កម្ពុជា​-​វៀតណាម ​ប្ដេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេ​ភាគី​ ​ខណៈ​ពាណិជ្ជកម្ម​សម្រេចបានជាង​ ៧​ ពាន់​លាន​ដុល្លារ

តាមដានជាមួយយើង៖ Million Times

​កម្ពុជា​ ​និង​វៀតណាម ​បាន​ប្ដេជ្ញា​បន្ត​ពង្រឹង​ ​និង​ពង្រីក​ទំនាក់ទំនង​មិត្តភាព​ ​និង​កិច្ច​សហប្រតិបត្តិការ​ទ្វេ​ភាគី​ឱ្យ​កាន់​តែ​ស៊ី​ជម្រៅ ​និង​រឹងមាំ​បន្ថែម​ទៀត​ ​ដោយ​ផ្ដោត​លើ​វិស័យ​សំខាន់​ៗ រួម​មាន​ ​សេដ្ឋកិច្ច​ ​ពាណិជ្ជកម្ម ​ការ​វិនិយោគ​ ​សន្តិសុខ​ ​ការពារ​ជាតិ​ ថាមពល ​និង​ការ​តភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ ​ខណៈ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​សម្រេចបាន​ ៧​,​១៦ ​ពាន់​លាន​ដុល្លារ​ ​ក្នុង​រយៈពេល​ ១០​ ​ខែ​ដំបូង​នៃ​ឆ្នាំ​២០២៦​។

​ការ​ប្ដេជ្ញា​នេះ​ត្រូវ​បាន​ធ្វើឡើង​ក្នុង​ជំនួប​ទ្វេ​ភាគី​រវាង​សម្ដេច​មហា​បវរធិបតី​ ​ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រី​កម្ពុជា​ ​និង​ឯកឧត្តម​ ​ឡេ ​មិញ​ហ៊ឹង​ ​(​Le ​Minh ​Hung​)​ ​នាយករដ្ឋមន្ត្រី​វៀតណាម ​នា​ព្រឹក​ថ្ងៃ​ទី​២៨ ​ខែ​វិច្ឆិកា​ ​ឆ្នាំ​២០២៦ ​នៅ​រដ្ឋធានី​ហាណូយ ​ប្រទេស​វៀតណាម ​ក្នុង​ឱកាស​ដែល​សម្ដេចធិបតី​ដឹកនាំ​គណៈ​ប្រតិភូ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​ A​CME​CS ​លើក​ទី​១១ ​និង​កិច្ច​ប្រជុំ​កំពូល ​CLMV ​លើក​ទី​១២ ​ចាប់​ពី​ថ្ងៃ​ទី​២៧ ​ដល់​ថ្ងៃ​ទី​២៨ ​ខែ​វិច្ឆិកា​។

​ក្នុង​ជំនួប​នេះ​ ​នាយករដ្ឋមន្ត្រី​វៀតណាម​បាន​ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​ធិបតី ​និង​គណៈប្រតិភូ​កម្ពុជា​ ​ដែល​បាន​អញ្ជើញ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​ទាំង​ពីរ ​ព្រមទាំង​បាន​បង្ហាញ​ជំនឿ​ជឿជាក់​ថា​ ​កម្ពុជា​នឹង​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ច​ប្រជុំ​កំពូល​ ​CLMV ​លើក​ទី​១៣ នា​ពេល​ខាង​មុខ​។

​ឯក​ឧត្តម​ក៏​បាន​អបអរសាទរ​កម្ពុជា​ចំពោះ​ជោគជ័យ​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូនី​លើក​ទី​២០ ​ដែល​បាន​រួមចំណែក​លើកកម្ពស់​តួនាទី​ ​និង​កិត្យានុភាព​របស់​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ​។ ​ជាមួយគ្នា​នេះ​ ​ឯកឧត្តម​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​រីកចម្រើន ​និង​លទ្ធផល​ជា​វិជ្ជមាន​នៃ​ទំនាក់ទំនង​ ​និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ ​ព្រមទាំង​បញ្ជាក់​ពី​ការ​ប្ដេជ្ញាចិត្ត​ក្នុង​ការ​បន្តពង្រឹង​ចំណង​មិត្តភាព​នេះ​។

