រដ្ឋាភិបាលចំណាយជាង ១៨ លានដុល្លារ លើកែលម្អមន្ទីរពេទ្យបង្អែកស្រុក ៦១ កន្លែង ទូទាំងប្រទេស

តាមដានជាមួយយើង៖ Million Times

កំពង់ចាម៖ រាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាជាង ១៨ លានដុល្លារអាម៉េរិក ដើម្បីសាងសង់ ជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងផ្គត់ផ្គង់ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រនៅមន្ទីរពេទ្យបង្អែកស្រុកចំនួន ៦១កន្លែង នៅទូទាំងប្រទេស ដើម្បីលើកកម្ពស់គុណភាពសេវាសុខាភិបាលនៅមូលដ្ឋាន។

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានានៅមន្ទីរពេទ្យបង្អែកស្រុកចំនួន ៦១កន្លែង និងការបំពាក់ឧបករណ៍វេជ្ជសាស្ត្រនៅតាមមន្ទីរពេទ្យ។

ក្នុងរយៈពេលជិត ៥០ ឆ្នាំកន្លងមកនេះ កម្ពុជាសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការពង្រីកបណ្តាញសេវាសុខាភិបាលជាតិ ដែលរួមមានមន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យបង្អែកស្រុក មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព ព្រមទាំងការបង្កើនសមត្ថភាពក្នុងការពិគ្រោះយោបល់ ធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺជាបន្តបន្ទាប់។

តាមរយៈក្រសួងសុខាភិបាល រាជរដ្ឋាភិបាលអាណត្តិទី ៧ បានបែងចែកថវិកាជាង ១៨ លានដុល្លារអាម៉េរិក សម្រាប់ការសាងសង់ ជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងផ្គត់ផ្គង់ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍មន្ទីរពិសោធន៍ និងសម្ភារបច្ចេកទេសនៅមន្ទីរពេទ្យបង្អែកស្រុកទាំង ៦១ កន្លែង។

ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារបរិក្ខារវេជ្ជសាស្ត្រទាំងនេះ បានរួមចំណែកបង្កើនសមត្ថភាពផ្តល់សេវាវះកាត់ និងសង្គ្រោះបន្ទាន់ចំនួន ២៥,១% ខណៈករណីបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យកម្រិតខ្ពស់បានថយចុះ ១១,៣% បើប្រៀបធៀបទិន្នន័យរយៈពេល ១០ ខែ នៃឆ្នាំ ២០២៥ និងឆ្នាំ ២០២៦។

សមិទ្ធផលនេះជាការរួមចំណែកដ៏សំខាន់ក្នុងការអនុវត្តវិធានការគន្លឹះរបស់រាជរដ្ឋាភិបាលក្នុងវិស័យសុខាភិបាល ដើម្បីពង្រឹងគុណភាពសេវាព្យាបាលនៅមូលដ្ឋាន និងធានាឱ្យប្រជាពលរដ្ឋទទួលបានសេវាពិនិត្យ និងព្យាបាលជំងឺប្រកបដោយគុណភាព ប្រសិទ្ធភាព និងទាន់ពេលវេលា នៅជិតលំនៅឋាន។

ជាមួយគ្នានេះ ការពង្រឹងសមត្ថភាពមន្ទីរពេទ្យបង្អែកស្រុក ក៏ជួយកាត់បន្ថយការចំណាយថវិកា និងពេលវេលារបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅទទួលសេវាព្យាបាលនៅទីរួមខេត្ត ឬរាជធានីភ្នំពេញផងដែរ៕

អត្ថបទ៖ ប៊ី