ឯក​អគ្គ​រដ្ឋទូត​អាម៉េរិក​ថ្មី​ ​ប្តេជ្ញា​ជំរុញ​វិនិយោគិន​អាម៉េរិក​មក​បណ្តាក់ទុន​នៅ​កម្ពុជា​

តាមដានជាមួយយើង៖ Million Times

ភ្នំពេញ​៖​ ​ឯកឧត្តម​ ​Christopher ​Anderson ​ឯក​អគ្គ​រដ្ឋទូត​វិសាមញ្ញ​ ​និង​ពេញ​សមត្ថភាព​នៃ​សហរដ្ឋ​អាម៉េរិក​ប្រចាំ​កម្ពុជា​ ​ដែល​ទើប​ទទួល​បាន​ការ​តែងតាំង​ថ្មី​ ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ក្នុង​ការ​ជំរុញ​វិនិយោគិន​អាម៉េរិក​ឱ្យ​មក​ស្វែងយល់​ពី​សក្តានុពល ​និង​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា​កាន់តែ​ច្រើន ​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ពីរ​។

ការ​ប្តេជ្ញាចិត្ត​នេះ​ត្រូវ​បាន​លើកឡើង​ក្នុង​ជំនួប​សម្តែង​ការ​គួរសម ​និង​ពិភាក្សា​ការងារ​រវាង​ឯកឧត្តម​ ​Christopher ​Anderson ​និង​ឯកឧត្តម​ ​ស៊ុន ​ចាន់​ថុល ​ឧប​នាយករដ្ឋមន្ត្រី ​និង​ជា​អនុ​ប្រធាន​ទី ​១​ ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​(​ក​.​អ.​ក.​)​ នា​ព្រឹក​ថ្ងៃ​ទី ​១៨ ​ខែ​វិច្ឆិកា​ ​ឆ្នាំ​២០២៦​។

​ក្នុង​ជំនួប​នេះ​ ​ឯកឧត្តម​ ​ស៊ុន ​ចាន់​ថុល ​បាន​សម្តែង​ការ​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ ​និង​អបអរសាទរ​ចំពោះ​ការ​តែងតាំង​ឯកឧត្តម​ ​Christopher ​Anderson ​ជា​ឯក​អគ្គ​រដ្ឋទូត​អាម៉េរិក​ប្រចាំ​កម្ពុជា​។​ ​ឯក​ឧត្តម​ឧបនាយករដ្ឋមន្ត្រី​ក៏​បាន​បង្ហាញ​សុទិដ្ឋិនិយម​ថា​ ​ក្រោម​អាណត្តិការ​ទូត​របស់​ឯកឧត្តម​ឯក​អគ្គ​រដ្ឋទូត​ថ្មី​ ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​អា​ម៉េរិក​នឹង​កាន់តែ​ប្រសើរឡើង​ ​ព្រមទាំង​ជំរុញឱ្យ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ ​និង​វិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ​រីកចម្រើន​។

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បាន​លើកឡើង​ថា​ ​កម្ពុជា​ជា​ប្រទេស​ដំបូង​គេ​ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​បដិការ ​(​ART​) ​ជាមួយ​សហរដ្ឋ​អាម៉េរិក​។ ​ជាមួយគ្នា​នេះ​ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​បាន​បង្ហាញ​កំណើន​គួរឱ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ ១០​ ​ខែ​ដំបូង​នៃ​ឆ្នាំ​២០២៦​។

យោង​តាម​ទិន្នន័យ​ដែល​ចេញផ្សាយ​ដោយ​អគ្គ​នាយកដ្ឋាន​គយ ​និង​រដ្ឋាករ​កម្ពុជា​ ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​កម្ពុជា​-​អា​ម៉េរិក​មាន​ទំហំ​សរុប​ ១៣​,​៨២ ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ក្នុង​រយៈពេល​ ១០ ​ខែ​ដំបូង​នៃ​ឆ្នាំ​២០២៦​។ ​ក្នុង​នោះ​ ​កម្ពុជា​បាន​នាំចេញ​ទំនិញ​ទៅកាន់​សហរដ្ឋ​អាម៉េរិក​ក្នុង​ទំហំ​ ១៣​,​២៧ ពាន់​លាន​ដុល្លារ​ ​កើនឡើង​ ​២៧​,​៨​%​ ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​។ ​ចំណែក​ការ​នាំចូល​ទំនិញ​ពី​សហរដ្ឋ​អាម៉េរិក​មក​កម្ពុជា​មាន​ទំហំ​ជិត ៥៥០ លាន​ដុល្លារ ​កើនឡើង​ ​៦៨​,​២​%​។

