អ្នកឧកញ៉ា ម៉ៅ ចំណាន បង្ហាញកន្លែងកម្សាន្តផ្សេងក្រៅពីតំបន់ប្រាសាទ ដោយងាកទៅលេងភាគនៅនារតីម្ដង

អនុ​ប្រធាន​ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​ណែនាំ​កន្លែង​ទេសចរ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​មាន​ភាព​ស្រស់​ស្អាត​មួយ​ជ្រុង​ទៀត នោះ​គឺ​ឆ្នេរសមុទ្រ និង​កោះ​ដ៏​ស្រស់​ស្អាត។

តាមដានជាមួយយើង៖ Million Times

អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​ឲ្យ​ដឹង​ថា ពេល​និយាយ​ដល់​ប្រទេស​កម្ពុជា មាន​ពុក​ម៉ែ​បង​ប្អូន​ជាច្រើន ប្រហែល​ជា​នឹក​ឃើញ​មុន​គេ​ដល់​ប្រាសាទ​ដ៏​អស្ចារ្យ និង​វប្បធម៌​ដ៏​សម្បូរ​បែប​របស់​ខ្មែរ។ ប៉ុន្តែ​កម្ពុជា​នៅ​មាន​ភាព​ស្រស់​ស្អាត​មួយ​ជ្រុង​ទៀត ដែល​អនុ​ប្រធាន​ក្រុម​ហ៊ុន រ៉ូយ៉ាល់គ្រុប ចង់​ឲ្យ​មនុស្ស​កាន់តែ​ច្រើន​បាន​ទៅ​ស្គាល់ និង​ទទួល​យក​បទ​ពិសោធន៍ នោះ គឺ​ឆ្នេរសមុទ្រ និង​កោះ​ដ៏​ស្រស់​ស្អាត​របស់​កម្ពុជា ដែល​មាន​ខ្សាច់​ស ទឹក​សមុទ្រ​ថ្លា និង​ទេសភាព​ដ៏​ស្ងប់ស្ងាត់។

កោះរ៉ុង គឺ​ជា​កន្លែង​មួយ​ដែល​អ្នកឧកញ៉ា ម៉ៅ ចំណាន ចូលចិត្ត​ទៅ​សម្រាក និង​បន្ថយ​ភាព​មមាញឹក​ពី​ជីវិត​ប្រចាំថ្ងៃ។ ដែល​នេះ​ជា​ការ​ចូលរួម​ផ្សព្វផ្សាយ ក៏​ដូចជា​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ បាន​ស្គាល់​ពី​កន្លែង​ទេសចរ​នៅ​ក្នុង​ស្រុក ឲ្យ​បាន​គ្រប់​ទី​កន្លែង។

ប្រធាន​សមាគម​សិល្បករ​ខ្មែរ បាន​បន្ថែម​ទៀត​ថា នៅ​កោះ ភ្ញៀវ​ទេសចរ​អាច​ដើរ​លេង​តាម​ឆ្នេរ គយគន់​សមុទ្រ ចំណាយ​ពេលជាមួយគ្រួសារ និង​អនុញ្ញាត​ឲ្យ​ខ្លួនឯង​បាន​សម្រាក​ពី​ការងារ​ហត់​នឿយ​បន្តិច។

ភរិយា​អ្នក​ឧកញ៉ា គិត ម៉េង ចង់​ឲ្យ​ពុកម៉ែបងប្អូនខ្មែរកាន់តែច្រើន នឹង​ចំណាយ​ពេល​ស្វែង​យល់ និង​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ផ្សេង​ៗ​ក្នុង​ប្រទេស​កម្ពុជា រួមទាំងឆ្នេរសមុទ្រ និង​កោះនានាផងដែរ ហើយ​ក៏​សង្ឃឹម​ថា ភ្ញៀវទេសចរមកពីជុំវិញពិភពលោកនឹងបានឃើញថា កម្ពុជា​មាន​កន្លែង​កម្សាន្ត លំហែ​ជាច្រើន​សម្រាប់​ពួកគេ​ស្វែងយល់ ចាប់ពី​ប្រវត្តិសាស្ត្រ និង​វប្បធម៌ រហូត​ដល់​សម្រស់​ធម្មជាតិ​នៃ​តំបន់​ឆ្នេរ៕


អត្ថបទ៖ ឆដា, រូបភាព៖ Lok Chumteav Neak Oknha Mao Chamnan