
ភ្នំពេញ៖ ក្រសួងផែនការ និងអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានរៀបចំសិក្ខាសាលាផ្ទៀងផ្ទាត់ថ្នាក់ជាតិលើសេចក្តីព្រាងយុទ្ធសាស្ត្រអន្តរកាលដោយរលូន (Smooth Transition Strategy – STS) ដោយកំណត់សសរស្តម្ភយុទ្ធសាស្ត្រចំនួន ៥ សម្រាប់ត្រៀមខ្លួនដោះស្រាយបញ្ហាប្រឈម និងរក្សាចីរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច ក្រោយកម្ពុជាចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៩។
សិក្ខាសាលានេះធ្វើឡើង កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារ សាន់ & មូន រីវើសាយ ក្រោមអធិបតីភាពឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការចាកចេញរបស់កម្ពុជាពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួច ដោយមានការចូលរួមពីលោកស្រី វ្ល៉ាដាន់កា អាន់ឌ្រេវ៉ា (Vladanka Andreeva) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា ព្រមទាំងតំណាងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន សមាគមពាណិជ្ជកម្ម និងភាគីពាក់ព័ន្ធជាច្រើនទៀត។
គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីពិនិត្យ និងផ្ទៀងផ្ទាត់ជាលើកចុងក្រោយលើសេចក្តីព្រាងយុទ្ធសាស្ត្រ STS ឱ្យមានភាពគ្រប់ជ្រុងជ្រោយ ត្រឹមត្រូវ អាចអនុវត្តបាន និងឆ្លើយតបទៅនឹងអាទិភាពនៃការអភិវឌ្ឍជាតិ ក្នុងដំណើរឆ្ពោះទៅរកការចាកចេញពី LDC។
ក្នុងសុន្ទរកថាបើកសិក្ខាសាលា ឯកឧត្តម ប៊ិន ត្រឈៃ បានគូសបញ្ជាក់ថា ការចាកចេញរបស់កម្ពុជាពីចំណាត់ថ្នាក់ LDC នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៩ នឹងក្លាយជារបត់ប្រវត្តិសាស្ត្រថ្មីមួយរបស់ប្រទេស ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ការចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងការគាំទ្រពីស្ថាប័ន អង្គការសហប្រជាជាតិ ព្រមទាំងដៃគូអភិវឌ្ឍន៍។
ឯកឧត្តម បានលើកឡើងថា កម្ពុជាសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់លើវិស័យសេដ្ឋកិច្ច និងសង្គម ដោយក្នុងអំឡុងឆ្នាំ២០០១ ដល់ឆ្នាំ២០១៩ សេដ្ឋកិច្ចមានកំណើនជាមធ្យមប្រមាណ ៨% ក្នុងមួយឆ្នាំ ធ្វើឱ្យទំហំផលិតផលក្នុងស្រុកសរុប (GDP) កើនឡើងជាង ១០ដង ដល់ ៣៧,២ ពាន់លានដុល្លារអាម៉េរិក។
ក្រោយវិបត្តិកូវីដ-១៩ សេដ្ឋកិច្ចកម្ពុជាបានកើនឡើងជាមធ្យមប្រមាណ ៤,៨% ក្នុងអំឡុងឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ ដែលធ្វើឱ្យទំហំ GDP កើនដល់ប្រមាណ ៥១,៣ ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២៥។ ជាមួយគ្នានេះ សន្ទស្សន៍អភិវឌ្ឍន៍មនុស្សបានកើនដល់ ០,៦០៦ នៅឆ្នាំ២០២៣ អាយុសង្ឃឹមរស់កើនដល់ ៧៦ឆ្នាំ ខណៈអត្រាភាពក្រីក្រថ្នាក់ជាតិបានធ្លាក់ចុះពី ៣៣,៨% នៅឆ្នាំ២០០៩ មកនៅត្រឹម ១៧,៨% នៅឆ្នាំ២០១៩-២០២០។
លើសពីនេះ តាមរយៈការវាយតម្លៃរបស់គណៈកម្មាធិការគោលនយោបាយអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ (CDP) ក្នុងឆ្នាំ២០២១ និងឆ្នាំ២០២៤ កម្ពុជាបានបំពេញតាមលក្ខណៈវិនិច្ឆ័យទាំងបីសម្រាប់ការចាកចេញពី LDC។ ក្នុងនោះ សន្ទស្សន៍ទ្រព្យសម្បត្តិមនុស្សទទួលបាន ៧៧,៨ ពិន្ទុ ខ្ពស់ជាងកម្រិតកំណត់ ៦៦ ពិន្ទុ ខណៈសន្ទស្សន៍ភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងបរិស្ថានទទួលបាន ២៤,១ ពិន្ទុ ទាបជាងកម្រិតកំណត់ ៣២ ពិន្ទុ។
