សន្តិភាព និងស្ថិរភាព ជំរុញឱ្យ G Adventures ជ្រើសកម្ពុជា រៀបចំ GX Summit 2026

ភ្នំពេញ៖ កត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ បានជំរុញឱ្យក្រុមហ៊ុន G Adventures សម្រេចជ្រើសរើសកម្ពុជា ជាទីតាំងរៀបចំមហាសន្និបាតប្រតិបត្តិករទេសចរណ៍ពិភពលោក GX Summit 2026។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ និងអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើក «ពិព័រណ៍វត្តភ្នំ» នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ដោយមានការចូលរួមពីគណៈប្រតិភូ GX Summit 2026 ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ព្រមទាំងប្រជាពលរដ្ឋជាច្រើនកុះករ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ហួត ហាក់ បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណដល់លោក Bruce Poon Tip ស្ថាបនិកក្រុមហ៊ុន G Adventures និងសហការី ដែលបានផ្តល់ទំនុកចិត្ត និងសម្រេចជ្រើសរើសព្រះរាជាណាចក្រកម្ពុជា ជាទីតាំងរៀបចំមហាសន្និបាតប្រតិបត្តិករទេសចរណ៍ពិភពលោក GX Summit 2026។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការជ្រើសរើសកម្ពុជាធ្វើឡើងដោយផ្អែកលើមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ ដែលធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ និងបដិសណ្ឋារកិច្ចល្អ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិពីគ្រប់ទិសទី។

ទន្ទឹមនេះ ឯកឧត្តម ហួត ហាក់ បានបញ្ជាក់ថា កម្ពុជាមិនមែនមានត្រឹមតែភាពអស្ចារ្យនៃប្រាសាទអង្គរវត្ត និងបុរាណដ្ឋាននានានៅខេត្តសៀមរាបប៉ុណ្ណោះទេ ប៉ុន្តែលើសពីប្រាសាទ កម្ពុជាអាចផ្តល់ជូនភ្ញៀវទេសចរនូវបទពិសោធន៍ទេសចរណ៍ពិសេសជាច្រើន។

បទពិសោធន៍ទាំងនោះ រួមមានភាពរួសរាយរាក់ទាក់ និងភាពស្មោះត្រង់របស់ប្រជាជន ដែលពិភពលោកបានស្គាល់តាមរយៈ «ស្នាមញញឹមខ្មែរ» ម្ហូបអាហារដ៏សម្បូរបែប និងឆ្ងាញ់ពិសារ ព្រមទាំងសិល្បៈ វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ដ៏យូរលង់ ដែលជាផ្នែកនៃអត្តសញ្ញាណខ្មែរ និងមានភាពជាក់ស្តែងដ៏ពិសេស (Authenticity)។

រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ដែលជាទីតាំងរៀបចំពិធីបើក «ពិព័រណ៍វត្តភ្នំ» ត្រូវបានលើកឡើងថា ជាបេះដូង និងជានិមិត្តរូបនៃប្រវត្តិសាស្ត្រ វប្បធម៌ និងអត្តសញ្ញាណដ៏រុងរឿងរបស់រាជធានីភ្នំពេញ។

ការរៀបចំ GX Summit 2026 នៅកម្ពុជា ក៏ជាឱកាសមួយសម្រាប់បង្ហាញពីសក្តានុពល និងភាពសម្បូរបែបនៃផលិតផល និងបទពិសោធន៍ទេសចរណ៍កម្ពុជាទៅកាន់ប្រតិបត្តិករទេសចរណ៍ និងភ្ញៀវអន្តរជាតិដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times