កសិករ ៣៤៩ គ្រួសារនៅបន្ទាយមានជ័យ និងបាត់ដំបង ចុះកិច្ចសន្យាផ្គត់ផ្គង់ស្រូវក្នុងតម្លៃ ១,២ លានដុល្លារ

ភ្នំពេញ៖ កសិករ ៣៤៩ គ្រួសារ មកពីសហគមន៍កសិកម្មទំនើបចំនួន ២ នៅខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង បានចុះកិច្ចព្រមព្រៀងផលិតកម្មកសិកម្មតាមកិច្ចសន្យា ដើម្បីផ្គត់ផ្គង់ស្រូវជិត ៥,០០០ តោន ក្នុងទំហំទឹកប្រាក់ប្រមាណ ១,២ លានដុល្លារ ជាមួយក្រុមហ៊ុន បៃតងកម្ពុជា។

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី២១ ខែកញ្ញា នេះថា កសិករចំនួន ៣៤៩ គ្រួសារ មកពីសហគមន៍កសិកម្មទំនើបដំណាំស្រូវព្រះនេត្រព្រះមានជ័យ និងសហគមន៍កសិកម្មទំនើបស្រូវអង្ករសុវត្ថិភាពស្រុកឯកភ្នំ បានរួមគ្នាចុះកិច្ចព្រមព្រៀងផលិតកម្មកសិកម្មតាមកិច្ចសន្យា លើផ្ទៃដីសរុប ១ ៥១៧ ហិកតា។

កិច្ចសន្យានេះមានគោលបំណងផ្គត់ផ្គង់ស្រូវផ្ការំដួល ស្រូវសែនក្រអូប និងស្រូវស្រង៉ែស្រាល ដោយកំណត់តម្លៃផ្អែកលើតម្លៃទីផ្សារជាក់ស្តែង និងមានការផ្តល់បុព្វលាភ ឬប្រាក់លើកទឹកចិត្តបន្ថែមពី ៣០ ទៅ ៦០ រៀល ក្នុងមួយគីឡូក្រាម។

ឯកឧត្តម ឃឹម ហ្វីណង់ បានបន្តថា តាមរយៈការសម្របសម្រួលតភ្ជាប់ទីផ្សារទុកជាមុនពីក្រសួងកសិកម្ម កសិករដែលជាសមាជិកសហគមន៍កសិកម្មទំនើប នឹងទទួលបានអត្ថប្រយោជន៍សំខាន់ៗ រួមមានការទទួលបានតម្លៃសមរម្យ និងការការពារពីហានិភ័យទីផ្សារ។

ក្រៅពីនេះ កសិករក៏អាចទទួលបានធាតុចូលកសិកម្ម ដូចជា ពូជ ជី និងថ្នាំ ដែលមានគុណភាពខ្ពស់ក្នុងតម្លៃទាបជាងទីផ្សារ ព្រមទាំងទទួលបានទុនបង្វិលក្នុងអត្រាការប្រាក់ទាបពេញមួយរដូវកាលផលិតកម្ម។

កិច្ចសន្យាផ្គត់ផ្គង់ស្រូវនេះ ត្រូវបានចាត់ទុកជាការតភ្ជាប់រវាងផលិតកម្មរបស់សហគមន៍កសិកម្មទំនើប និងទីផ្សារ ដោយផ្តល់ឱ្យកសិករនូវទីផ្សារទុកជាមុនសម្រាប់ផលិតផលស្រូវរបស់ពួកគេ៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times