កម្ពុជា និងអ៊ីស្រាអែល បានប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ កសិកម្ម អប់រំ ទេសចរណ៍ និងការងារ ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំ។
ការប្តេជ្ញានេះធ្វើឡើងក្នុងជំនួបទ្វេភាគីរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង ឯកឧត្តម Isaac Herzog ប្រធានាធិបតីអ៊ីស្រាអែល នារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នៅរដ្ឋធានីបាគូ នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ក្នុងឱកាសសម្តេចធិបតីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) លើកទី៧ ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។
ក្នុងឱកាសនៃជំនួប ឯកឧត្តម Isaac Herzog បានសម្តែងក្តីរីករាយចំពោះការជួបពិភាក្សាការងារជាមួយសម្តេចធិបតី និងបានលើកឡើងថា ជំនួបនេះបានឆ្លុះបញ្ចាំងពីមិត្តភាពដ៏យូរអង្វែងរវាងអ៊ីស្រាអែល និងកម្ពុជា។
ជាការឆ្លើយតប សម្តេចធិបតីបានសម្តែងក្តីរីករាយចំពោះការជួបពិភាក្សាការងារជាមួយឯកឧត្តមប្រធានាធិបតីអ៊ីស្រាអែល និងបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះឯកឧត្តមប្រធានាធិបតី។
ថ្នាក់ដឹកនាំទាំងពីរបានសម្តែងការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអ៊ីស្រាអែល ក្នុងរយៈពេលជិត ៦ទសវត្សរ៍កន្លងមក ហើយបានប្តេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងនេះបន្ថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។
ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់អំពីការពូនជ្រំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ កសិកម្ម អប់រំ ទេសចរណ៍ និងការងារ។
សម្តេចធិបតី និងឯកឧត្តមប្រធានាធិបតីអ៊ីស្រាអែល បានឯកភាពលើការពង្រឹងយន្តការពិគ្រោះយោបល់ និងការផ្លាស់ប្តូរដំណើរទស្សនកិច្ចមន្ត្រីជាន់ខ្ពស់ឱ្យបានទៀងទាត់ ដើម្បីស្វែងរក និងទាញយកកាលានុវត្តភាពថ្មីៗបន្ថែមទៀត ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី ឆ្ពោះទៅកម្រិតថ្មី។
មុនបញ្ចប់ជំនួប សម្តេចធិបតីបានសម្តែងការអរគុណចំពោះរដ្ឋាភិបាលអ៊ីស្រាអែល ដែលបានយកចិត្តទុកដាក់ ផ្តល់ការគាំទ្រ និងទំនុកបម្រុងដល់និស្សិត និងប្រជាពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅក្នុងប្រទេសអ៊ីស្រាអែល៕
អត្ថបទ៖ ប៊ី