​បន្ថែម​ពី​នេះ​ ​ឯកឧត្តម​ ​ស៊ុន ​ចាន់​ថុល ​ក៏​បាន​ជម្រាប​ជូន​ឯកឧត្តម​ឯក​អគ្គ​រដ្ឋទូត​អំពី​វឌ្ឍនភាព​សេដ្ឋកិច្ច​-​សង្គម​របស់​កម្ពុជា​ ​និង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​កែទម្រង់​បរិយាកាស​ធុរកិច្ច​ ​និង​វិនិយោគ ​ជា​ពិសេស​ការ​សម្រួល​នីតិវិធី ​និង​ការ​ផ្តល់​សេវា​សម្របសម្រួល​វិនិយោគ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ ​និង​រហ័ស​ទាន់ចិត្ត​ តាមរយៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​ដែល​ជា​សេនាធិការ​ច្រក​ចេញ​ចូល​តែ​មួយ​។

​ក្នុង​ជំនួប​ដដែល​ ​ឯកឧត្តម​ឧប​នាយករដ្ឋមន្ត្រី​ក៏​បាន​គូសបញ្ជាក់​ពី​ការ​ប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​បោសសម្អាត​ ​និង​លុបបំបាត់​បទល្មើសឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ ​(​Online Scams​) ​ដើម្បី​លើកកម្ពស់​កិត្យានុភាព​ជាតិ​ ​ព្រមទាំង​ការ​បន្ត​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី ​តាមរយៈ​គណៈកម្មការ​ចម្រុះ​ខណ្ឌ​សីមា ​និង​បោះ​បង្គោល​ព្រំដែន​គោក ​(​JBC​)​។

​ជា​ការ​ឆ្លើយតប​ ​ឯកឧត្តម​ ​Christopher ​Anderson ​បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម​ ​ស៊ុន ​ចាន់​ថុល ​ដែល​បាន​ឆ្លៀត​ពេល​ទទួល​ជួប​ពិភាក្សា​ការងារ​ ​និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​ទ្វេ​ភាគី​កម្ពុជា​-​អា​ម៉េរិក​ ​ដែល​កំពុង​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​។ ​ឯកឧត្តម​ឯក​អគ្គ​រដ្ឋទូត​ក៏​បាន​កត់សម្គាល់​ពី​ការ​អភិវឌ្ឍ​របស់​កម្ពុជា​លើ​គ្រប់​វិស័យ​ ​និង​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ក្នុង​ការ​ពង្រឹង ​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត​។

​ជាមួយគ្នា​នេះ​ ​ភាគី​ទាំង​ពីរ​បាន​ផ្លាស់ប្តូរ​យោបល់​លើ​ការងារ​អាទិភាព​មួយ​ចំនួន​ ​ដោយ​ផ្តោត​លើ​សារៈសំខាន់​នៃ​វិស័យ​ថាមពល ​និង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​គាំទ្រ​កំណើន​សេដ្ឋកិច្ច​នា​ពេល​អនាគត​។ ​កិច្ច​ពិភាក្សា​នេះ​មាន​គោលដៅ​ជំរុញ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ ​បង្កើត​ឱកាស​វិនិយោគ​ថ្មី​ៗ ​និង​នាំមក​នូវ​ផលប្រយោជន៍​រួម​ដល់​ប្រទេស​ ​និង​ប្រជាជន​ទាំង​ពីរ​៕

អត្ថបទ៖ ប៊ី