រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ បានប្រកាសពីការសាងសង់ខ្សែបញ្ជូនអគ្គិសនីតង់ស្យុង ២៣០ គីឡូវ៉ុល ប្រវែងប្រមាណ ១២០ គីឡូម៉ែត្រ ដើម្បីតភ្ជាប់ខេត្តកណ្ដាល កំពង់ឆ្នាំង និងពោធិ៍សាត់ ក្រោមគម្រោងដែលទទួលបានឥណទាន ១៨៣ លានដុល្លារពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

គម្រោងនេះអនុវត្តដោយអគ្គិសនីកម្ពុជា ដោយរួមមានការសាងសង់អនុស្ថានីយថ្មីចំនួនពីរ និងការពង្រីកសមត្ថភាពអនុស្ថានីយដែលមានស្រាប់ ២ បន្ថែមទៀត។ លោក កែវ រតនៈ បានថ្លែងនៅថ្ងៃ ១៨ វិច្ឆិកា ថា៖ «គោលដៅនៃការសាងសង់នេះ គឺទីមួយ ដើម្បីភ្ជាប់ការយកថាមពលពន្លឺព្រះអាទិត្យ ដែលជាថាមពលស្អាត ពីស្រុកក្រគរ ខេត្តពោធិ៍សាត់ មកជូនបណ្ដាញជាតិ ដើម្បីចែកចាយទូទាំងប្រទេស»។
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបន្ថែមទៀតថា នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ កំពុងមានការសាងសង់គម្រោងស្ថានីយថាមពលពន្លឺព្រះអាទិត្យ ដែលមានសមត្ថភាពផលិតអគ្គិសនីសរុបជាង ១ ១០០ មេហ្គាវ៉ាត់ ជាគម្រោងថាមពលបៃតងដ៏ធំមួយក្នុងតំបន់អាស៊ាន។


គម្រោងថាមពលបៃតងនេះនឹងរួមចំណែកជួយកម្ពុជាសម្រេចគោលដៅប្រើប្រាស់ថាមពលស្អាតយ៉ាងតិច ៧០% នៅឆ្នាំ ២០៣០ ខណៈបច្ចុប្បន្ន អគ្គិសនីប្រមាណ ៦៣ ភាគរយបានមកពីប្រភពថាមពលស្អាត រួមមានវារីអគ្គិសនី ថាមពលពន្លឺព្រះអាទិត្យ និងថាមពលជីវម៉ាស។ គោលដៅទី២ ការសាងសង់ខ្សែបញ្ជូន និងអនុស្ថានីយនេះ ក៏សំដៅទៅលើការពង្រឹងស្ថិរភាពរបស់បណ្ដាញជាតិ មានន័យថា ប្រព័ន្ធបណ្ដាញជាតិរបស់យើងកំពុងតែធ្វើការអភិវឌ្ឍជាបន្ត ដើម្បីធ្វើឱ្យតំបន់សេដ្ឋកិច្ច តំបន់ឧស្សាហកម្ម តំបន់កសិកម្ម និងលំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋមានការដាច់ភ្លើងតិចទៅៗនៅថ្ងៃអនាគត។
លោកបន្តថា ការពង្រឹងសមត្ថភាពបណ្ដាញអគ្គិសនីនឹងជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋ និងធានាដល់ដំណើរការវិនិយោគរបស់អ្នកវិនិយោគក្នុងស្រុក និងក្រៅប្រទេស ខណៈតម្រូវការអគ្គិសនីកំពុងកើនឡើងស្របតាមការអភិវឌ្ឍសេដ្ឋកិច្ច។

លោក កែវ រតនៈ គោលដៅទី ៣ នៃការសាងសង់ការតភ្ជាប់នេះគឺដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតឱកាសការងារថ្មីៗ ជាពិសេសនៅតាមតំបន់ដែលខ្សែបញ្ជូនអគ្គិសនីឆ្លងកាត់។ លោកបានលើកឧទាហរណ៍ថា នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នមានកម្មករជាង ៥ ម៉ឺននាក់កំពុងធ្វើការនៅតាមរោងចក្រនានា។
ការពង្រីកថាមពលសម្រាប់ស្រុកកំពង់ត្រឡាចបន្ថែមនៅក្នុងក្របខណ្ឌនៃគម្រោងនេះ នឹងធ្វើឲ្យបណ្ដារោងចក្រ សហគ្រាសអាចរីកចម្រើនបន្ថែមទៀត ដែលអាចយកកម្មករយើងដល់ជាងមួយសែននាក់ក្នុងពេលឆាប់ៗខាងមុខ។
លោកបានបញ្ជាក់ទៀតថា អគ្គិសនីដែលបញ្ចូលទៅក្នុងបណ្ដាញជាតិនឹងមិនត្រឹមតែបម្រើតម្រូវការនៅខេត្តទាំង ៣ ប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងជួយគាំទ្រដល់ការរីកចម្រើននៃវិស័យទេសចរណ៍ កសិកម្ម និងឧស្សាហកម្មនៅតាមខេត្តផ្សេងៗទៀតដែលតភ្ជាប់ជាមួយបណ្ដាញជាតិផងដែរ៕
អត្ថបទ៖ ឆដា, រូបភាព៖ Keo Rottanak






