កូឡំបូ ស្រីលង្កា៖ ឯកឧត្ដមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) បានដឹកនាំគណៈប្រតិភូជួបពិភាក្សាការងារដាច់ដោយឡែកជាមួយថ្នាក់ដឹកនាំធនាគារកណ្ដាលស្រីលង្កា និងធនាគារ DFCC Bank ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យហិរញ្ញវត្ថុបៃតង និងហិរញ្ញវត្ថុប្រកបដោយចីរភាព។
ក្នុងជំនួបនៅទីក្រុងកូឡំបូ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត កៅ ថាច បានជួបលោកបណ្ឌិត P. Nandalal Weerasinghe ទេសាភិបាលធនាគារកណ្ដាលស្រីលង្កា និងលោក Thimal Perera អគ្គនាយកធនាគារ DFCC Bank។
គណៈប្រតិភូដែលដឹកនាំដោយឯកឧត្ដមបណ្ឌិត កៅ ថាច ក៏មានលោក Enrique I. Florencio អគ្គលេខាធិការ ADFIAP និងសហការីចូលរួមផងដែរ។
ក្នុងកិច្ចពិភាក្សា ឯកឧត្ដមបណ្ឌិត កៅ ថាច បានលើកឡើងពីតួនាទីរបស់ ADFIAP ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ជាពិសេសនៅពេលដែលហិរញ្ញវត្ថុប្រកបដោយចីរភាព និងហិរញ្ញវត្ថុបៃតងកំពុងទទួលបានការយកចិត្តទុកដាក់កាន់តែខ្លាំង។
ក្នុងនាមជាអគ្គនាយក ARDB ឯកឧត្ដមបណ្ឌិតបានបង្ហាញពីការប្តេជ្ញាចិត្ត និងការចូលរួមយ៉ាងសកម្មរបស់ធនាគារ ក្នុងការជំរុញយន្តការផ្ដល់ហិរញ្ញប្បទានបៃតងនៅកម្ពុជា។
យោងតាម ARDB ការងារសំខាន់ៗរួមមានការគាំទ្រឥណទានដល់វិស័យកសិកម្មវៃឆ្លាតធន់នឹងអាកាសធាតុ (Climate-Smart Agriculture) ការលើកទឹកចិត្តខ្សែច្រវាក់ផលិតកម្មកសិ-ឧស្សាហកម្មឱ្យងាកមកប្រើប្រាស់ថាមពលកកើតឡើងវិញ និងការធ្វើជាស្ពានសម្រាប់ទាក់ទាញប្រភពទុនបៃតងអន្តរជាតិ។
កិច្ចការទាំងនេះមានគោលដៅគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចបៃតងរបស់កម្ពុជាឱ្យមានចីរភាព និងបរិយាបន្ន តាមរយៈការពង្រីកប្រភពហិរញ្ញប្បទាន និងការជំរុញការវិនិយោគដែលគិតគូរពីបរិស្ថាន និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ៕
អត្ថបទ៖ ប៊ី





