគហ៊ុនជាមធ្យមជិត ៧.៥ លានភាគហ៊ុន ត្រូវបានដាក់បញ្ជាលើទីផ្សារជារៀងរាល់ថ្ងៃ។

ជាមួយគ្នានេះ សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានកើនដល់ ៦៥០.៦២ ពិន្ទុ ឬកើនឡើង ២០.២៦% ក្នុងខែកញ្ញា ដែលត្រូវបានឆ្លុះបញ្ចាំងតាមរយៈការកើនឡើងនៃសកម្មភាពទីផ្សារ និងការចូលរួមរបស់វិនិយោគិន។

ចំនួនគណនីជួញដូរថ្មីក៏បានកើនឡើងដល់កម្រិតខ្ពស់បំផុតផងដែរ ដោយក្នុងខែកញ្ញា មានគណនីថ្មីចំនួន ៤.១៦២ គណនី ត្រូវបានបើក។ ចំនួននេះបានបំបែកកំណត់ត្រាចាស់ចំនួន ៤.០៣៤ គណនី ដែលសម្រេចបាននៅខែកញ្ញា ឆ្នាំ២០១៨។

នៅក្នុងរយៈពេលដូចគ្នា ចំនួនវិនិយោគិនសកម្មបានកើនឡើងដល់កម្រិតខ្ពស់បំផុតចំនួន ៩.៨០៦ នាក់ ដែលបង្ហាញពីការបន្តចូលរួមរបស់ទាំងវិនិយោគិនថ្មី និងវិនិយោគិនដែលមានស្រាប់។

តាមផ្សារមូលបត្រកម្ពុជា ការកើនឡើងនៃតម្លៃ និងបរិមាណជួញដូរដល់កម្រិតប្រវត្តិសាស្ត្រថ្មីនេះ ឆ្លុះបញ្ចាំងពីការចូលរួម និងជំនឿទុកចិត្តរបស់វិនិយោគិនលើទីផ្សារ។

ផ្សារមូលបត្រកម្ពុជាបានចាត់ទុកការបន្តចូលរួមរបស់វិនិយោគិនជាកម្លាំងស្នូលសម្រាប់ការអភិវឌ្ឍទីផ្សារមូលបត្រឱ្យកាន់តែរឹងមាំ និងជាមូលដ្ឋានសម្រាប់ការបង្កើនប្រភពទុនសម្រាប់សហគ្រាសក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times