
ភ្នំពេញ៖ យុទ្ធនាការ «រដូវកាលបៃតង» ឆ្នាំ២០២៦ សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ ដោយទាក់ទាញភ្ញៀវទេសចរជាតិប្រមាណ ១០,៨៩ លាននាក់ ក្នុងរយៈពេល ៦ ខែ ចាប់ពីខែឧសភា ដល់ខែតុលា កើនឡើង ១៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ដែលជាការរួមចំណែកដល់ការជំរុញសកម្មភាពទេសចរណ៍ក្នុងស្រុក និងសន្ទុះវិស័យទេសចរណ៍កម្ពុជាឆ្ពោះទៅឆ្នាំ ២០២៧។
លទ្ធផលនេះត្រូវបានបង្ហាញក្នុងពិធីបិទ «សិក្ខាសាលាបូកសរុបលទ្ធផលការងារយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតងឆ្នាំ ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧» ក្រោមអធិបតីភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅសណ្ឋាគារ Shangri-La រាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី-ខេត្ត វិស័យឯកជន សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ដៃគូសហការ បណ្តាញសារព័ត៌មាន និងអ្នកផលិតមាតិកាព័ត៌មានជាច្រើនរូប។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ហួត ហាក់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានចូលរួមអនុវត្តយុទ្ធនាការ «រដូវកាលបៃតង» ចាប់តាំងពីឆ្នាំ២០២៥ និងបន្តពង្រឹងសកម្មភាពក្នុងឆ្នាំ២០២៦។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានគាំទ្រគំនិតផ្តួចផ្តើមរបស់ក្រសួងទេសចរណ៍ ក្នុងការប្រែក្លាយ «រដូវកាលភ្ញៀវតិច» ទៅជា «រដូវកាលបៃតង» ដើម្បីលើកកម្ពស់ទស្សនៈវិជ្ជមាន និងជំរុញសក្តានុពលទេសចរណ៍កម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តម ហួត ហាក់ បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋ បន្តសហការជំរុញចលនាទេសចរណ៍ក្នុងស្រុក ស្វែងយល់ពីគោលដៅទេសចរណ៍ថ្មីៗ ព្រមទាំងគាំទ្រផលិតផល និងសេវាកម្មទេសចរណ៍របស់សហគមន៍ ដើម្បីរួមគ្នាប្រែក្លាយកម្ពុជាទៅជាគោលដៅទេសចរណ៍ដែលភ្ញៀវអាចមកទស្សនាបានគ្រប់រដូវកាល និងចង់ត្រឡប់មកទស្សនាម្តងហើយម្តងទៀត។
របាយការណ៍ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ក្នុងរយៈពេល ៦ ខែ ចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ ២០២៦ ភ្ញៀវទេសចរជាតិបានធ្វើដំណើរកម្សាន្តសរុបប្រមាណ ១០,៨៩ លាននាក់ កើនឡើង ១៦% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥។ កំណើននេះបង្ហាញពីភាពរស់រវើកនៃសកម្មភាពទេសចរណ៍ ការកើនឡើងនៃព្រឹត្តិការណ៍ទាក់ទាញភ្ញៀវទេសចរ និងការចូលរួមកាន់តែសកម្មពីវិស័យឯកជន និងប្រជាពលរដ្ឋ។
តាមរយៈលទ្ធផលដែលសម្រេចបាន ក្រសួងទេសចរណ៍ និងភាគីពាក់ព័ន្ធនឹងបន្តពង្រឹងកិច្ចសហការក្នុងការជំរុញចលនាទេសចរណ៍ក្នុងស្រុក និងលើកកម្ពស់ភាពទាក់ទាញនៃគោលដៅទេសចរណ៍នានា ដើម្បីបន្តរក្សាសន្ទុះទេសចរណ៍ និងប្រែក្លាយកម្ពុជាទៅជាគោលដៅទេសចរណ៍ដែលអាចទទួលភ្ញៀវបានពេញមួយឆ្នាំ៕
អត្ថបទ៖ ប៊ី







