
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងអង្គការលំនៅឋានមនុស្សជាតិអន្តរជាតិ (HFHI) បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការលើការផ្តល់ហិរញ្ញប្បទានលំនៅឋានតម្លៃសមរម្យ និងពង្រីកបរិយាបន្នហិរញ្ញវត្ថុ ដើម្បីបង្កើនលទ្ធភាពទទួលបានឥណទានសម្រាប់គ្រួសារកម្ពុជា។
ការពិភាក្សានេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងគណៈប្រតិភូ HFHI ដឹកនាំដោយលោក Jonathan T. M. Reckford នាយកប្រតិបត្តិ HFHI កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។
ក្នុងឱកាសនេះ លោក Jonathan T. M. Reckford បានជម្រាបជូនអំពីបទពិសោធរបស់ HFHI ក្នុងការផ្តល់ជំនួយបច្ចេកទេស និងការគាំទ្រដល់គ្រឹះស្ថានហិរញ្ញវត្ថុ ក្នុងការអភិវឌ្ឍផលិតផលឥណទានសម្រាប់លំនៅឋាន ដើម្បីជួយឱ្យគ្រួសារដែលមានចំណូលទាបអាចកែលម្អលក្ខខណ្ឌនៃការរស់នៅ ដូចជាការកែលម្អលំនៅឋាន និងអនាម័យជាដើម។
កិច្ចពិភាក្សាក៏បានលើកឡើងពីសារៈសំខាន់នៃកិច្ចសហការរវាងភាគីពាក់ព័ន្ធ ដើម្បីគាំទ្រដល់ការលើកកម្ពស់ការផ្តល់ហិរញ្ញប្បទានលំនៅឋានប្រកបដោយចីរភាព។
ជាការឆ្លើយតប លោកជំទាវបណ្ឌិត ជា សិរី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទានលំនៅឋានដែលមានលក្ខខណ្ឌសមស្រប ដោយត្រូវដើរទន្ទឹមនឹងការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ និងការការពារអតិថិជនប្រកបដោយប្រសិទ្ធភាព ដើម្បីធានាថាការផ្តល់ឥណទានមិនបង្កជាបន្ទុកដល់គ្រួសារនោះទេ។
ជាមួយគ្នានេះ លោកជំទាវទេសាភិបាលក៏បានស្វាគមន៍ចំពោះលទ្ធភាពដែល HFHI អាចចូលរួមចែករំលែកបទពិសោធ និងឧត្តមានុវត្តន៍ក្នុងកិច្ចពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ និងវិនិយោគិន សំដៅពង្រឹងការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ និងឆ្លើយតបបានកាន់តែប្រសើរទៅនឹងតម្រូវការជាក់ស្តែងរបស់គ្រួសារកម្ពុជា៕
អត្ថបទ៖ ប៊ី








