ក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍ ដាក់ដំណើរការគេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ដើម្បីពង្រឹងការផ្សព្វផ្សាយព័ត៌មានក្នុងយុគសម័យឌីជីថល

នាព្រឹកថ្ងៃ ២១ ខែកញ្ញា ឆ្នាំ ២០២៦ នេះ ក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានដាក់​ឲ្យ​ដំណើរការជាផ្លូវការនូវគេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ដើម្បី​ពង្រឹង​ការ​ផ្សព្វផ្សាយព័ត៌មានពីមូលដ្ឋានទៅកាន់សាធារណជន និង​បង្កើន​វត្តមាន​របស់​ស្ថាប័ន​ព័ត៌មាន​រដ្ឋ នៅ​លើ​ប្រព័ន្ធ​ឌីជីថល ស្រប​តាម​ការ​រីកចម្រើន​បច្ចេកវិទ្យា និង​តម្រូវ​ការ​ទទួល​បន​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ។

តាមដានជាមួយយើង៖ Million Times

ការ​ដាក់​ឲ្យ​ប្រើប្រាស់ជាផ្លូវការនេះ ធ្វើឡើង​ក្រោមអធិបតីភាពលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ ការដាក់​ឲ្យ​ដំណើរ​ការ​គេហទំព័រ​មន្ទីរព័ត៌មាន​រាជធានី-ខេត្ត គឺជា​ផ្នែក​មួយ​នៃ​ការ​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន នៅ​ថ្នាក់​មូលដ្ឋាន តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រាប់ប្រមូល រៀបចំ និង​ផ្សព្វផ្សាយ​ព័ត៌មាន​ឲ្យ​បាន​ទូលំទូលាយ រហ័ស និង​មានប្រសិទ្ធភាព។

គេហទំព័រទាំងនេះ នឹងក្លាយជាច្រកព័ត៌មានឌីជីថលសម្រាប់ផ្សព្វផ្សាយសកម្មភាពការងារ សមិទ្ធផល និង​ព័ត៌មានសំខាន់ៗនៅតាមរាជធានី-ខេត្ត ព្រមទាំង​ជួយ​សម្រួល​ដល់​ការ​ផ្សារ​ភ្ជាប់​ព័ត៌មាន​ពី​មូលដ្ឋានទៅកាន់សាធារណជន។ ការពង្រឹងវត្តមានព័ត៌មាននៅលើប្រព័ន្ធអនឡាញ ក៏នឹងរួមចំណែកដល់ការផ្តល់ព័ត៌មានផ្លូវការដែលមានភាពទាន់ពេលវេលា ច្បាស់លាស់ និងងាយស្រួលសម្រាប់សាធារណជន។

ការ​បង្កើត​វេទិកាឌីជីថលសម្រាប់មន្ទីរព័ត៌មានរាជធានី-ខេត្ត ក៏​បង្ហាញ​ពី​ការ​សម្របខ្លួន​របស់​វិស័យ​ព័ត៌មាន​ទៅ​នឹងការរីកចម្រើននៃបច្ចេកវិទ្យា និងការផ្លាស់ប្តូររបៀបទទួលព័ត៌មានរបស់សាធារណជន ដែលកាន់តែពឹងផ្អែកលើប្រព័ន្ធអនឡាញ និងបណ្តាញឌីជីថល។

ជាមួយគ្នានេះ ការដាក់ឱ្យដំណើរការគេហទំព័រនេះ ក៏​ជា​លទ្ធផល​នៃ​កិច្ច​សហការ​រវាង​ក្រសួង​ព័ត៌មាន និង​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធ និង​បច្ចេកវិទ្យា​ឌីជីថល ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធព័ត៌មាននៅថ្នាក់មូលដ្ឋាន និង​បង្កើន​ប្រសិទ្ធភាព​ការងារក្នុងវិស័យព័ត៌មាន៕

អត្ថបទ៖ ឆដា, រូបភាព៖ អ៊ីនធឺណិត