
ភ្នំពេញ៖ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសំណើសុំការលើកទឹកចិត្តពិសេស ដើម្បីគាំទ្រគម្រោងអភិវឌ្ឍរមណីយដ្ឋានទេសចរណ៍តាមបណ្តាកោះ ក្នុងគោលដៅប្រែក្លាយតំបន់កោះរបស់កម្ពុជាឱ្យក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ និងជំរុញសកម្មភាពសេដ្ឋកិច្ចថ្មីៗ។
កិច្ចប្រជុំនេះធ្វើឡើងកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ។
គម្រោងវិនិយោគដែលត្រូវបានលើកយកមកពិភាក្សា ផ្តោតលើការអភិវឌ្ឍសណ្ឋាគារប៊ូទិក សណ្ឋាគារប្រណីត ផ្ទះលំហែ ខុនដូ និងសណ្ឋាគារអេកូទេសចរណ៍ នៅតាមតំបន់ឆ្នេរ និងបណ្តាកោះ។
កិច្ចប្រជុំនេះមានការចូលរួមពីអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំតំណាងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តព្រះសីហនុ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ពីសារៈសំខាន់នៃការគាំទ្រដល់ការអភិវឌ្ឍតំបន់កោះ ដើម្បីប្រែក្លាយបណ្តុំកោះរបស់កម្ពុជាឱ្យក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ និងមានសក្តានុពលក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ការអភិវឌ្ឍនេះក៏នឹងចូលរួមជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតសកម្មភាពសេដ្ឋកិច្ចថ្មីៗនៅតាមបណ្តាកោះផងដែរ។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ការសហការរបស់ស្ថាប័នពាក់ព័ន្ធក្នុងការផ្តល់ការលើកទឹកចិត្ត និងសម្រួលនីតិវិធីរដ្ឋបាលជូនវិនិយោគិន គឺជាកត្តាចាំបាច់ ជាពិសេសសម្រាប់គម្រោងវិនិយោគនៅតាមកោះ ដែលទាមទារការគាំទ្រ និងការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល ទាំងលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងការបង្កើតបរិយាកាសអំណោយផលសម្រាប់ការវិនិយោគ និងការអភិវឌ្ឍប្រកបដោយចីរភាព។
ជាលទ្ធផល អង្គប្រជុំបានពិភាក្សាយ៉ាងផុសផុល និងបង្ហាញការប្តេជ្ញាចិត្តបន្តគាំទ្រ និងសម្រួលដល់ការវិនិយោគក្នុងវិស័យឯកជន ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ បង្កើតសកម្មភាពសេដ្ឋកិច្ច និងការងារថ្មីៗ ព្រមទាំងលើកកម្ពស់សក្តានុពលវិនិយោគរបស់ខេត្តព្រះសីហនុឱ្យកាន់តែមានភាពរស់រវើក និងសមត្ថភាពប្រកួតប្រជែងខ្ពស់។
គួរបញ្ជាក់ថា កម្ពុជាមានកោះធំៗប្រមាណ ៣១ កោះ ដោយក្នុងនោះខេត្តព្រះសីហនុមាន ១៤ កោះ ខេត្តកោះកុងមាន ១៤ កោះ និងខេត្តកែបមាន ៣ កោះ។ កោះទាំងនេះរួមមាន កោះរ៉ុង កោះរ៉ុងសន្លឹម កោះពស់ កោះឫស្សី កោះស្តេច និងកោះទន្សាយ ជាដើម ដែលជាផ្នែកមួយនៃសក្តានុពលសម្រាប់ការអភិវឌ្ឍទេសចរណ៍តាមតំបន់ឆ្នេរ និងកោះរបស់កម្ពុជា៕
អត្ថបទ៖ ប៊ី









