
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបន្តចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចជាតិ និងជាដៃគូមិនអាចខ្វះបានក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការលើកស្ទួយការប្រើប្រាស់ និងផលិតកម្មក្នុងស្រុក ការបង្កើតការងារ ការអភិវឌ្ឍជំនាញ និងការចាប់យកបច្ចេកវិទ្យាថ្មីៗ។
ការគូសបញ្ជាក់នេះធ្វើឡើងក្នុងពិធីបើកវេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិកម្ពុជា ដែលរៀបចំឡើងនៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី។
ក្នុងឱកាសនោះ សម្ដេចធិបតីបានមានប្រសាសន៍ថា វិស័យឯកជនមានតួនាទីសំខាន់ក្នុងការជំរុញប្រសិទ្ធភាព និងនវានុវត្តន៍ ក៏ដូចជាការធ្វើសមាហរណកម្មផលិតកម្មកម្ពុជាទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និងសកល តាមរយៈការតភ្ជាប់ឧស្សាហកម្មអនុគមន៍ និងឧស្សាហកម្មប្រតិគមន៍។
សម្ដេចធិបតីបានបន្តថា រាជរដ្ឋាភិបាលនឹងបន្តយកចិត្តទុកដាក់លើការកែលម្អបរិយាកាសប្រកួតប្រជែង ការពង្រឹងសមត្ថភាព និងគណនេយ្យភាពរបស់ស្ថាប័នសាធារណៈ ព្រមទាំងជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព បរិយាបន្ន និងចីរភាព ដោយផ្អែកលើគោលការណ៍ទីផ្សារបើកចំហ និងការគាំទ្រវិស័យឯកជន។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលបាននិងកំពុងកែលម្អបរិយាកាសវិនិយោគ និងធុរកិច្ច តាមរយៈការធ្វើឱ្យប្រសើរឡើងនូវក្របខ័ណ្ឌគតិយុត្ត ដោយដាក់ឱ្យអនុវត្តច្បាប់ស្តីពីវិនិយោគក្នុងឆ្នាំ២០២១ និងការកែសម្រួលនីតិវិធីផ្តល់សេវាធុរកិច្ច និងវិនិយោគ។
វិធានការទាំងនេះរួមមាន ការពង្រឹងយន្តការច្រកចេញចូលតែមួយ ប្រព័ន្ធបញ្ជរតែមួយជាតិ និងសេវាគាំទ្រថែទាំវិនិយោគ ព្រមទាំងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា និងយន្តការសហបង្កើតធុរកិច្ច (Business Co-Creation)។
បន្ថែមពីនេះ រាជរដ្ឋាភិបាលបានជំរុញការតភ្ជាប់សេដ្ឋកិច្ច និងការធ្វើពិពិធកម្មទីផ្សារ តាមរយៈការពង្រីកសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅក្នុងសេដ្ឋកិច្ចតំបន់ និងសកល ព្រមទាំងការកែលម្អប្រព័ន្ធដឹកជញ្ជូន និងភស្តុភារកម្ម។ ចំណែកការវិនិយោគបៃតង និងឌីជីថល ក៏ត្រូវបានលើកកម្ពស់តាមរយៈការជំរុញការវិនិយោគលើថាមពលកកើតឡើងវិញ ប្រសិទ្ធភាពថាមពល បច្ចេកវិទ្យាស្អាត សេដ្ឋកិច្ចចក្រា ការគ្រប់គ្រងសំណល់ និងការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព។
សម្ដេចធិបតីក៏បានគូសបញ្ជាក់ពីការខិតខំប្រឹងប្រែងធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មដែលពឹងផ្អែកលើកម្លាំងពលកម្ម និងជំនាញទាប ទៅជាឧស្សាហកម្មដែលផ្អែកលើជំនាញ និងបច្ចេកវិទ្យាខ្ពស់ ដើម្បីកសាងមូលដ្ឋានឧស្សាហកម្មដែលមានសមត្ថភាពប្រកួតប្រជែង ពិពិធកម្ម និងភាពធន់ ព្រមទាំងភ្ជាប់ទៅនឹងខ្សែច្រវាក់តម្លៃសកល និងបណ្តាញផលិតកម្មក្នុងតំបន់។
