កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលមានសហគ្រិនអ្នកនិយាយភាសាបារាំងចូលរួមប្រមាណ ១ ២០០ នាក់ មកពី ៧២ ប្រទេសនិយាយភាសាបារាំង។ ដោយកម្មវិធីនឹងធ្វើឡើងថ្ងៃ ១៥ ដល់១៦ ខែវិច្ឆិកា ឆ្នាំ ២០២៦ បន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីថ្ងៃទី ១៤។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ប្រាក់ សុខុន បានថ្លែងថា នៅក្នុង «កិច្ចប្រជុំសហគ្រិនអ្នកនិយាយភាសាបារាំង» (Francophone Entrepreneurs Meeting – REF) ដែលជាព្រឹត្តិការណ៍អមដ៏សំខាន់មួយ ដំណើរការទន្ទឹមនឹងពិព័រណ៍បច្ចេកវិទ្យា និងនវានុវត្តន៍ឌីជីថល FrancoTech 2026 ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នឹងមានសហគ្រិនអ្នកនិយាយភាសារបារាំងចូលរួមចំនួន ១២០០នាក់មកពី ៧២ ប្រទេស។
ថ្លែងក្នុងកិច្ចសម្ភាសន៍ពិសេសស្តីពី កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី ២០ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ព្រឹត្តិការណ៍អម ដែលកម្ពុជារៀបចំទន្ទឹមនឹងពិព័រណ៍បច្ចេកវិទ្យា និងនវានុវត្តន៍ឌីជីថល FrancoTech 2026 នឹងប្រមូលផ្ដុំសហគ្រិន, តំណាងខាងផ្នែកវិស័យឯកជន ក្រុមសហគ្រិនវ័យក្មេង (Start Up) រួមនឹងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនទៀត។

ឧបនាយករដ្ឋមន្ត្រីរូបនេះបានថ្លែងបន្តទៀថា «គ្រាន់តែអ្នករៀបចំក្នុងព្រឹត្តិការណ៍អម FrancoTech នេះ គឺមានរហូតដល់ ៤ ៦០០ នាក់ ខណៈ ក្នុងព្រឹត្តិការណ៍អមនេះ ក៏នឹងមានកិច្ចប្រជុំមួយទៀត ដែលហៅថា កិច្ចប្រជុំ សហគ្រិនអ្នកនិយាយភាសារបារាំងដែលមានអ្នកចូលរួមចំនួន ១ ២០០ នាក់ចូលរួម មកពី ៧២ ប្រទេស»។
ក្នុងព្រឹត្តិការណ៍អម ក្រៅពី FrancoTech ក៏មានព្រឹត្តិការណ៍អមមួយទៀត គឺ «ភូមិហ្វ្រង់កូហ្វូនី» ដែលធ្វើឡើងនៅសួនច្បារខាងមុខវត្តបទុមវតី ដែលមកដល់ពេលនេះ ក្រុមការងារបានរៀបចំស្ដង់ ១៣០ រួចហើយ ដែលក្នុងនោះស្ដង់ ៧៣ សម្រាប់ប្រទេស ៥៦ប្រទេស ដើម្បីដាក់បង្ហាញផលិតផលពីស្រុកនានាដែលគេមកចូលរួម មានការសម្ដែងសិល្បៈ, ការបង្ហាញសក្ដានុពលលើវិស័យទេសចរណ៍ជាដើម និងមានស្តង់ ៣០ស្ដង់ទៀត សម្រាប់ធ្វើការដាក់បង្ហាញម្ហូបអាហាររបស់បណ្ដាប្រទេសជាសមាជិកផងដែរ។
កិច្ចប្រជុំធុរកិច្ចលំដាប់អន្តរជាតិនេះ រៀបចំឡើងដោយសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន (Alliance des Patronats Francophones – APF) សហការជាមួយសភាពាណិជ្ជកម្មកម្ពុជា (CCC) ដែលនឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃ១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០២៦ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។
កិច្ចប្រជុំនេះនឹងមានការរៀបចំជំនួបពិភាក្សាពាណិជ្ជកម្ម (B2B Meetings) ហ្វ្រង់កូហ្វូនី សន្និសីទ និងវេទិកាតុមូល ដើម្បីបង្កើតបណ្តាញទំនាក់ទំនង និងស្វែងរកឱកាសវិនិយោគរួមគ្នារវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន៕
អត្ថបទ៖ ឆដា, រូបភាព៖ ទទក






