ក្រសួងអប់រំ ចេញសេចក្ដីប្រកាសផ្អាកការសិក្សាសាលារដ្ឋ និងឯកជនទាំងអស់នៅភ្នំពេញ ២ ថ្ងៃ ក្នុងអំឡុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី

នៅ​ថ្ងៃនេះ​ក្រសួង​អប់រំ យុវជន និង​កីឡា សម្រេច​ផ្អាក​ដំណើរ​ការ​សិក្សា​នៅ​គ្រឹះស្ថាន​សិក្សា សាធារណៈ និង​ឯកជន​ទាំងអស់​ក្នុង​រាជធានីភ្នំពេញ រយៈពេល ២ ថ្ងៃ គឺនៅថ្ងៃទី១៥ និងថ្ងៃទី១៦ ខែ​វិច្ឆិកា ឆ្នាំ២០២៦ ខាង​មុខ ដើម្បីជៀសវាងការរំខានដល់ការសិក្សា និងសម្រួលដល់ការធ្វើដំណើរ ក្នុង​អំឡុង​ពេល​កិច្ច​ប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែល​ប្រទេស​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

តាមដានជាមួយយើង៖ Million Times

ការផ្អាកដំណើរការសិក្សានេះ មាន​គោល​បំណងជៀសវាងផលប៉ះពាល់ពីការកកស្ទះចរាចរណ៍ ដែល​អាច​កើត​ឡើង​ក្នុង​អំឡុង​ពេល​កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែល​គ្រោង​នឹង​ប្រព្រឹត្ត​ចាប់ពី​ថ្ងៃ ១៥-១៦ ខែ​វិច្ឆិកា ឆ្នាំ ២០២៦ នា​រាជធានី ភ្នំពេញ។

កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នឹងនាំមកជួបជុំប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​នៃ​បណ្ដា​ប្រទេស​សមាជិក​ដែល​ប្រើប្រាស់​ភាសា​បារាំង ដើម្បី​ពិភាក្សា​លើ​បញ្ហា​ប្រឈម​សំខាន់​ៗ​ក្នុង​ពិភព​លោក​រួមមាន កិច្ចសហប្រតិបត្តិការអន្តរជាតិ ពហុភាគីនិយម និងការអភិវឌ្ឍប្រកបដោយចីរភាព។

ក្រៅពីជាវេទិកាសម្រាប់ការពិភាក្សាលើបញ្ហាអន្តរជាតិ កិច្ចប្រជុំ​នេះ​ក៏​ជា​ឱកាស សម្រាប់​ពង្រឹង​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការរវាងសមាជិកនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ព្រមទាំង​លើក​កម្ពស់​តួនាទី​កម្ពុជា នៅ​ក្នុង​សហគមន៍​ប្រើប្រាស់​ភាសា​បារាំងផងដែរ។

នា​ឱកាសនេះ ក៏គ្រោងនឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីមួយចំនួន និង​ការ​រៀបចំ​កម្មវិធី​ផ្លាស់ប្ដូរ​វប្បធម៌ ដើម្បី​បង្ហាញ​ពី​ភាព​សម្បូរ​បែប​នៃ​ភាសា វប្បធម៌ និង​បេតិកភណ្ឌរបស់កម្ពុជា។


ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល​នេះ ត្រូវ​បាន​រំពឹង​ថា​នឹង​ផ្ដល់​ឱកាស​ដល់​កម្ពុជា ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​អន្តរជាតិ និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​បណ្ដា​ប្រទេស​សមាជិក​នៃ​សហគមន៍​ហ្វ្រង់កូហ្វូនី៕

អត្ថបទ៖ ឆដា, រូបភាព៖ អ៊ីនធឺណិត