ទោះជាយ៉ាងណា ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការចាកចេញពី LDC មិនមែនជាចំណុចបញ្ចប់នៃដំណើរការអភិវឌ្ឍន៍នោះទេ ប៉ុន្តែជាការចាប់ផ្តើមដំណាក់កាលថ្មី ដែលកម្ពុជាត្រូវត្រៀមខ្លួនទប់ទល់នឹងបញ្ហាប្រឈមនានា ជាពិសេសការបាត់បង់ភាពអនុគ្រោះពាណិជ្ជកម្ម និងការប្រឈមនឹងលក្ខខណ្ឌហិរញ្ញប្បទានតឹងរឹងជាងមុន។
ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមទាំងនេះ កម្ពុជាត្រូវពង្រឹងការប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងទ្វេភាគី ពង្រឹងខ្សែច្រវាក់តម្លៃក្នុងស្រុក ព្រមទាំងបង្កើនការកៀរគរធនធានក្នុងស្រុកសម្រាប់ការអភិវឌ្ឍ។
ឯកឧត្តមបានបញ្ជាក់ថា កម្ពុជាមិនអាចបន្តពឹងផ្អែកលើគំរូអភិវឌ្ឍន៍ចាស់ ដែលផ្អែកលើការនាំចេញផលិតផលប្រើប្រាស់កម្លាំងពលកម្មច្រើន និងភាពអនុគ្រោះពន្ធ ព្រមទាំងហិរញ្ញប្បទានអភិវឌ្ឍន៍ដដែលៗបានទៀតនោះទេ។ ដូច្នេះ កម្ពុជាចាំបាច់ត្រូវធ្វើពិពិធកម្មសេដ្ឋកិច្ច ឆ្ពោះទៅរកឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ បច្ចេកវិទ្យាឌីជីថល កសិឧស្សាហកម្ម និងសេវាកម្មទំនើប ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង និងធានានិរន្តរភាពនៃកំណើនសេដ្ឋកិច្ច។
សេចក្តីព្រាងយុទ្ធសាស្ត្រ STS ត្រូវបានរៀបចំឡើងដោយផ្អែកលើយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដោយផ្តោតលើសសរស្តម្ភយុទ្ធសាស្ត្រចំនួន៥ រួមមាន៖
១. ការពង្រឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការកៀរគរធនធានក្នុងស្រុក។
២. ការអនុគ្រោះពាណិជ្ជកម្ម ការធ្វើពិពិធកម្មភាពប្រកួតប្រជែង និងការលើកកម្ពស់ខ្សែច្រវាក់តម្លៃ។
៣. ការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច ការពង្រឹងសមត្ថភាពផលិតកម្ម និងការអភិវឌ្ឍមូលធនមនុស្ស។
៤. ការអភិវឌ្ឍប្រកបដោយចីរភាព និងការពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។
៥. ការពង្រឹងសមត្ថភាពស្ថាប័ន អភិបាលកិច្ច កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើការអភិវឌ្ឍដែលដាក់ប្រជាជនជាស្នូល និងមិនទុកនរណាម្នាក់ចោល ដោយត្រូវផ្តល់ការគាំទ្រជាក់លាក់ដល់កម្មករនិយោជិត ស្ត្រី ជនមានពិការភាព គ្រួសារក្រីក្រ និងគ្រួសារដែលងាយរងហានិភ័យធ្លាក់ចូលក្នុងភាពក្រីក្រ។
ក្នុងឱកាសនោះ លោកក៏បានអំពាវនាវដល់អ្នកចូលរួមទាំងអស់ផ្តល់មតិយោបល់លើសេចក្តីព្រាងយុទ្ធសាស្ត្រ ដោយផ្តោតលើចំណុចសំខាន់ៗចំនួន៤ រួមមាន ភាពត្រឹមត្រូវនៃទិន្នន័យស្ថិតិ វិសាលភាព និងលទ្ធភាពអនុវត្ត ព្រមទាំងភាពស៊ីសង្វាក់គ្នានៃសសរស្តម្ភយុទ្ធសាស្ត្រ និងវិធានការអាទិភាព ការកំណត់តួនាទីរបស់ក្រសួង ស្ថាប័ន និងដៃគូអភិវឌ្ឍន៍ឱ្យបានច្បាស់លាស់ និងការរៀបចំយន្តការតាមដាន ត្រួតពិនិត្យ វាយតម្លៃ និងរាយការណ៍។
យោងតាមក្រសួងផែនការ បន្ទាប់ពីការផ្ទៀងផ្ទាត់ និងបញ្ចូលធាតុចូលពីភាគីពាក់ព័ន្ធ សេចក្តីព្រាងយុទ្ធសាស្ត្រ STS នឹងត្រូវបញ្ចប់ និងដាក់ជូនគណៈកម្មាធិការជាតិសម្រាប់ការចាកចេញរបស់កម្ពុជាពី LDC និងទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងអនុម័តនៅចុងឆ្នាំ២០២៦។ ចំណែកការអនុវត្តវិធានការអាទិភាពក្នុងដំណាក់កាលដំបូង គ្រោងនឹងធ្វើឡើងក្នុងអំឡុងឆ្នាំ២០២៧ ដល់ឆ្នាំ២០២៩។
សិក្ខាសាលានេះត្រូវបានចាត់ទុកជាជំហានសំខាន់ក្នុងការពង្រឹងភាពជាម្ចាស់ជាតិ និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាថា ការចាកចេញរបស់កម្ពុជាពីចំណាត់ថ្នាក់ LDC ប្រព្រឹត្តទៅដោយរលូន មានភាពធន់ និងចីរភាព ព្រមទាំងបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឱ្យកាន់តែរីកចម្រើន៕
អត្ថបទ៖ ប៊ី









