កម្ពុជាពង្រីកការហោះហើរជាមួយកូរ៉េ និងចិន តាមរយៈព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ

នៅ​ថ្ងៃ ២៨ ខែ​តុលា ឆ្នាំ ២០២៦ នេះ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល (រ.អ.ស.) បាន​ទទួល​ស្វាគមន៍​ចំពោះ​សេវា​ហោះហើរ​តាម​រដូវ​ថ្មី ពី​សាធារណរដ្ឋ​កូរ៉េ និង​ការ​បន្ថែម​ជើង​ហោះហើរ​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន មក​កាន់​ព្រលាន​យន្តហោះ​អន្តរជាតិ​សៀមរាប-អង្គរ (SAI)។ នេះ​ជា​ការ​លើកឡើង​របស់​លោក ស៊ីន ចាន់សិរីវត្ថា រដ្ឋលេខាធិការ​និង​ជា​អ្នកនាំ​ពាក្យ​នៃ​រដ្ឋ​លេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល។

តាមដានជាមួយយើង៖ Million Times

អ្នកនាំ​ពាក្យ​នៃ​រដ្ឋ​លេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល បាន​បន្ថែម​ទៀត​ថា សេវា​ទាំង​នោះ រួម​ចំណែក​គាំទ្រ​ដល់​កំណើន​វិស័យ​ទេសចរណ៍ និង​ការ​តភ្ជាប់​អន្តរជាតិ​របស់​កម្ពុជា។

១. ក្រុមហ៊ុន​អាកាសចរណ៍ Trinity Airways (TW)៖ សេអ៊ូល-អ៊ីនឈន់ (ICN) – សៀមរាប (SAI) សេវា​ហោះហើរ​តាម​រដូវ​ថ្មី ក្រុមហ៊ុន​អាកាសចរណ៍ Trinity Airways នឹង​ធ្វើ​ការ​ហោះហើរ​តាម​រដូវ​ជា​រៀងរាល់​ថ្ងៃ ចាប់ពីថ្ងៃទី២៤ ខែ​ធ្នូ ឆ្នាំ ២០២៦ ដល់ថ្ងៃទី៣ ខែ​មីនា ឆ្នាំ ២០២៧ ដោយ​ប្រើប្រាស់​យន្តហោះ​ប្រភេទ Boeing 737-800។ ការ​ហោះហើរ​នេះ​ស្រប​ពេល​នឹង​រដូវ​កាល​ទេសចរណ៍​កំពូល​របស់​កម្ពុជា។

២. ក្រុមហ៊ុន​អាកាសចរណ៍ China Eastern Airlines (MU)៖ គុនមីង (KMG) – សៀមរាប (SAI) ការ​បន្ថែម​ជើង​ហោះហើរ ចាប់ពី​ថ្ងៃ​ទី ២៥ ខែ​តុលា ឆ្នាំ ២០២៦ ក្រុមហ៊ុន​អាកាសចរណ៍ China Eastern Airlines បាន​បង្កើន​ជើង​ហោះហើរ គុនមីង-សៀមរាប ពី ៣ ជើង ទៅ ៤ ជើង​ក្នុង​មួយ​សប្តាហ៍ (ថ្ងៃអង្គារ ថ្ងៃ​ព្រហស្បតិ៍ ថ្ងៃសៅរ៍ និង​ថ្ងៃអាទិត្យ) ដោយ​ប្រើប្រាស់​យន្តហោះ​ប្រភេទ Boeing 737-800។ ជើង​ហោះហើរ​បន្ថែម​នេះ នឹង​ជួយ​លើក​កម្ពស់​លទ្ធភាព​នៃ​ការ​ធ្វើ​ដំណើរ​ពី​ភាគ​និរតី​នៃ​ប្រទេស​ចិន។

អត្ថ​ប្រយោជន៍​សំខាន់​ៗ​រួម​មាន៖

  • ពង្រឹង​ការ​តភ្ជាប់​ជាមួយ​ទីផ្សារ​ទេសចរណ៍​សំខាន់​ៗ ២ នៅ​តំបន់​អាស៊ី​ឦសាន
  • បង្កើន​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ និង​ឱកាស​សេដ្ឋកិច្ច សម្រាប់​ខេត្ត​សៀមរាប
  • ពង្រឹង​បន្ថែម​នូវ​ជំហរ​របស់​ខេត្ត​សៀមរាប ជា​គោលដៅ​ទេសចរណ៍​វប្បធម៌ និង​បេតិកភណ្ឌ​ឈាន​មុខ​គេ
  • ជំរុញ​ការ​អនុវត្ត​យុទ្ធសាស្ត្រ​របស់​កម្ពុជា ក្នុង​ការ​ធ្វើ​ពិពិធ​កម្ម និង​ពង្រីក​ការ​តភ្ជាប់​ផ្លូវ​អាកាស​អន្តរជាតិ
    រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល នៅតែ​ប្ដេជ្ញា​បន្ត​សម្រួល​ដល់​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ លើកកម្ពស់​ការ​ចូល​ទីផ្សារ និង​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ដៃ​គូ​ពាក់ព័ន្ធ​ក្នុង​វិស័យ​អាកាសចរណ៍ និង​ទេសចរណ៍ ដើម្បី​ជំរុញ​ការ​តភ្ជាប់ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​កម្ពុជា៕

អត្ថបទ៖ ឆដា, រូបភាព៖ internet