CMAC និងអង្គការ APOPO ចុះកិច្ចព្រមព្រៀងបោសសម្អាតគ្រាប់បែកចង្កោម និងសំណល់យុទ្ធភណ្ឌតាមបណ្តោយព្រំដែន ក្រោមជំនួយ EU ១,៨ លានដុល្លារ

អគ្គនាយក​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា លោក ហេង រតនា បាន​ឲ្យ​ដឹង​ថា លោក និង​លោក Michael Raine ប្រធាន​អង្គការAPOPO ប្រចាំ​កម្ពុជា បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​យោគយល់​គ្នា​ក្រោម​គម្រោង «ការ​គាំទ្រ​ដល់​ស្ថិរភាព និង​ការ​ស្ដារ​ឡើងវិញ​នៅ​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​នៃ​ប្រទេស​កម្ពុជា តាម​រយៈ​ការ​ពន្លឿន​ការ​ស្រាវជ្រាវ និង​ការ​បោស​សម្អាត​គ្រាប់បែក​ចង្កោម និង​សំណល់​យុទ្ធភណ្ឌមិនទាន់ផ្ទុះ»។

តាមដានជាមួយយើង៖ Million Times

គម្រោង​នេះ​មាន​រយៈ​ពេល​អនុវត្ត ១៨ខែ ចាប់ពី​ខែ​តុលា ឆ្នាំ ២០២៦ ដល់​ខែ​មីនា ឆ្នាំ ២០២៨ ដោយ​មាន​ថវិកា​គាំទ្រ​គម្រោង​សរុប ១ ៦០០ ០០០ អឺរ៉ូ ស្មើនឹង​ប្រមាណ១ ៨០០ ០០០ ដុល្លារ ជា​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​របស់​សហភាព​អឺរ៉ុប(EU)។

អង្គការAPOPO គឺជាដៃគូអន្តរជាតិដ៏សំខាន់មួយរបស់អង្គភាពCMAC ក្នុង​ការងារ​បោស​សម្អាត​មីន និង​សំណល់​យុទ្ធភណ្ឌ​ពី​សង្គ្រាម ចាប់តាំង​ពី​ឆ្នាំ ២០១៤ មក។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ ភាគី​ទាំង ២ បាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​រំដោះ​ផ្ទៃដី​ពី​ការ​គំរាមកំហែង​ដោយ​សំណល់​យុទ្ធភណ្ឌ​ផ្ទុះ ជាពិសេស​តំបន់​គ្រាប់​បែក​ចង្កោម​របស់​ថៃ​ឈ្លានពាន​ក្នុង​សង្គ្រាម​ឆ្នាំ ២០២៥ ដែល​បាន​បាញ់​ផ្លោង​មក​លើ​លំនៅឋាន និង​ស្រែចម្ការ​របស់​ប្រជាជន ព្រម​ទាំង​ពង្រឹង​សមត្ថភាព​បច្ចេកទេស និង​ប្រតិបត្តិការ​បោស​សម្អាត​មីន រួម​ទាំង​ការ​ប្រើប្រាស់​សុនខ និង​កណ្ដុរ​ហិត​មីន​ក្នុង​ប្រតិបត្តិការ​មនុស្សធម៌។

ការ​អនុវត្ត​គម្រោង​នឹង​រួម​ចំណែក​ដល់​ការ​ស្តារ​ឡើង​វិញ​នូវ​សកម្មភាព​សេដ្ឋកិច្ច​សង្គម នៅ​តាម​តំបន់​រង​ផល​ប៉ះពាល់ ពង្រឹង​សុវត្ថិភាព​សហគមន៍ និង​បង្កើត​លក្ខខណ្ឌ​អំណោយផល សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព។

កិច្ចខិតខំប្រឹងប្រែងនេះក៏បង្ហាញពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងអង្គភាព CMAC ដៃគូ​អន្តរជាតិ ដើម្បី​ដោះស្រាយ​បញ្ហា​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម ដែល​បន្ត​គំរាមកំហែង​ដល់​អាយុជីវិត និង​សុវត្ថិភាព​របស់ប្រជាពលរដ្ឋ។

តាមរយៈគម្រោងនេះ អង្គភាពCMAC និងអង្គការAPOPO ប្តេជ្ញាបន្តសហការយ៉ាងជិតស្និទ្ធ ដោយ​ប្រើប្រាស់​ជំនាញ បទពិសោធន៍ និង​សមត្ថភាព​បច្ចេកទេស ដើម្បី​ពន្លឿន​​ការ​ស្រាវជ្រាវ និង​បោសសម្អាត​សំណល់​យុទ្ធភណ្ឌ​ប្រកប​ដោយ​ប្រសិទ្ធភាព និង​សុវត្ថិភាព។ នេះ​ជា​ការ​រួម​ចំណែក​ដ៏​មាន​អត្ថន័យ​ក្នុង​ការ​ការពារ​អាយុ​ជីវិត​ប្រជាពលរដ្ឋ ការ​ស្តារ​សហគមន៍ និង​ការ​លើក​កម្ពស់​សន្តិសុខ​មនុស្ស​នៅ​តាម​បណ្តាខេត្តជាប់ព្រំដែនកម្ពុជា៕

អត្ថបទ៖ ឆដា, រូបភាព៖ PRU