គម្រោងវិនិយោគ ៦ តម្លៃជិត ៨៩ លានដុល្លារ ត្រូវបាន CDC ពិនិត្យនៅកិច្ចប្រជុំច្រកចេញ-ចូលតែមួយ

ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៦គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៨៩ លានដុល្លារអាម៉េរិក និងអាចបង្កើតឱកាសការងារជាង ១,០០០កន្លែង។

ការពិនិត្យនេះធ្វើឡើងក្នុងកិច្ចប្រជុំ «ច្រកចេញ-ចូលតែមួយ» លើកទី៩ ក្នុងឆ្នាំ២០២៦ កាលពីព្រឹកថ្ងៃទី២២ ខែកញ្ញា នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រោមអធិបតីភាពឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលខេត្តពាក់ព័ន្ធ។

គម្រោងវិនិយោគទាំង ៦ ផ្តោតលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ឧស្សាហកម្ម ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធ។

ក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម មាន ២គម្រោង រួមមាន គម្រោងបង្កើតរោងចក្រកែច្នៃកៅស៊ូ និងគម្រោងបង្កើតកសិដ្ឋានចិញ្ចឹមមាន់ និងរោងចក្រកែច្នៃ។

វិស័យឧស្សាហកម្មមាន ១គម្រោង គឺគម្រោងបង្កើតរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះពីលោហធាតុ។

សម្រាប់វិស័យទេសចរណ៍ មាន ១គម្រោង គឺគម្រោងបង្កើតរមណីយដ្ឋានទេសចរណ៍ថ្នាក់កែច្នៃ និងសិប្បកម្មផលិតវត្ថុសិល្បៈ។

ចំណែកវិស័យហេដ្ឋារចនាសម្ព័ន្ធមាន ២គម្រោង រួមមាន គម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ១០០ មេហ្គាវ៉ាត់ និងគម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ២៧ មេហ្គាវ៉ាត់។

តាម CDC គម្រោងទាំង ៦ មានទុនវិនិយោគសរុបប្រមាណ ៨៩ លានដុល្លារអាម៉េរិក និងអាចបង្កើតឱកាសការងារបានប្រមាណជាង ១,០០០កន្លែង៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times