ភ្នំពេញ៖ ក្រុមហ៊ុន មេគង្គណិត ដែលជាក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណិតមានបទពិសោធន៍យូរឆ្នាំមួយនៅកម្ពុជា និងក្រុមហ៊ុន Bitdefender ដែលជាក្រុមហ៊ុនឈានមុខគេលើពិភពលោកក្នុងវិស័យសន្តិសុខសាយប័រ បានចុះអនុស្សរណៈនៃការយោគយល់ (MoU) ដើម្បីនាំយកដំណោះស្រាយការពារសន្តិសុខឌីជីថលទៅដល់អតិថិជនអ៊ីនធឺណិតតាមផ្ទះនៅកម្ពុជា។
ពិធីចុះហត្ថលេខានេះធ្វើឡើង ក្នុងពិព័រណ៍ FrancoTech 2026 នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ ស្របពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦។
កិច្ចព្រមព្រៀងនេះនឹងពង្រីកសេវាសន្តិសុខសាយប័ររបស់ មេគង្គណិត ពីការផ្ដល់សេវាសម្រាប់អាជីវកម្ម និងស្ថាប័ន ទៅដល់គ្រួសារនានា ដោយផ្ដល់លទ្ធភាពឱ្យអ្នកប្រើប្រាស់អ៊ីនធឺណិតតាមផ្ទះទទួលបានដំណោះស្រាយការពារកុំព្យូទ័រ ទូរស័ព្ទ ទិន្នន័យផ្ទាល់ខ្លួន និងឯកជនភាពក្នុងការប្រើប្រាស់ប្រព័ន្ធអនឡាញ។
យោងតាមរបាយការណ៍ DataReportal បច្ចុប្បន្ន ប្រជាជនជាង ១២ លាននាក់នៅកម្ពុជាកំពុងប្រើប្រាស់អ៊ីនធឺណិត ខណៈការសិក្សា ការងារ សេវាធនាគារ និងការទិញទំនិញតាមប្រព័ន្ធអនឡាញ កំពុងក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់គ្រួសារនានា។ ក្នុងបរិបទនេះ ភាពជាដៃគូរវាងក្រុមហ៊ុនទាំងពីរមានគោលដៅនាំយកការការពារសន្តិសុខឌីជីថលដែលអាជីវកម្មប្រើប្រាស់ មកផ្ដល់ជូនអ្នកប្រើប្រាស់តាមគេហដ្ឋានផងដែរ។
កិច្ចសហការនេះក៏គាំទ្រដល់ការអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដែលបានកំណត់ការកសាងភាពជឿជាក់ និងទំនុកចិត្តលើប្រព័ន្ធឌីជីថល ជាគោលដៅចម្បងមួយក្នុងចំណោមគោលដៅទាំងប្រាំ។
តាមរយៈអនុស្សរណៈនេះ មេគង្គណិត នឹងផ្ដល់ផលិតផលសន្តិសុខសាយប័រសម្រាប់អ្នកប្រើប្រាស់ទូទៅរបស់ Bitdefender ដែលដំណើរការដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីជួយការពារឧបករណ៍ឌីជីថល និងទិន្នន័យឯកជន។ ដំណោះស្រាយទាំងនេះមានកញ្ចប់សេវាសម្រាប់បុគ្គល និងគ្រួសារ។
ផលិតផលរបស់ Bitdefender ក៏ទទួលបានពានរង្វាន់ AV-TEST ឆ្នាំ២០២៥ ក្នុងប្រភេទ Best Protection, Best macOS Security និង Best Android Security ផងដែរ។ ចំណែក MekongNet នឹងប្រកាសព័ត៌មានលម្អិតអំពីកញ្ចប់សេវាសម្រាប់គេហដ្ឋាន តម្លៃ និងកាលបរិច្ឆេទដាក់ឱ្យប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុខ។
លោកស្រី សុខ ចាន់ដា នាយិកាប្រតិបត្តិ (CEO) ប្រចាំកម្ពុជានៃក្រុមហ៊ុន មេគង្គណិត មានប្រសាសន៍ថា ក្នុងរយៈពេល ២០ ឆ្នាំមកនេះ MekongNet បានដើរតួនាទីក្នុងការតភ្ជាប់គេហដ្ឋាននានានៅកម្ពុជា ហើយបច្ចុប្បន្ន គ្រួសារកាន់តែច្រើនកំពុងប្រើប្រាស់ប្រព័ន្ធអនឡាញសម្រាប់ការសិក្សា ការងារ និងសកម្មភាពប្រចាំថ្ងៃ ដែលតម្រូវឱ្យមានការការពារសុវត្ថិភាពឌីជីថលដូចគ្នានឹងវិស័យអាជីវកម្ម។
លោកស្រីបន្តថា៖ «ជាមួយ Bitdefender យើងកំពុងនាំយកការការពារកម្រិតពិភពលោកចូលទៅក្នុងគេហដ្ឋានកម្ពុជា ដែលងាយស្រួលដំឡើង និងមានការគាំទ្រពីក្រុមការងាររបស់យើងផ្ទាល់ ដើម្បីឱ្យគ្រប់គ្រួសារអាចរីករាយនឹងការប្រើប្រាស់អ៊ីនធឺណិតដោយក្ដីស្ងប់ចិត្ត»។
ដោយឡែក តំណាងក្រុមហ៊ុន Bitdefender បានលើកឡើងថា គ្រួសារកម្ពុជាកំពុងទទួលយកការរស់នៅក្នុងយុគសម័យឌីជីថល ហើយត្រូវការដំណោះស្រាយការពារដែលអាចទុកចិត្តបាន។ ភាពជាដៃគូជាមួយ មេគង្គណិត នឹងជួយនាំយកផលិតផលការពារសន្តិសុខសាយប័រដែលទទួលបានពានរង្វាន់របស់ Bitdefender ទៅដល់គេហដ្ឋាននានាទូទាំងប្រទេស ដោយមានការគាំទ្រពីក្រុមការងារក្នុងស្រុក។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងរវាង មេគង្គណិត និង Bitdefender នេះ ក៏បំពេញបន្ថែមលើអនុស្សរណៈនៃការយោគយល់រវាង MekongNet និងក្រុមហ៊ុន VNPT ដែលបានចុះហត្ថលេខាក្នុងព្រឹត្តិការណ៍ដដែល ដោយផ្ដោតលើការផ្ដល់សេវាប្រតិបត្តិការសន្តិសុខសាយប័រ ២៤ ម៉ោងក្នុងមួយថ្ងៃ និង ៧ ថ្ងៃក្នុងមួយសប្ដាហ៍ សម្រាប់អាជីវកម្ម និងស្ថាប័ននានា។ កិច្ចព្រមព្រៀងទាំងពីរនេះនឹងពង្រីកវិសាលភាពសេវាសន្តិសុខសាយប័ររបស់ មេគង្គណិត ទាំងសម្រាប់អាជីវកម្ម និងគេហដ្ឋាន។
ពិព័រណ៍ FrancoTech 2026 រៀបចំរួមគ្នាដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងកិច្ចការនារី ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ។ ពិធីចុះហត្ថលេខានេះក៏បានបង្ហាញពីកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនមកពីប្រទេសសមាជិកអង្គការហ្វ្រង់កូហ្វូនីទាំងពីរ គឺកម្ពុជា និងរូម៉ានី ដែលជាប្រទេសកំណើតរបស់ក្រុមហ៊ុន Bitdefender ដែលបានបង្កើតឡើងក្នុងឆ្នាំ២០០១៕









