កម្ពុជា ចុះបញ្ជីគម្រោងវិនិយោគថ្មី ៣៧គម្រោង ទុន ២៤៦លានដុល្លារ បង្កើតការងារជិត ១៩,០០០កន្លែង

តាមដានជាមួយយើង៖ Million Times

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត (អ.គ.វ.រ.ខ.) បានចុះបញ្ជីគម្រោងវិនិយោគថ្មីសរុបចំនួន ៣៧គម្រោង ដែលមានទំហំទុនវិនិយោគប្រមាណ ២៤៦លានដុល្លារអាម៉េរិក ក្នុងខែតុលា ឆ្នាំ២០២៦ ដោយរំពឹងថានឹងបង្កើតឱកាសការងារបានប្រមាណ ១៩,០០០កន្លែង។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងវិនិយោគទាំង ៣៧នេះ រួមមានគម្រោងចំនួន ២៤ ដែលបានចុះបញ្ជីដោយ ក.អ.ក. ក្នុងទំហំទុនវិនិយោគប្រមាណ ២០៥លានដុល្លារអាម៉េរិក និងរំពឹងថានឹងបង្កើតការងារប្រមាណ ១១,០០០កន្លែង។

ដោយឡែក គម្រោងចំនួន ១៣ផ្សេងទៀត ត្រូវបានចុះបញ្ជីដោយ អ.គ.វ.រ.ខ. ដែលមានទំហំទុនវិនិយោគប្រមាណ ៤១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៨,០០០កន្លែង។

សម្រាប់រយៈពេល ១០ខែដំបូងនៃឆ្នាំ២០២៦ វិស័យឧស្សាហកម្មនៅតែជាវិស័យស្នូលក្នុងការទាក់ទាញការវិនិយោគនៅកម្ពុជា។ ទន្ទឹមនឹងនេះ ការវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស វិស័យកសិកម្ម ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធ ក៏បានបន្តរួមចំណែកដល់ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ច និងការបង្កើតឱកាសការងារនៅកម្ពុជា។

ការចុះបញ្ជីគម្រោងវិនិយោគទាំងនេះ ឆ្លុះបញ្ចាំងពីសកម្មភាពវិនិយោគក្នុងវិស័យសំខាន់ៗ និងការរួមចំណែករបស់វិស័យទាំងនេះដល់សេដ្ឋកិច្ចជាតិ៕

អត្ថបទ៖ ប៊ី