CSX​ ​ទទួល​បាន​ក្រុមហ៊ុន​ថ្មី​ចុះ​បញ្ជី​សញ្ញា​បណ្ណ​ហេដ្ឋារចនាសម្ព័ន្ធ​បៃតង​ កៀរ​គរ​ទុន​បាន​ប្រមាណ​ ​១០០ ​លាន​ដុល្លារ​

តាមដានជាមួយយើង៖ Million Times

ភ្នំ​ពេញ​៖​ ​ផ្សារ​មូលបត្រ​កម្ពុជា ​(​CSX​)​ ​កាលពី​ថ្ងៃ​ទី​១៦​ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០២៦ ​បាន​រៀបចំ​ពិធី​ចុះ​បញ្ជី​លក់​សញ្ញា​បណ្ណ​ហេដ្ឋារចនាសម្ព័ន្ធ​បៃតង​របស់​ក្រុមហ៊ុន​ ​ស្នេ​ថេក ជុភី​ធើរ ​ឯ​.ក ​(​SchneiTec ​Jupiter ​Co​.​,​ Ltd​.​)​ ​ដោយ​សម្រេចបាន​ការ​កៀរគរ​ទុន​រយៈពេល​វែង​ប្រមាណ​ ​១០០ ​លាន​ដុល្លារ​អាម៉េរិក​ ​សម្រាប់​គាំទ្រ​ដល់​ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​បៃតង ​និង​ថាមពល​ស្អាត​នៅ​កម្ពុជា​។

ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ ​ហ៊ាន​ ​សាហ៊ីប ​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ផ្សារ​មូលបត្រ​កម្ពុជា​ ​ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​ ​X​avier ​Bettel ​ឧប​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​លុច​សំបួរ​ ​ឯក​អគ្គ​រដ្ឋទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​ ​តំណាង​អង្គការ​អន្តរជាតិ​ហ្វ្រង់កូហ្វូនី ​មន្ត្រី​ជាន់ខ្ពស់​នៃ​និយ័តករ​មូលបត្រ​កម្ពុជា​ ផ្សារ​មូលបត្រ​កម្ពុជា ​និង​តំណាង​វិស័យ​ឯកជន​ជា​ច្រើន​រូប​។

​ថ្លែងក្នុង​ពិធី​នេះ​ ​ឯកឧត្តម​ ​ហ៊ាន​ សាហ៊ីប បាន​អបអរសាទរ​ដល់​គណៈ​គ្រប់គ្រង​ ​និង​បុគ្គលិក​ក្រុមហ៊ុន​ SchneiTec ​Jupiter ​ក្រោម​ការ​ដឹកនាំ​របស់​លោក​បណ្ឌិត​ ​ហេង​ ​សុជាតិ ​ដែល​បាន​បំពេញ​តាម​លក្ខខណ្ឌ​ ​និង​នីតិវិធី​ចុះ​បញ្ជី​ រហូត​សម្រេចបាន​ការ​កៀរគរ​ទុន​រយៈពេល​វែង​ប្រមាណ​ ​១០០​ ​លាន​ដុល្លារ​អាម៉េរិក​ ​តាមរយៈ​ការ​បោះផ្សាយ​លក់​សញ្ញា​បណ្ណ​ហេដ្ឋារចនាសម្ព័ន្ធ​បៃតង​។

​ឯកឧត្តម​បាន​ចាត់ទុក​ការ​ចុះបញ្ជី​នេះ​ថា​ ​ជា​ព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់ ​ដែល​បង្ហាញ​ពី​ការ​រួមបញ្ចូលគ្នា​រវាង​ការ​អភិវឌ្ឍ​ទីផ្សារ​មូលធន ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ ​និង​ការ​ប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​ជំរុញ​សេដ្ឋកិច្ច​បៃតង ​និង​ការ​កាត់បន្ថយ​ការ​បំភាយ​ឧស្ម័ន​កាបូន​។

