កម្ពុជា ចែករំលែកបទពិសោធកសាងប្រព័ន្ធហិរញ្ញវត្ថុឌីជីថលក្នុងពិព័រណ៍ FinTech សិង្ហបុរី

តាមដានជាមួយយើង៖ Million Times

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានចែករំលែកបទពិសោធរបស់កម្ពុជាក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់ឌីជីថល ការរក្សាទំនុកចិត្តលើប្រាក់រៀល និងការពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុសម្រាប់ប្រជាពលរដ្ឋ ក្នុងពិព័រណ៍បច្ចេកវិទ្យាហិរញ្ញវត្ថុសិង្ហបុរី ឆ្នាំ២០២៦ (Singapore FinTech Festival 2026) នៅប្រទេសសិង្ហបុរី។

លោកជំទាវបណ្ឌិត ជា សិរី បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ «អនាគតនៃប្រព័ន្ធទូទាត់ពហុច្រក៖ តើគួរផ្តល់អាទិភាពលើច្រកណាមុនគេ?» កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦។

ក្នុងកិច្ចពិភាក្សានេះ លោកជំទាវទេសាភិបាលបានផ្លាស់ប្តូរទស្សនៈជាមួយវាគ្មិនជាន់ខ្ពស់មកពីធនាគារកណ្តាល និងស្ថាប័នរូបិយវត្ថុសំខាន់ៗ រួមមាន សមាជិកក្រុមប្រឹក្សាប្រតិបត្តិនៃធនាគារកណ្តាលអឺរ៉ុប នាយករងគ្រប់គ្រងនៃអាជ្ញាធររូបិយវត្ថុសិង្ហបុរី ទេសាភិបាលរងធនាគារកណ្តាលឥណ្ឌា និងទេសាភិបាលរងធនាគារកណ្តាលកាតា។ កិច្ចពិភាក្សានេះត្រូវបានសម្របសម្រួលដោយនាយិកាគ្រប់គ្រងផ្នែកគោលនយោបាយ និងការអភិវឌ្ឍជំនាញនៃបណ្តាញហិរញ្ញវត្ថុ និងបច្ចេកវិទ្យាសកល (GFTN)។

កិច្ចពិភាក្សាបានផ្តោតលើការកសាងប្រព័ន្ធហិរញ្ញវត្ថុដែលមានទំនុកចិត្តខ្ពស់ តាមរយៈការលើកកម្ពស់ប្រតិបត្តិការអន្តរធនាគារ បរិយាបន្នហិរញ្ញវត្ថុ កិច្ចការពារអតិថិជន និងភាពធន់នៃប្រព័ន្ធ។ កិច្ចពិភាក្សាក៏បានពិនិត្យលើគោលនយោបាយដែលគួរផ្តល់អាទិភាពក្នុងពេលបច្ចុប្បន្ន ដើម្បីធានាប្រសិទ្ធភាពនៃការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងផ្តល់អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ ព្រមទាំងអាជីវកម្ម។

ក្នុងឱកាសនោះ លោកជំទាវទេសាភិបាលបានលើកឡើងពីបទពិសោធរបស់កម្ពុជាក្នុងការអភិវឌ្ឍប្រព័ន្ធទូទាត់ឌីជីថល ការរក្សាទំនុកចិត្តលើប្រាក់រៀល និងការពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុសម្រាប់ប្រជាពលរដ្ឋ។ ក្នុងនោះ យុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០២៦-២០៣០ បានកំណត់ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្ត្រីជាអាទិភាពសំខាន់ ដើម្បីពង្រឹងភាពធន់នៃសេដ្ឋកិច្ច។

ការចូលរួមរបស់ទេសាភិបាលធនាគារជាតិនៃកម្ពុជាក្នុងកិច្ចពិភាក្សានេះ គឺជាឱកាសសម្រាប់ចែករំលែកបទពិសោធ និងទស្សនៈរបស់កម្ពុជាជាមួយតំណាងស្ថាប័នហិរញ្ញវត្ថុសំខាន់ៗលើឆាកអន្តរជាតិ ស្តីពីការអភិវឌ្ឍប្រព័ន្ធទូទាត់ និងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ៕

អត្ថបទ៖ ប៊ី