CDC៖ ស្វាយរៀង-បាវិតកាន់តែមានសក្តានុពលជាមូលដ្ឋានសេដ្ឋកិច្ច និងឧស្សាហកម្មរបស់កម្ពុជា

ស្វាយរៀង៖ ការរីកចម្រើននៃសហគមន៍វិនិយោគនៅខេត្តស្វាយរៀង និងក្រុងបាវិត កំពុងជំរុញតំបន់នេះឱ្យក្លាយជាមូលដ្ឋានសេដ្ឋកិច្ច និងឧស្សាហកម្មដ៏មានសក្តានុពលរបស់កម្ពុជា ដោយចូលរួមជំរុញកំណើនសេដ្ឋកិច្ច ការបង្កើតការងារ ការបង្កើនការនាំចេញ និងការធ្វើពិពិធកម្មមូលដ្ឋានផលិតកម្មរបស់ប្រទេស។

ការលើកឡើងនេះធ្វើឡើងដោយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្នុងពិធីជួបជុំពិសារអាហារសាមគ្គីនៃសមាគមសហគ្រាសវិនិយោគបរទេស និងពិធីអបអរសាទរបុណ្យសែនព្រះខែ នៅតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦។

ពិធីនេះមានគោលបំណងបង្កើនភាពស្និទ្ធស្នាល ចែករំលែកបទពិសោធន៍ និងព័ត៌មានវិនិយោគថ្មីៗ ព្រមទាំងពង្រឹងទំនាក់ទំនង និងសាមគ្គីភាពរវាងសហគ្រាសវិនិយោគនៅកម្ពុជា ជាពិសេសសហគ្រាសដែលកំពុងប្រតិបត្តិការនៅខេត្តស្វាយរៀង និងក្រុងបាវិត។

ឯកឧត្តម ជា វុទ្ធី បានគូសបញ្ជាក់ថា ការរីកចម្រើននៃសហគមន៍វិនិយោគនៅខេត្តស្វាយរៀង និងក្រុងបាវិត នាពេលបច្ចុប្បន្ន បាននិងកំពុងប្រែក្លាយតំបន់នេះទៅជាតំបន់សេដ្ឋកិច្ច និងឧស្សាហកម្មដ៏មានសក្តានុពលមួយរបស់កម្ពុជា។

ឯកឧត្តម បានបញ្ជាក់ថា ការរីកចម្រើននេះមានសារៈសំខាន់ចំពោះការជំរុញកំណើនសេដ្ឋកិច្ច ការបង្កើតការងារ ការបង្កើនការនាំចេញ និងការធ្វើពិពិធកម្មមូលដ្ឋានផលិតកម្មរបស់កម្ពុជា។

តាមការលើកឡើងរបស់ឯកឧត្តម ជា វុទ្ធី ការរីកចម្រើននៃតំបន់នេះក៏ជាសក្ខីភាពនៃការដាក់ចេញកម្មវិធីអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។

ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តដាក់ចេញនូវគោលនយោបាយ វិធានការកែទម្រង់ ការបន្តកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងការសម្រួលនីតិវិធីរដ្ឋបាល ដើម្បីកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា។

ក្នុងការផ្តល់កិច្ចសម្រួលដល់វិនិយោគិន ឯកឧត្តមអគ្គលេខាធិការបានគូសបញ្ជាក់សារជាថ្មីពីការអនុវត្តអភិក្រម ៣ របស់ CDC រួមមាន ការកាត់បន្ថយពេលវេលា ការកាត់បន្ថយចំណាយ និងការកាត់បន្ថយរចនាសម្ព័ន្ធគ្រប់គ្រង និងប្រតិបត្តិការ។

CDC ក៏បន្តធ្វើសាមញ្ញនីតិវិធីរដ្ឋបាល ការនាំចេញ-នាំចូល និងការសម្រួលពាណិជ្ជកម្ម តាមរយៈយន្តការច្រកចេញចូលតែមួយ ដើម្បីសម្រួលដល់សកម្មភាពរបស់វិនិយោគិន និងសហគ្រាស។

ឯកឧត្តម ជា វុទ្ធី ក៏បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ និងកិច្ចសហការដ៏ជិតស្និទ្ធរវាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី ដែលបានចូលរួមផ្តល់បរិយាកាសកក់ក្តៅជូនវិនិយោគិន។

ក្នុងន័យនេះ ឯកឧត្តម បានស្នើឱ្យវិនិយោគិនយកចិត្តទុកដាក់លើកិច្ចការសំខាន់ចំនួនបី គឺការការពារបរិស្ថាន ទំនួលខុសត្រូវសង្គម និងអភិបាលកិច្ចល្អ តាមរយៈការគោរពច្បាប់ និងការបង់ពន្ធជូនរដ្ឋ។

ឯកឧត្តម បានបញ្ជាក់ថា ការបង់ពន្ធជូនរដ្ឋនឹងជួយឱ្យរដ្ឋមានលទ្ធភាពបន្តកសាងហេដ្ឋារចនាសម្ព័ន្ធ និងបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីផ្តល់សេវាជូនវិនិយោគិនវិញ។

ពិធីជួបជុំនេះក៏ជាឱកាសសម្រាប់សហគមន៍វិនិយោគរួមគ្នាអបអរសាទរបុណ្យសែនព្រះខែ (Mid-Autumn Festival) ដែលជាប្រពៃណីតំណាងឱ្យការជួបជុំ ក្តីស្រឡាញ់ និងភាពសុខដុមរមនា។

ការជួបជុំបានរួមចំណែកពង្រឹងទំនាក់ទំនង និងសាមគ្គីភាពក្នុងសហគមន៍វិនិយោគ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ដើម្បីរួមគ្នាចូលរួមក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

នៅចុងបញ្ចប់ ឯកឧត្តម ជា វុទ្ធី បានជូនពរដល់វិនិយោគិន និងដៃគូធុរកិច្ចទាំងអស់ឱ្យទទួលបានសេចក្តីសុខ សុភមង្គល សុខភាពល្អបរិបូរណ៍ និងជោគជ័យកាន់តែធំធេងក្នុងការវិនិយោគ ព្រមទាំងសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងសហគមន៍វិនិយោគនឹងកាន់តែរឹងមាំ និងរួមចំណែកបន្ថែមទៀតដល់ការអភិវឌ្ឍប្រទេសកម្ពុជា៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times