ភ្នំពេញ៖ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងឥណ្ឌូនេស៊ីបានកើនដល់ ៩៣៥ លានដុល្លារអាម៉េរិក ក្នុងរយៈពេល ៨ ខែ ដើមឆ្នាំ ២០២៦ កើនឡើងប្រមាណ ៣៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។
តួលេខនេះត្រូវបានលើកឡើងដោយឯកឧត្តម កឹម ស៊ីថន រដ្ឋមន្ត្រីស្តីទីក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងពិធីសម្ពោធព្រឹត្តិការណ៍ «សួស្ដីឥណ្ឌូនេស៊ី ២០២៦» កាលពីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ឯកឧត្តម កឹម ស៊ីថន បានគូសបញ្ជាក់ថា ឥណ្ឌូនេស៊ីជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជា ដោយទំហំពាណិជ្ជកម្មទ្វេភាគីបានកើនលើស ១ពាន់លានដុល្លារអាម៉េរិក ទាំងក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥។
សម្រាប់រយៈពេល ៨ខែដើមឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរបានឈានដល់ ៩៣៥ លានដុល្លារអាម៉េរិក ដែលជាកំណើនប្រមាណ ៣៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។
ឯកឧត្តមរដ្ឋមន្ត្រីស្តីទីក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការបន្តពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូនេស៊ី ព្រមទាំងជំរុញអន្តរកម្មរវាងវិនិយោគិននៃប្រទេសទាំងពីរ ដើម្បីស្វែងរកឱកាសថ្មីៗ និងពង្រីកពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ។
ព្រឹត្តិការណ៍ «សួស្ដីឥណ្ឌូនេស៊ី ២០២៦» ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងឥណ្ឌូនេស៊ី ជាពិសេសផ្ដល់ឱកាសដល់វិស័យឯកជនក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធនឹងអាជីវកម្ម និងការវិនិយោគ។
ព្រឹត្តិការណ៍នេះក៏មានគោលបំណងលើកកម្ពស់ការផ្លាស់ប្ដូរវប្បធម៌ទៅវិញទៅមករវាងប្រទេសទាំងពីរ និងជំរុញការចែករំលែកបទពិសោធន៍រវាងភាគីពាក់ព័ន្ធ។
ពិធីសម្ពោធព្រឹត្តិការណ៍នេះមានការចូលរួមពីលោក គ្រីស្នាហ្ស៊ី ផាតាឌីរ៉េហ្សា (Krishnajie Partadireja) ភារធារីនៃស្ថានទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអង្គទូត និងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប៕
អត្ថបទ៖ ប៊ី