​ជា​ការ​ឆ្លើយតប​ ​សម្ដេច​ធិបតី​បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​ទទួល​បដិសណ្ឋារកិច្ច​យ៉ាង​កក់ក្ដៅ​ពីសំណាក់​រដ្ឋាភិបាល​ ​និង​ប្រជាជន​វៀតណាម​។​ ​សម្ដេច​ធិបតី​ក៏​បាន​អបអរសាទរ​វៀតណាម ​ដែល​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ច​ប្រជុំ​កំពូល​ ​APE​C ​នៅ​ឆ្នាំ​២០២៧ ​និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​រីកចម្រើន​នៃ​ទំនាក់ទំនង​ទ្វេ​ភាគី ​ដោយ​សង្កត់ធ្ងន់​លើ​ការ​បន្ត​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​។

​ប្រមុខ​រដ្ឋាភិបាល​ទាំង​ពីរ​ក៏​បាន​សង្កត់ធ្ងន់​លើ​ចំណង​មិត្តភាព​ដ៏​ល្អ ​និង​ជា​ប្រពៃណី​យូរ​អង្វែង​រវាង​ប្រទេស​ទាំង​ពីរ ​ព្រមទាំង​ឯកភាព​រៀបចំ​ព្រឹត្តិការណ៍​នានា​ឱ្យ​បាន​អធិកអធម ​ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៦០ ​នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​កម្ពុជា​-​វៀតណាម ​និង​ឆ្នាំ​មិត្តភាព​នៃ​ប្រទេស​ទាំង​ពីរ ​នៅ​ឆ្នាំ​២០២៧​។

​ទន្ទឹមនឹង​នេះ​ ​មេដឹកនាំ​ទាំង​ពីរ​បាន​ពិភាក្សា​ ​និង​ផ្លាស់ប្ដូរ​យោបល់​អំពី​ការ​ដាក់​ចេញ​នូវ​យន្តការ​ជាក់ស្ដែង​ ​ដើម្បី​បន្ត​ពង្រឹង ​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​នយោបាយ​ ​សេដ្ឋកិច្ច​ ​ពាណិជ្ជកម្ម​ ​ការ​វិនិយោគ​ ​សន្តិសុខ​ ​ការពារ​ជាតិ​ ថាមពល អប់រំ​ ​កសិកម្ម​ ​ទេសចរណ៍​ ​ការ​តភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ ​និង​ការ​តភ្ជាប់​រវាង​ប្រជាជន​និង​ប្រជាជន​។

បើ​តាម​របាយការណ៍​របស់​អគ្គ​នាយកដ្ឋាន​គយ ​និង​រដ្ឋាករ​កម្ពុជា​ ​ក្នុង​រយៈពេល​ ១០ ​ខែ​ដំបូង​នៃ​ឆ្នាំ​២០២៦ ​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​កម្ពុជា​-​វៀតណាម ​សម្រេចបាន​ ៧​,​១៦ ពាន់​លាន​ដុល្លារ​ ​កើនឡើង​ ​៨​,​៨​%​ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​។

​ក្នុង​នោះ​ ការ​នាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​វៀតណាម​មាន​ទំហំ​ ៣​,​៤ ពាន់​លាន​ដុល្លារ ​កើន​ឡើង​ ៨​,​៤​%​ ​ខណៈ​ការ​នាំចូល​របស់​វៀតណាម​មក​កម្ពុជា​មាន​ទំហំ​ ៣​,​៧ ពាន់​លាន​ដុល្លារ​ ​កើនឡើង​ ​៩​,​២​%​ ​។​

​តួ​លេខ​នេះ​បង្ហាញ​ពី​ការ​បន្ត​កើនឡើង​នៃ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ​ស្រប​ពេល​ដែល​កម្ពុជា​ ​និង​វៀតណាម​ប្ដេជ្ញា​បន្ត​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សេដ្ឋកិច្ច​ ​និង​វិស័យ​អាទិភាព​ផ្សេង​ៗ​ទៀត​៕

អត្ថបទ៖ ប៊ី