កម្ពុជាចុះកិច្ចព្រមព្រៀងអាកាសចរណ៍ថ្មីជាមួយអារ៉ាប៊ីសាអូឌីត និងអាហ្សង់ទីន ពង្រីកបណ្តាញដល់ ៥០ កិច្ចព្រមព្រៀង

តាមដានជាមួយយើង៖ Million Times

កម្ពុជាបានចុះហត្ថលេខាលើលិខិតុបករណ៍ដឹកជញ្ជូនតាមផ្លូវអាកាសចំនួន ២ ជាមួយព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត និងសាធារណរដ្ឋអាហ្សង់ទីន ដែលធ្វើឱ្យចំនួនកិច្ចព្រមព្រៀងសេវាដឹកជញ្ជូនតាមផ្លូវអាកាស (ASA) និងអនុស្សរណៈនៃការយោគយល់ (MoU) ទ្វេភាគីរបស់កម្ពុជាកើនដល់ ៥០ ជាមួយដៃគូអាកាសចរណ៍នៅទូទាំងពិភពលោក គិតត្រឹមថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦។

ការចុះហត្ថលេខានេះធ្វើឡើងក្នុងឱកាសដែលគណៈប្រតិភូកម្ពុជា ដឹកនាំដោយឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ចូលរួមមហាសន្និបាតវិសាមញ្ញលើកទី៤៣ របស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) និងសន្និសីទពិភពលោកលើកទី៧ ស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាស (ATConf/7) ដែលប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាល ICAO ទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦។

ក្នុងចំណោមលិខិតុបករណ៍ទាំងពីរ កម្ពុជាបានចុះកិច្ចព្រមព្រៀង ASA ជាមួយអារ៉ាប៊ីសាអូឌីត និងអនុស្សរណៈ MoU ស្តីពីកិច្ចសហប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវអាកាសជាមួយអាហ្សង់ទីន។

អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានលើកឡើងថា បេសកកម្មនៅទីក្រុងម៉ុងរ៉េអាល់ គឺជាជំហានទៅមុខប្រកបដោយផ្លែផ្កាសម្រាប់វិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា។ តាមរយៈកិច្ចសហការជាមួយដៃគូនៅតំបន់មជ្ឈិមបូព៌ា និងអាមេរិកឡាទីន កម្ពុជាបន្តកសាងបណ្តាញដឹកជញ្ជូនតាមផ្លូវអាកាសដែលបើកចំហ ចម្រុះ និងមានការតភ្ជាប់ល្អ ដើម្បីបម្រើប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ។

សម្រាប់កិច្ចព្រមព្រៀងជាមួយអារ៉ាប៊ីសាអូឌីត ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានចុះហត្ថលេខាតំណាងរាជរដ្ឋាភិបាលកម្ពុជា ខណៈឯកឧត្តម អាប់ឌុលអាហ្ស៊ីស ប៊ីន អាប់ឌុលឡា អាល់ឌូអៃលេច ប្រធានអាជ្ញាធរទូទៅនៃអាកាសចរណ៍ស៊ីវិល (GACA) ចុះហត្ថលេខាតំណាងរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត។

កិច្ចព្រមព្រៀងនេះផ្តល់ក្របខ័ណ្ឌគតិយុត្តសម្រាប់សេវាដឹកជញ្ជូនតាមផ្លូវអាកាសរវាងប្រទេសទាំងពីរ និងផ្តល់ភាពបត់បែនដល់ក្រុមហ៊ុនអាកាសចរណ៍ក្នុងការរៀបចំប្រតិបត្តិការហោះហើរ ស្របតាមច្បាប់ជាតិ និងតម្រូវការទីផ្សារ ព្រមទាំងបង្កើតមូលដ្ឋានសម្រាប់ការតភ្ជាប់កម្ពុជាទៅកាន់តំបន់មជ្ឈិមបូព៌ា។

អ្នកនាំពាក្យបានបន្ថែមថា កិច្ចព្រមព្រៀងនេះឆ្លុះបញ្ចាំងពីចំណងមិត្តភាពដ៏យូរអង្វែងរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីត ព្រមទាំងបើកឱកាសថ្មីសម្រាប់វិស័យទេសចរណ៍ ពាណិជ្ជកម្ម និងវិនិយោគ។ ជាពិសេស កិច្ចព្រមព្រៀងនេះអាចសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋខ្មែរឥស្លាមទៅបំពេញធម្មយាត្រាហាជ្ជ និងអ៊ុមរ៉ោះ។

ដោយឡែក អនុស្សរណៈ MoU ជាមួយអាហ្សង់ទីន ត្រូវបានចុះហត្ថលេខានៅថ្ងៃទី១៩ ខែវិច្ឆិកា ដោយឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ តំណាងកម្ពុជា និងលោក អូស្ការ អាល់ហ្វ្រេដូ វីយ៉ាបូណា (Oscar Alfredo Villabona) ប្រធានរដ្ឋបាលអាកាសចរណ៍ស៊ីវិលជាតិអាហ្សង់ទីន (ANAC) តំណាងសាធារណរដ្ឋអាហ្សង់ទីន។

