ARDB ឈ្នះពានរង្វាន់ ADFIAP Development Award 2026 លើកម្មវិធីហិរញ្ញប្បទានតភ្ជាប់ទីផ្សារ និងការផលិត

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានទទួលពានរង្វាន់ ADFIAP Development Award 2026 សម្រាប់កម្មវិធីហិរញ្ញប្បទានត្រីភាគីតភ្ជាប់ទីផ្សារ និងការផលិត (Tri-Party Market-Linked Financing Program) នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគមគ្រឹះស្ថានហិរញ្ញប្បទានអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) លើកទី៤៩ នៅទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា។

កិច្ចប្រជុំប្រចាំឆ្នាំនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ដោយពានរង្វាន់ត្រូវបានប្រគល់ជូន ARDB សម្រាប់កម្មវិធីដែលជាគំនិតផ្តួចផ្តើមថ្មីរបស់ធនាគារ ក្នុងការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដល់ប្រជាកសិករ និងតួអង្គពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្ម និងកសិ-ឧស្សាហកម្ម។

កម្មវិធីហិរញ្ញប្បទានត្រីភាគីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងអភិវឌ្ឍដំណោះស្រាយហិរញ្ញប្បទានប្រកបដោយបរិយាបន្ន និងចីរភាពសម្រាប់វិស័យកសិកម្ម តាមរយៈការសម្រួលដល់លទ្ធភាពទទួលបានហិរញ្ញប្បទាន ដោយផ្អែកលើភាពជាដៃគូតាមខ្សែច្រវាក់តម្លៃកសិកម្ម និងកសិ-ឧស្សាហកម្ម។

ចំណុចសំខាន់មួយនៃកម្មវិធីនេះ គឺការប្រើប្រាស់យន្តការហិរញ្ញប្បទានដែលមិនតម្រូវឱ្យមានទ្រព្យធានាឥណទាន ដើម្បីសម្រួលដល់ការទទួលបានហិរញ្ញប្បទានសម្រាប់អ្នកពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃកសិកម្ម។

ARDB បានឱ្យដឹងថា ការទទួលបានពានរង្វាន់នេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារក្នុងការរួមចំណែកលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងបង្កើនភាពធន់នៃអាជីវកម្មរបស់ប្រជាកសិករ។

ធនាគារបានបន្តថា កម្មវិធីនេះក៏ជាផ្នែកមួយនៃការខិតខំប្រឹងប្រែងរបស់ ARDB ក្នុងការគាំទ្រប្រជាកសិករ ពង្រឹងខ្សែច្រវាក់តម្លៃកសិកម្ម និងកសិ-ឧស្សាហកម្ម ព្រមទាំងជំរុញការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាឱ្យកាន់តែមានភាពធន់ និងចីរភាព៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times