​ឯក​ឧត្តម​បាន​បញ្ជាក់​ថា​ ​ការ​សម្រេចបាន​គោលដៅ​អភិវឌ្ឍន៍​ទាំងនេះ​តម្រូវឱ្យ​មាន​ការ​វិនិយោគ​ទុន​ច្រើន​ ខណៈ​ដែល​ថវិកា​រដ្ឋ​តែ​មួយ​មុខ​មិន​អាច​បំពេញ​តម្រូវការ​ទាំងអស់​បាន​នោះ​ទេ​។ ​ដូច្នេះ​ ​ការ​កៀរគរ​ទុន​ពី​វិស័យ​ឯកជន​តាមរយៈ​ទីផ្សារ​មូលធន ​ជាពិសេស​ការ​បោះផ្សាយ​សញ្ញា​បណ្ណ​តាម​វិស័យ​ ​(​Thematic ​Bonds​)​ ​គឺជា​មធ្យោបាយ​សំខាន់​ក្នុង​ការ​ភ្ជាប់​ប្រភព​ទុន​រយៈពេល​វែង​ទៅកាន់​គម្រោង​ដែល​មាន​ផលប៉ះពាល់​វិជ្ជមាន​ដល់​បរិស្ថាន ​និង​សង្គម​។

​ឯក​ឧត្តម​បាន​បន្ថែម​ថា​ ​ការ​បោះផ្សាយ​សញ្ញា​បណ្ណ​របស់​ក្រុមហ៊ុន​ SchneiTec ​Jupiter ​មិន​ត្រឹមតែ​ជា​ការ​កៀរគរ​ទុន​សម្រាប់​ក្រុមហ៊ុន​ឯកជន​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ក៏​ជា​ការ​ចូលរួមចំណែក​ជាមួយ​រាជ​រដ្ឋាភិបាល​ក្នុង​ការ​កសាង​ប្រព័ន្ធ​អេកូឡូស៊ី​សេដ្ឋកិច្ច​បៃតង​ ​តាមរយៈ​ការ​បង្កើត​តម្លៃ​បន្ថែម​ខ្ពស់​ ការ​បង្កើត​ការងារ​បៃតង ​និង​ការ​ជំរុញ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។

​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​ ​X​avier ​Bettel ​ឧប​នាយករដ្ឋមន្ត្រី​លុច​សំបួរ ​បាន​មានប្រសាសន៍​ថា ​ក្នុងនាម​ជា​មជ្ឈមណ្ឌល​សកល​សម្រាប់​ឧបករណ៍​សញ្ញាបណ្ណ​ប្រកប​ដោយ​ចីរភាព​ ​រដ្ឋាភិបាល​លុច​សំបួរ​មាន​សេចក្តី​សោមនស្ស​រីករាយ​ដែល​បាន​ឃើញ​កិច្ច​សហប្រតិបត្តិការ​នៅ​កម្ពុជា​ តាមរយៈ​វិទ្យាស្ថាន​អភិវឌ្ឍន៍​បៃតង​សកល ​(​GGGI​)​ ​ក្នុង​ការ​ភ្ជាប់​មហិច្ឆតា​ថាមពល​ស្អាត​របស់​កម្ពុជា​ទៅ​នឹង​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​ប្រកបដោយ​ចីរភាព​។

​ឯក​ឧត្តម​បាន​សម្តែង​ក្តី​សង្ឃឹម​ថា​ ​ការ​បោះផ្សាយ​សញ្ញា​បណ្ណ​នេះ​នឹង​ជួយ​ពង្រឹង​ទំនុកចិត្ត​របស់​ធុរជន ​និង​វិនិយោគិន ​ក្នុង​ការ​ចូលរួម​ក្នុង​ទីផ្សារ​មូលបត្រ​កម្ពុជា​ដែល​កំពុង​អភិវឌ្ឍ​។

​ជាមួយគ្នា​នេះ​ ​ឯកឧត្តម​ ​Derek ​Yip ​ឯក​អគ្គ​រដ្ឋទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា ​បាន​លើកឡើង​ថា​ ​រដ្ឋាភិបាល​អូស្ត្រាលី​មាន​សេចក្តី​សោមនស្ស​ដែល​បាន​សហការ​ជាមួយនិយ័តករ​មូលបត្រ​កម្ពុជា​ ​(​SERC​)​ ​ក្នុង​ការ​រៀបចំ​ក្របខ័ណ្ឌ​បទប្បញ្ញត្តិ​សម្រាប់​សញ្ញា​បណ្ណ​ហេដ្ឋារចនាសម្ព័ន្ធ​ ​និង​បាន​រួមចំណែក​ក្នុង​ការ​បោះផ្សាយ​សញ្ញា​បណ្ណ​ដ៏​មាន​សារៈសំខាន់​នេះ​។​