MoU នេះមានគោលបំណងចាប់ផ្តើមកិច្ចសហប្រតិបត្តិការជាផ្លូវការក្នុងវិស័យអាកាសចរណ៍ស៊ីវិលរវាងប្រទេសទាំងពីរ និងបើកលទ្ធភាពឱ្យអាជ្ញាធរអាកាសចរណ៍ទាំងពីរសិក្សាអំពីការអភិវឌ្ឍសេវាហោះហើរ និងតម្រូវការទីផ្សារនាពេលអនាគត។ កិច្ចព្រមព្រៀងនេះក៏ជាមូលដ្ឋានសម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការរបស់កម្ពុជាទៅកាន់តំបន់អាមេរិកឡាទីនផងដែរ។

អ្នកនាំពាក្យបានលើកឡើងថា MoU ជាមួយអាហ្សង់ទីន ចាក់គ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការជាមួយតំបន់អាមេរិកឡាទីន ដោយភាគីទាំងពីរមានឆន្ទៈរួមក្នុងការបើកទូលាយវិស័យនេះ និងពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជនឱ្យកាន់តែជិតស្និទ្ធ។

តាមរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល កិច្ចព្រមព្រៀងទាំងពីរនេះមានសារៈសំខាន់ក្នុងការធ្វើពិពិធកម្មបណ្តាញតភ្ជាប់អន្តរជាតិ ពង្រឹងទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការជាមួយដៃគូសំខាន់ៗ ព្រមទាំងបង្ហាញពីការចូលរួមយ៉ាងសកម្មរបស់កម្ពុជាក្នុងកិច្ចប្រជុំគោលនយោបាយអាកាសចរណ៍អន្តរជាតិ។

កិច្ចព្រមព្រៀងទាំងនេះត្រូវបានរំពឹងថានឹងជួយបង្កើនជម្រើសធ្វើដំណើររវាងកម្ពុជា និងតំបន់ឈូងសមុទ្រ និងអាមេរិកខាងត្បូង តាមរយៈជើងហោះហើរផ្ទាល់ ការតភ្ជាប់តាមមជ្ឈមណ្ឌលអាកាសចរណ៍ក្នុងតំបន់ និងកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនអាកាសចរណ៍ ដូចជា Interline និង Codeshare ដែលអាចសម្រួលដល់អ្នកដំណើរក្នុងការកក់សំបុត្រធ្វើដំណើរតាមក្រុមហ៊ុនអាកាសចរណ៍ផ្សេងៗ។

ក្រៅពីការជំរុញទេសចរណ៍ កិច្ចព្រមព្រៀងក៏ត្រូវបានរំពឹងថានឹងបង្កើតលក្ខខណ្ឌកាន់តែប្រសើរសម្រាប់ធុរកិច្ច ការវិនិយោគ និងការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស ព្រមទាំងសម្រួលការធ្វើដំណើរសម្រាប់គោលបំណងពាណិជ្ជកម្ម ការសិក្សា និងទេសចរណ៍។

ជំហានបន្ទាប់ ភាគីកម្ពុជា និងអារ៉ាប៊ីសាអូឌីតនឹងបំពេញនីតិវិធីផ្ទៃក្នុង ដើម្បីឱ្យកិច្ចព្រមព្រៀង ASA ចូលជាធរមាន។ ចំណែកអាជ្ញាធរអាកាសចរណ៍នៃកម្ពុជា និងអាហ្សង់ទីននឹងចាប់ផ្តើមការពិគ្រោះយោបល់បច្ចេកទេស ស្តីពីសេវាហោះហើរនាពេលអនាគត និងតម្រូវការទីផ្សារ។

យ៉ាងណាក៏ដោយ ការបើកជើងហោះហើរថ្មីរវាងប្រទេសទាំងនេះ នឹងអាស្រ័យលើការសម្រេចចិត្តពាណិជ្ជកម្មរបស់ក្រុមហ៊ុនអាកាសចរណ៍ និងការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។

អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានបញ្ជាក់ថា ស្ថាប័ននឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយដៃគូ និងក្រុមហ៊ុនអាកាសចរណ៍ ដើម្បីប្រែក្លាយកិច្ចព្រមព្រៀងទាំងនេះទៅជាផលប្រយោជន៍ជាក់ស្តែងសម្រាប់អ្នកដំណើរ និងធុរកិច្ច ដោយរក្សាបាននូវស្តង់ដារសុវត្ថិភាព និងសន្តិសុខខ្ពស់បំផុត៕

អត្ថបទ៖ ប៊ី