
ភ្នំពេញ៖ គណៈប្រតិភូនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី បានអញ្ជើញទស្សនកិច្ចរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ដែលជារោងចក្រទឹកស្អាតធំបំផុតនៅកម្ពុជា និងជាសមិទ្ធផលដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំង ក្នុងការពង្រីកការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងតំបន់ជុំវិញ។
ដំណើរទស្សនកិច្ចនេះធ្វើឡើងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការទទួលស្វាគមន៍ពីឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ គណៈប្រតិភូដែលចូលរួមមានតំណាងប្រទេសសមាជិកហ្វ្រង់កូហ្វូនីជាច្រើន រួមទាំងកម្ពុជា និងបារាំង ព្រមទាំងតំណាងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា។
ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ ឯកឧត្តម ហែម វណ្ណឌី ក៏បានជួបពិភាក្សាជាមួយគណៈប្រតិភូបារាំងអំពីឱកាសពង្រីកបទពិសោធន៍ជោគជ័យនៃការផ្គត់ផ្គង់ទឹកស្អាតនៅរាជធានីភ្នំពេញ ទៅកាន់តំបន់ផ្សេងៗទៀតទូទាំងប្រទេស។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ការផ្គត់ផ្គង់ទឹកស្អាតប្រកបដោយសុវត្ថិភាព និងនិរន្តរភាព គឺជាសេវាសាធារណៈដ៏ចាំបាច់សម្រាប់ការការពារសុខភាពប្រជាពលរដ្ឋ និងការលើកកម្ពស់អនាម័យ ព្រមទាំងជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងកំណើនឧស្សាហកម្ម។
ឯកឧត្តមបានបញ្ជាក់ថា ខណៈរាជធានីភ្នំពេញកំពុងរីកចម្រើន រោងចក្រ សហគ្រាស និងអាជីវកម្មនានា ត្រូវការទឹកស្អាតដើម្បីរក្សាដំណើរការផលិតកម្ម និងអាជីវកម្ម ព្រមទាំងគាំទ្រដល់ការវិនិយោគ និងការពង្រីកប្រតិបត្តិការរបស់ខ្លួន។
ជាមួយគ្នានេះ ឯកឧត្តម ហែម វណ្ណឌី បានថ្លែងអំណរគុណដល់ភាគីបារាំងចំពោះកិច្ចសហប្រតិបត្តិការ និងការគាំទ្រអស់រយៈពេលជាងបីទសវត្សរ៍កន្លងមក ដោយបញ្ជាក់ថា កម្ពុជាចង់ឱ្យតំបន់ផ្សេងៗទៀតទទួលបានផលប្រយោជន៍ស្រដៀងគ្នានឹងភាពជោគជ័យដែលសម្រេចបាននៅរាជធានីភ្នំពេញ។
លោក Tristan-Aurel Mouline អគ្គនាយករងនៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ បានលើកឡើងថា រោងចក្រទឹកស្អាតបាក់ខែងបង្ហាញពីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការដែលកម្ពុជា និងបារាំងអាចសម្រេចបានរួមគ្នាក្នុងវិស័យទឹកស្អាត។ លោកបានបញ្ជាក់ពីមោទនភាពចំពោះសមិទ្ធផលនេះសម្រាប់រាជធានីភ្នំពេញ និងការប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការ ដើម្បីឱ្យប្រជាពលរដ្ឋកាន់តែច្រើននៅតំបន់ផ្សេងៗទៀតក្នុងប្រទេសកម្ពុជា អាចទទួលបានទឹកស្អាតប្រកបដោយសុវត្ថិភាព។
គួរបញ្ជាក់ថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង គឺជារោងចក្រទឹកស្អាតធំបំផុតរបស់កម្ពុជា ដែលត្រូវបានសាងសង់ជាបីដំណាក់កាល ក្នុងទំហំទឹកប្រាក់សរុបប្រមាណ ៦៦០ លានដុល្លារអាម៉េរិក។ គម្រោងនេះទទួលបានហិរញ្ញប្បទានសម្បទានពីភាគីបារាំង តាមរយៈ AFD សហភាពអឺរ៉ុប និងធនាគារវិនិយោគអឺរ៉ុប ព្រមទាំងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។
បច្ចុប្បន្ន ដំណាក់កាលទី១ និងទី២ បានបញ្ចប់ការសាងសង់ និងកំពុងដំណើរការផ្គត់ផ្គង់ទឹកស្អាតរួចហើយ ខណៈដំណាក់កាលទី៣ គ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២៧។ នៅពេលបញ្ចប់ដំណាក់កាលចុងក្រោយនេះ រោងចក្រនឹងមានសមត្ថភាពផលិតទឹកស្អាតរហូតដល់ ៥៨៥.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ឬស្មើនឹងជិតពាក់កណ្តាលនៃសមត្ថភាពផលិតទឹកស្អាតសរុបរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ៕








