ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា (NBC) និងនិយ័តករមូលបត្រកម្ពុជា (SERC) បានចេញសេចក្តីថ្លែងការណ៍រួមជាថ្មី ដោយក្រើនរំលឹកដល់សាធារណជនឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការជួញដូរ និងការវិនិយោគលើទ្រព្យនិម្មិត ឬគ្រីបតូ ដោយសារទ្រព្យប្រភេទនេះមានហានិភ័យខ្ពស់ និងអាចបង្កការខាតបង់ដល់វិនិយោគិន។
ស្ថាប័នទាំងពីរបញ្ជាក់ថា យោងតាមច្បាប់ជាធរមានក្នុងព្រះរាជាណាចក្រកម្ពុជា ទ្រព្យនិម្មិតមិនត្រូវបានទទួលស្គាល់ជារូបិយវត្ថុមានតម្លៃនីត្យានុកូល ហើយក៏មិនត្រូវបានធានាដោយរាជរដ្ឋាភិបាល ឬធនាគារកណ្តាលឡើយ។ ទន្ទឹមនឹងនេះ តម្លៃរបស់ទ្រព្យនិម្មិតអាចប្រែប្រួលខ្លាំង ដូច្នេះសាធារណជនគួរវាយតម្លៃដោយប្រុងប្រយ័ត្នអំពីហានិភ័យពាក់ព័ន្ធ មុននឹងសម្រេចចិត្តវិនិយោគ។
ទ្រព្យនិម្មិត ដែលអាចហៅថា ទ្រព្យឌីជីថល ឬទ្រព្យសកម្មគ្រីបតូ គឺជាឯកតាតម្លៃជាឌីជីថលដែលពឹងផ្អែកលើគ្រីបតូក្រាហ្វី និងបច្ចេកវិទ្យាឌីអិលធី (Distributed Ledger Technology ឬ DLT) ឬបច្ចេកវិទ្យាប្រហាក់ប្រហែល ហើយអាចត្រូវបានជួញដូរ ឬផ្ទេរក្នុងទម្រង់ជាឌីជីថល សម្រាប់គោលបំណងទូទាត់ ឬវិនិយោគ។
NBC និង SERC បានឱ្យដឹងថា ស្ថាប័នទាំងពីរបានពិនិត្យឃើញថា ទីផ្សារទ្រព្យនិម្មិតកំពុងរីកដុះដាល ហើយការប្រើប្រាស់ទ្រព្យនិម្មិតជាការវិនិយោគបែបបរិកប្បកម្ម (Speculative Investment) ក៏កំពុងកើនឡើង បន្ថែមពីលើមុខងារជាមធ្យោបាយទូទាត់សម្រាប់ទំនិញ និងសេវាកម្ម។
ស្ថាប័នទាំងពីរបានលើកឡើងថា ការរីកចម្រើននេះអាចបង្កហានិភ័យជាច្រើន រួមមានហានិភ័យម៉ាក្រូសេដ្ឋកិច្ច ហានិភ័យពាក់ព័ន្ធនឹងការការពារវិនិយោគិន និងអ្នកប្រើប្រាស់ ការក្លែងបន្លំ ការប្រែប្រួលតម្លៃ ការប្រកួតប្រជែង ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ការគេចវេសពីទណ្ឌកម្ម និងពន្ធ ព្រមទាំងឧក្រិដ្ឋកម្មសាយប័រ។
សេចក្តីថ្លែងការណ៍រួមបានរំលឹកថា ក្នុងឆ្នាំ២០១៨ SERC, NBC និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដើម្បីក្រើនរំលឹកសាធារណជនអំពីហានិភ័យពាក់ព័ន្ធនឹងរូបិយប័ណ្ណគ្រីបតូ ដែលអាចកើតឡើងចំពោះបុគ្គល និងសង្គមជាតិ។
តាមសេចក្តីថ្លែងការណ៍ឆ្នាំ២០១៨ រាល់រូបវន្តបុគ្គល ឬនីតិបុគ្គលដែលផ្សព្វផ្សាយ ដើម្បីកៀរគរមូលនិធិ ទិញ លក់ ជួញដូរ ឬទូទាត់រូបិយប័ណ្ណគ្រីបតូ ដោយគ្មានអាជ្ញាបណ្ណពីអាជ្ញាធរមានសមត្ថកិច្ច ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។
NBC និង SERC បានបញ្ជាក់ថា ហានិភ័យដែលបានកំណត់ក្នុងសេចក្តីថ្លែងការណ៍រួមឆ្នាំ២០១៨ កាន់តែរីកធំឡើង ដោយសារការកើនឡើងនៃការប្រើប្រាស់ទ្រព្យនិម្មិតជាសកល លក្ខណៈឆ្លងដែនរបស់ទ្រព្យនិម្មិត និងភាពប្រទាក់ក្រឡាគ្នារបស់ក្រុមហ៊ុនផ្តល់សេវាទ្រព្យនិម្មិត រួមទាំងការកើនឡើងនៃការតភ្ជាប់ជាមួយប្រព័ន្ធហិរញ្ញវត្ថុ។
ស្ថាប័នទាំងពីរបានចាត់ទុកថា កត្តាទាំងនេះតម្រូវឱ្យមានការឆ្លើយតបប្រកបដោយភាពគ្រប់ជ្រុងជ្រោយ សង្គតិភាព និងបន្ស៊ីគ្នា។ ការធ្វើនិយ័តកម្មលើសកម្មភាពទ្រព្យនិម្មិត អាចបង្កើនតម្លាភាពក្នុងទីផ្សារហិរញ្ញវត្ថុ ពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុ និងកាលានុវត្តភាពផ្នែកសេដ្ឋកិច្ច ព្រមទាំងរួមចំណែកដល់ការបង្កើនចំណូលសាធារណៈ។
សេចក្តីថ្លែងការណ៍រួមបន្តថា តុល្យភាពរវាងកាលានុវត្តភាព និងហានិភ័យត្រូវបានកំណត់ក្នុងក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥ និងគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨។ គោលនយោបាយទាំងនេះជាផែនទីបង្ហាញផ្លូវសម្រាប់ជំរុញបរិវត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុ និងគាំទ្រការបង្កើនផលិតភាព ពិពិធកម្ម និងប្រសិទ្ធភាពក្នុងវិស័យមូលបត្រ ទូទាត់ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ។
NBC និង SERC បានឱ្យដឹងថា សេចក្តីថ្លែងការណ៍រួមថ្មីនេះមានគោលដៅផ្តល់ភាពច្បាស់លាស់លើការអនុវត្តក្របខ័ណ្ឌបទប្បញ្ញត្តិពាក់ព័ន្ធនឹងទ្រព្យនិម្មិត ដើម្បីគាំទ្រការធ្វើពិពិធកម្មហេដ្ឋារចនាសម្ព័ន្ធឌីជីថល នវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុ និងការអភិវឌ្ឍទេពកោសល្យមនុស្ស ព្រមទាំងដោះស្រាយហានិភ័យដែលកើតចេញពីអក្ខរកម្មឌីជីថល និងហិរញ្ញវត្ថុរបស់វិនិយោគិន និងសាធារណជន៕
អត្ថបទ៖ ប៊ី







