អ្នកឧកញ៉ាវ័យក្មេង សំ សុខនឿន ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនខ្មែរអន្តរជាតិ KH Haitech-Haier Global Business ជាប់ឆ្នោតជាសមាជិកជ្រើសតាំង សភាពាណិជ្ជកម្មរាជធានីភ្នំពេញ

ចូលរួម​អបអរ​ដល់​អ្នកឧកញ៉ា​វ័យ​ក្មេង សំ សុខនឿន ដែល​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​ក្រុមហ៊ុន​ខ្មែរ​អន្តរជាតិ KH Haitech-Haier Global Business បាន​ជាប់​ឆ្នោត​ជា​សមាជិក​ជ្រើស​តាំង​ថ្មី​របស់​សភា​ពាណិជ្ជកម្ម​រាជធានី​ភ្នំពេញ។

តាមដានជាមួយយើង៖ Million Times

អ្នកឧកញ៉ា ​វ័យ​ក្មេង សំ សុខនឿន ស្ថិត​ក្នុង​ចំណោម​បេក្ខភាព ៧ រូប ជាប់​ឆ្នោត​ជា​សមាជិក​ជ្រើស​តាំង​សភា​ពាណិជ្ជកម្មរាជធានីភ្នំពេញ អាណត្តិទី៥។ បើ​ទោះ​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​ក្រុមហ៊ុន​ខ្មែរ​អន្តរជាតិ KH Haitech-Haier Global Business មមាញឹក​នឹង​មុខ​ជំនួញ​យ៉ាង​ណា​ក៏​ដោយ អ្នក​ឧកញ៉ា​ដែល​មាន​ប្រភព​មកពី​ត្បូង​ឃ្មុំ​រូប​នេះ នៅតែ​ចូលរួម​ក្នុង​កិច្ចការ​ជួយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ។

អ្នកឧកញ៉ា គិត ម៉េង បានសម្តែងការអបអរសាទរ និង​កោត​សរសើរ​ចំពោះ​សមាជិក​ជ្រើសតាំង​ថ្មី​ទាំង ៧ រូប ដោយលើកឡើងថា ពួកគេមានចំណេះដឹង សមត្ថភាព បទពិសោធន៍ និង​ធនធាន ដែល​អាច​ចូលរួមចំណែកក្នុងការពង្រឹងវិស័យឯកជន និង​ការងារ​របស់​សភា​ពាណិជ្ជកម្ម​រាជធានី​ភ្នំពេញ និង​សភាពាណិជ្ជកម្មកម្ពុជា។

ប្រធាន​ក្រុម​ប្រឹក្សាភិបាលនៃក្រុមហ៊ុនខ្មែរអន្តរជាតិ KH Haitech-Haier Global Business អ្នក​ឧកញ៉ា វ័យក្មេង សំ សុខនឿន បាន​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​កៀរគរ​រក​វិនិយោគិន​បរទេស មក​បណ្ដាក់​ទុន​រកស៊ី​នៅ​ក្នុង​ប្រទេស​កម្ពុជា។

គួរ​បញ្ជាក់​ផង​ដែរ​ថា សភា​ពាណិជ្ជកម្ម​កម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៥ ដោយ​មាន​ទំនាក់ទំនង​នៅ​ទូទាំង​ប្រទេស ព្រម​ទាំង​ដៃ​គូ​កម្រិត​តំបន់ និង​ពិភពលោក។ បច្ចុប្បន្ន សភា​ពាណិជ្ជកម្ម​កម្ពុជា មាន​សភា​ពាណិជ្ជកម្ម រាជធានី-ខេត្ត សរុប១៨ ស្ថិត​ក្រោម​សភាពាណិជ្ជកម្ម​កម្ពុជា។

ក្នុង​នោះ​ សភាពាណិជ្ជកម្ម ជាស្ថាប័នមួយមិន​សំដៅ​រក​ប្រាក់ចំណេញ ដែល​សមាជិក​ភាព​មាន​លក្ខណៈ​ស្ម័គ្រចិត្ត និង​ជា​ស្ថាប័ន​តំណាង​ការពារ​ផល​ប្រយោជន៍​ជូន​វិស័យ​ឯកជន​លើ​ផ្នែក​ពាណិជ្ជកម្ម ឧស្សាហកម្ម សិប្បកម្ម សេវាកម្ម និងកសិកម្ម ដោយធ្វើសកម្មភាពបម្រើឲ្យសេដ្ឋកិច្ចជាតិ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន និង​នៅ​ទូទាំង​ប្រទេស៕

អត្ថបទ៖ ឆដា, រូបភាព៖ ផ្ដល់ឲ្យ