​ឯក​ឧត្តម​បាន​លើកទឹកចិត្ត​ឱ្យ​ធុរជន ​និង​វិនិយោគិន​កាន់តែ​ច្រើន​យក​គំរូ​តាម​ការ​បោះផ្សាយ​នេះ​ ​ដោយ​ប្រើប្រាស់​ឧបករណ៍​ហិរញ្ញវត្ថុ​ដើម្បី​គាំទ្រ​ដល់​ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម​ទៀត​ ​សំដៅ​ជំរុញ​កំណើន​ប្រកបដោយ​ចីរភាព​ ​សន្តិសុខ​ថាមពល ​និង​ភាព​ធន់​នៃ​សេដ្ឋកិច្ច​កម្ពុជា​។

​ដោយឡែក​ ​ឯកឧត្តម​ ​ស៊ូ ​សុជាតិ​ ប្រតិភូ​រាជ​រដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គ​នាយក​និយ័តករ​មូលបត្រ​កម្ពុជា ​បាន​បញ្ជាក់​ថា​ ការ​អភិវឌ្ឍ​បៃតង​ជា​កម្លាំង​ចលករ​ដ៏​សំខាន់​សម្រាប់​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​ ការ​លើកកម្ពស់​គុណភាព​បរិស្ថាន ​និង​សន្តិសុខ​ថាមពល​ជាតិ​។

​លោក​បាន​ចាត់ទុក​ការ​ចុះបញ្ជី​សញ្ញា​បណ្ណ​ហេដ្ឋារចនាសម្ព័ន្ធ​បៃតង​របស់​ក្រុមហ៊ុន​ SchneiTec ​Jupiter ​ថា​ជា​សមិទ្ធផល​សំខាន់​មួយ ​ដែល​ចូលរួមចំណែក​ក្នុង​ការ​អនុវត្ត​យុទ្ធសាស្ត្រ​បញ្ចកោណ​-​ដំណាក់កាល​ទី​១ ​និង​ចក្ខុ​វិស័យ​កម្ពុជា​ឆ្នាំ​២០៥០ ​តាមរយៈ​ការ​លើកកម្ពស់​ការ​ផលិត​ថាមពល​កកើត​ឡើង​វិញ​ ​និង​ការ​កាត់បន្ថយ​ការ​ពឹងផ្អែក​លើ​ការ​នាំចូល​អគ្គិសនី​។

​ចំណែកឯកឧត្តម​ ​ហុង សុហួរ​ ប្រតិភូ​រាជ​រដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គ​នាយក​ផ្សារ​មូលបត្រ​កម្ពុជា​ ​បាន​ឱ្យ​ដឹង​ថា​ ​សមិទ្ធផល​នេះ​បង្ហាញ​ពី​ការ​បន្ត​បំពេញ​បេសកកម្ម​របស់​ផ្សារ​មូលបត្រ​កម្ពុជា​ ​ក្នុង​ការ​គាំទ្រ​ដល់​ការ​កៀរគរ​ទុន​រយៈពេល​វែង​សម្រាប់​សហគ្រាស​ធុន​តូច ​និង​មធ្យម​ក្នុង​ស្រុក​ ​ដើម្បី​អភិវឌ្ឍ​អាជីវកម្ម ​រួមចំណែក​ដល់​ការ​ផ្គត់ផ្គង់​ថាមពល​ស្អាត ​និង​ប្រកបដោយ​ចីរភាព​ ​ព្រមទាំង​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ច​ជាតិ​។