ដើម្បីសម្រេចគោលដៅនេះ រាជរដ្ឋាភិបាលនឹងបន្តលើកកម្ពស់ការវិនិយោគដែលមានតម្លៃបន្ថែមខ្ពស់ និងបង្កើតការងារដែលមានផលិតភាព បង្កើនពិពិធកម្មមុខទំនិញនាំចេញ ពង្រឹងការតភ្ជាប់ និងការធ្វើមូលដ្ឋានូបនីយកម្មឧស្សាហកម្ម អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងទន់ ពង្រឹងការអភិវឌ្ឍជំនាញបច្ចេកវិទ្យា និងទីផ្សារការងារ ព្រមទាំងបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទានសមស្រប។
វិស័យអាទិភាពដែលរាជរដ្ឋាភិបាលផ្តោតការយកចិត្តទុកដាក់ រួមមាន កសិ-ចំណីអាហារ យានយន្ត អេឡិចត្រូនិក កង់ និងគ្រឿងបង្គុំ គ្រឿងសង្ហារិម ឈើ Veneer និងផលិតផលធ្វើពីឈើ បច្ចេកវិទ្យាឌីជីថល ថាមពលបៃតង ហេដ្ឋារចនាសម្ព័ន្ធ ភស្តុភារកម្ម វាយនភណ្ឌ និងកាត់ដេរ ព្រមទាំងទេសចរណ៍។
មុននឹងបញ្ចប់ សម្ដេចធិបតីបានលើកទឹកចិត្តដល់វិស័យឯកជន ធុរជន និងវិនិយោគិនទាំងអស់ ឱ្យប្រើប្រាស់ និងទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងតំបន់ដែលកម្ពុជាជាសមាជិក។ កិច្ចព្រមព្រៀងសំខាន់ៗទាំងនោះរួមមាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន កូរ៉េខាងត្បូង និងអេមីរ៉ាតអារ៉ាប់រួម កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ានបូក និងក្របខ័ណ្ឌពហុភាគីក្រោមអង្គការពាណិជ្ជកម្មពិភពលោក (WTO)។
សម្ដេចធិបតីបានបញ្ជាក់ថា ការចូលរួមយ៉ាងសកម្មពីវិស័យឯកជន និងការប្រើប្រាស់ឱកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងនេះ នឹងរួមចំណែកដល់ការត្រៀមលក្ខណៈរបស់កម្ពុជាក្នុងការចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅឆ្នាំ២០២៩ ប្រកបដោយភាពរលូន បរិយាបន្ន និងចីរភាព។
ពាក់ព័ន្ធនឹងការកំណត់ឆ្នាំ២០២៩ ជាឆ្នាំចាកចេញពីចំណាត់ថ្នាក់ LDC សម្ដេចធិបតីបានពន្យល់ថា កម្ពុជាបានបំពេញលក្ខខណ្ឌទាំង៣ របស់អង្គការសហប្រជាជាតិរួចរាល់ហើយ ប៉ុន្តែរាជរដ្ឋាភិបាលបានសម្រេចពន្យារពេល ដើម្បីធានាថា ប្រទេសមានភាពរឹងមាំ និងភាពធន់គ្រប់គ្រាន់ផ្នែកសេដ្ឋកិច្ច មុននឹងឈានទៅដល់ការចាកចេញជាផ្លូវការ។
សម្ដេចធិបតីបានបញ្ជាក់ថា កម្ពុជាចង់ឱ្យការចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួចនោះ «ទាំងល្អមើល និងល្អស៊ី» ពោលគឺមិនត្រឹមតែបំពេញលក្ខខណ្ឌដើម្បីចាកចេញប៉ុណ្ណោះទេ ប៉ុន្តែត្រូវធានាថា សេដ្ឋកិច្ចជាតិមានភាពរឹងមាំ និងត្រៀមខ្លួនបានល្អក្នុងការទប់ទល់នឹងបញ្ហាប្រឈម ព្រមទាំងចាប់យកឱកាសថ្មីៗដែលកើតចេញពីការផ្លាស់ប្តូរឋានៈនេះផងដែរ៕
អត្ថបទ៖ ប៊ី









