ត្រឹមរយៈពេល ៩ ខែ នៃឆ្នាំ ២០២៦ នេះ ប្រជាពលរដ្ឋជាង ៥៦ ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍ពីរបបសន្តិសុខសង្គម ប.ស.ស.។

ក្នុងចំណោមប្រជាពលរដ្ឋសរុបជាង ៥៦ម៉ឺននាក់ មានស្ត្រីជិត ៣០ ម៉ឺននាក់ បានទទួលអត្ថប្រយោជន៍ពីរបបសន្តិសុខសង្គម តាមរយៈបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ នេះបើតាមការបញ្ជាក់របស់លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
អ្នកនាំពាក្យរូបនេះបានបន្ថែមទៀតថា ការកើនឡើងចំនួនសមាជិក ប.ស.ស. គឺជាការរួមចំណែកដ៏សំខាន់ក្នុងការជួយឲ្យប្រជាពលរដ្ឋកាន់តែច្រើនទទួលបានអត្ថប្រយោជន៍ពីរបបសន្តិសុខសង្គម ដើម្បីលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅ ព្រមទាំងកាត់បន្ថយការចំណាយលើសេវាសុខាភិបាល។

លោក ស៊ុន មេសា បានបន្តថា ប.ស.ស. បាននិងកំពុងបន្តពង្រឹងគុណភាពសេវា និងពង្រីកភាពងាយស្រួលក្នុងការប្រើប្រាស់សេវាជូនសមាជិក តាមរយៈការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យា ដើម្បីឲ្យសមាជិកអាចទទួលបានព័ត៌មាន ហើយប្រើប្រាស់អត្ថប្រយោជន៍ពីរបបសន្តិសុខសង្គមតាមប្រព័ន្ធអនឡាញបានកាន់តែងាយស្រួល។
គួរបញ្ជាក់ថា ប.ស.ស.) គឺជាប្រតិបត្តិករតែមួយគត់ដែលទទួលបន្ទុកអនុវត្តរបបសន្តិសុខសង្គមលើផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន។ ប.ស.ស. ក៏ជាស្ថាប័នសាធារណៈឈានមុខមួយក្នុងការធ្វើទំនើបកម្មស្ថាប័ន និងអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដោយបានដាក់ប្រើប្រាស់កម្មវិធីទូរសព្ទដៃ ប.ស.ស. គេហទំព័រ ប.ស.ស. ម៉ាស៊ីនបញ្ជាក់អត្តសញ្ញាណស្វ័យប្រវត្តិ និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានផ្សេងៗទៀត ដើម្បីផ្តល់ភាពងាយស្រួល និងបង្កើនទំនុកចិត្តជូនដល់សមាជិក ប.ស.ស. និងសាធារណជន៕
អត្ថបទ៖ ឆដា, រូបភាព៖ Soun Mesa






