ភ្នំពេញ៖ គណៈប្រតិភូធុរកិច្ចប្រមាណ ៤៥រូប មកពីសមាគម Shanghai International Cooperation Association of Small and Medium Enterprises នៃទីក្រុងសៀងហៃ ប្រទេសចិន បានអញ្ជើញមកស្វែងយល់ពីបរិយាកាស និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ដោយបង្ហាញចំណាប់អារម្មណ៍លើវិស័យកសិកម្ម កសិឧស្សាហកម្ម និងការកែច្នៃស្វាយចន្ទី។
ក្នុងជំនួបពិភាក្សាការងារនៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានទទួលជួបគណៈប្រតិភូដែលដឹកនាំដោយលោក ឈាន ជិនហ័រ (Qian Zhenhua) ប្រធានសមាគម Shanghai International Cooperation Association of Small and Medium Enterprises ដោយមានការសម្របសម្រួលពីឯកឧត្តមបណ្ឌិត ហេង វុទ្ធី ប្រធានសមាគមសហព័ន្ធជំរុញពាណិជ្ជកម្ម និងវិនិយោគជាតិកម្ពុជា។
ក្នុងជំនួបនេះ ឯកឧត្តម ជា វុទ្ធី បានលើកឡើងពីកំណើនលំហូរវិនិយោគពីប្រទេសចិនមកកម្ពុជា ដែលជាផ្នែកមួយនៃចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងប្រទេសទាំងពីរ។
ទន្ទឹមនេះ ឯកឧត្តមបានស្នើឱ្យសមាគមជួយជំរុញ និងទាក់ទាញវិនិយោគិនចិនឱ្យមកបង្កើតមូលដ្ឋានផលិតកម្មនៅកម្ពុជាបន្ថែមទៀត ជាពិសេសការផលិតវត្ថុធាតុដើម និងទំនិញពាក់កណ្តាលសម្រេច ដើម្បីពង្រឹងស្ថិរភាពខ្សែច្រវាក់ផ្គត់ផ្គង់។ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យវិនិយោគិនពិចារណាលើវិស័យកសិកម្ម និងកសិឧស្សាហកម្ម រួមមានការកែច្នៃជ័រកៅស៊ូ ស្វាយចន្ទី ដំឡូងមី ស្រូវអង្ករ និងឈើដាំ។
ជាការឆ្លើយតប លោក ឈាន ជិនហ័រ បានឱ្យដឹងថា គណៈប្រតិភូដែលមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ សុទ្ធតែជាតំណាងក្រុមហ៊ុនធំៗដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ និងប្រកបអាជីវកម្មក្នុងវិស័យចម្រុះ រួមមាន សំណង់ និងហេដ្ឋារចនាសម្ព័ន្ធ វាយនភណ្ឌ បច្ចេកវិទ្យាកសិកម្ម បច្ចេកវិទ្យាការពារបរិស្ថាន បច្ចេកវិទ្យាឌីជីថល ឧបករណ៍វេជ្ជសាស្ត្រ ភស្តុភារកម្ម និងសេវាកម្មវិនិយោគនិងហិរញ្ញវត្ថុ។
លោកបានបង្ហាញក្តីសង្ឃឹមថា តាមរយៈជំនួបនេះ គណៈប្រតិភូនឹងទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយអំពីសក្តានុពលវិនិយោគនៅកម្ពុជា ដើម្បីបង្កើនទំនុកចិត្ត និងជំរុញការនាំយកវិនិយោគិនពីទីក្រុងសៀងហៃមកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត។
ក្នុងឱកាសនោះ ឯកឧត្តម លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានធ្វើបទបង្ហាញអំពីបរិយាកាសវិនិយោគ របបលើកទឹកចិត្តវិនិយោគ ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស និងឱកាសវិនិយោគក្នុងវិស័យអាទិភាព ជាពិសេសកសិកម្ម និងកសិឧស្សាហកម្ម។
ឯកឧត្តមបានគូសបញ្ជាក់ពីសក្តានុពលរបស់កម្ពុជាក្នុងការវិនិយោគលើការកែច្នៃកសិផល ដោយសារវិស័យនេះមានភាពធន់នឹងវិបត្តិ និងភាពតានតឹងពាណិជ្ជកម្ម ព្រមទាំងមានតម្រូវការខ្ពស់ពីទីផ្សារចិន ដែលជាទីផ្សារដ៏ធំ និងជាដៃគូដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកម្ពុជា។
ក្រោយបទបង្ហាញ គណៈប្រតិភូបានលើកជាសំណួរជាច្រើន ដែលភាគច្រើនផ្តោតលើឱកាសវិនិយោគក្នុងការកែច្នៃស្វាយចន្ទីនៅកម្ពុជា។ ឆ្លើយតបនឹងចំណាប់អារម្មណ៍នេះ ឯកឧត្តម ជា វុទ្ធី បានបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការជំរុញវិស័យកែច្នៃស្វាយចន្ទី តាមរយៈគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសឯកទេសឧស្សាហកម្មកែច្នៃស្វាយចន្ទីនៅខេត្តកំពង់ធំ។
តំបន់សេដ្ឋកិច្ចពិសេសនេះ គ្រោងទទួលបានការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងការលើកទឹកចិត្តពិសេសបន្ថែមលើអ្វីដែលមានចែងក្នុងច្បាប់វិនិយោគ ព្រមទាំងការសម្របសម្រួលក្នុងការផ្តល់ឥណទាន ដើម្បីជំរុញការវិនិយោគលើឧស្សាហកម្មកែច្នៃស្វាយចន្ទីនៅកម្ពុជា៕
អត្ថបទ៖ ប៊ី