​ឯកឧត្តម​ក៏​បាន​អំពាវនាវ​ឱ្យ​សហគ្រាស​ធុន​តូច ​និង​មធ្យម​ក្នុង​ស្រុក​ ​ព្រមទាំង​ក្រុមហ៊ុន​អន្តរជាតិ​ដែល​មាន​សក្តានុពល ​និង​បំពេញ​តាម​លក្ខខណ្ឌ​ចុះបញ្ជី​ ​ពិចារណា​ប្រើប្រាស់​ទីផ្សារ​មូលបត្រ​កម្ពុជា​ជា​ប្រភព​កៀរគរ​ទុន​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។

​លោក​បណ្ឌិត​ ​ហេង​ ​សុជាតិ​ ​អគ្គ​នាយក​ក្រុមហ៊ុន​ SchneiTec ​Jupiter ​បាន​ថ្លែងអំណរគុណ​ដល់​និយ័តករ​មូលបត្រ​កម្ពុជា​ ផ្សារ​មូលបត្រ​កម្ពុជា​ ​រដ្ឋាភិបាល​អូស្ត្រាលី ​និង​ដៃគូ​ពាក់ព័ន្ធ​នានា​ ​ចំពោះ​ការ​គាំទ្រ​ដែល​បាន​រួមចំណែក​ដល់​ការ​សម្រេចបាន​សមិទ្ធផល​នេះ​។ ​លោក​បាន​លើកឡើង​ថា​ ​សញ្ញា​បណ្ណ​នេះ​បង្ហាញ​ពី​របៀប​ដែល​ហិរញ្ញប្បទាន​ប្រកបដោយន​វានុវត្តន៍​អាច​ជំរុញ​ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​ស្អាត​ខ្នាត​ធំ​ ​ព្រមទាំង​រួមចំណែក​ដល់​សន្តិសុខ​ថាមពល ​និង​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​របស់​កម្ពុជា​។

​ជាមួយគ្នា​នេះ​ ​ឯកឧត្តម​ ​ហ៊ាន​ សាហ៊ីប បាន​គូស​បញ្ជាក់​ពី​ការ​ប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​បន្ត​អភិវឌ្ឍ​វិស័យ​មូលបត្រ​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន ​រឹង​មាំ ​មាន​តម្លាភាព​ ​និង​ទទួល​បាន​ទំនុកចិត្ត​ខ្ពស់​ ​តាមរយៈ​យុទ្ធសាស្ត្រ​ស្នូល​ចំនួន​៥ រួម​មាន​ ការ​ពង្រឹង​ក្របខ័ណ្ឌ​គតិយុត្ត ​និង​អភិបាលកិច្ច​សាជីវកម្ម​ឱ្យ​ស្រប​តាម​ឧត្តមានុវត្តន៍​អន្តរជាតិ​ ការ​ធ្វើ​ពិពិធកម្ម​ផលិតផល​ហិរញ្ញវត្ថុ​ ​និង​ហិរញ្ញវត្ថុ​បៃតង​ ការ​លើកទឹកចិត្ត​ក្រុមហ៊ុន​បោះផ្សាយ ​និង​ពង្រីក​មូលដ្ឋាន​វិនិយោគិន ការ​ជំរុញ​បរិវត្ត​កម្ម​ឌីជីថល ​និងន​វានុវត្តន៍​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ ​ព្រមទាំង​ការ​លើកកម្ពស់​ចំណេះដឹង​ហិរញ្ញវត្ថុ​ ​និង​ការ​យល់ដឹង​ជា​សាធារណៈ​អំពី​ការ​វិនិយោគ​ក្នុង​វិស័យ​មូលបត្រ​។

ការ​ចុះបញ្ជី​សញ្ញា​បណ្ណ​ហេដ្ឋារចនាសម្ព័ន្ធ​បៃតង​នេះ​ ​ត្រូវ​បាន​ចាត់ទុក​ថា​ជា​ការ​បោះជំហាន​មួយ​ក្នុង​ការ​ប្រើប្រាស់​ទីផ្សារ​មូលធន ​ដើម្បី​កៀរ​គរ​ប្រភព​ទុន​រយៈពេល​វែង​ពី​វិស័យ​ឯកជន​ ​មក​គាំទ្រ​ដល់​ការ​វិនិយោគ​លើ​ថាមពល​ស្អាត ​និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​បៃតង​នៅ​កម្ពុជា​៕