កម្ពុជាចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមជាមួយអាមេរិក និងប្រទេសដៃគូ ៥៤ ទៀត ដើម្បីជំរុញឱកាសក្នុងវិស័យបញ្ញាសិប្បនិម្មិត

ប្រទេស​កម្ពុជា​បាន​ចូលរួម​ជាមួយ​អាមេរិក និង​ប្រទេស​ដៃគូ ៥៤ ផ្សេងទៀត នៅ​ជុំវិញ​ពិភពលោក ចុះ​ហត្ថលេខា​លើ​សេចក្ដី​ថ្លែង​ការណ៍​រួម ស្ដី​ពី​ភាព​ជា​ដៃ​គូ សម្រាប់​ឱកាស​ក្នុង​វិស័យ​បញ្ញា​សិប្បនិម្មិត ដោយ​បង្ហាញ​ចក្ខុវិស័យ​រួម​ក្នុង​ការ​ជំរុញ​អនាគត​នៃ​បញ្ញា​សិប្បនិម្មិតពិសេស (Super Intelligence ឬ SI) ផ្អែក​លើ​កិច្ចសហប្រតិបត្តិការដែលអាចទុកចិត្តបាន សន្តិសុខ​សេដ្ឋកិច្ច នវានុវត្តន៍ និង​ការ​ប្រកួត​ប្រជែង​ដោយ​យុត្តិធម៌។

តាមដានជាមួយយើង៖ Million Times

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០២៦។ ក្នុង​ពិធី​ចុះ​ហត្ថលេខា​ជា​ផ្លូវការ​លើ​សេចក្ដី​ថ្លែង​ការណ៍​រួម​នេះ លោក គ្រីស្តូហ្វឺរ អ៊ែនដឺសឹន ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​ចូលរួម​ជាមួយ​លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍។

កម្ពុជា​បាន​ចូលរួម​ជាមួយ​អាមេរិក និង​ប្រទេស​ដៃគូ ក្នុង​ការ​ជំរុញ​វិធីសាស្ត្រ​ដែល​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ច និង​នវានុវត្តន៍​ក្នុង​វិស័យ​បញ្ញា​សិប្បនិម្មិត​ពិសេស ដោយ​ផ្ដោត​លើ​អាទិភាព​រួម ដូចជា ការ​កសាង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ដែល​អាច​ទុកចិត្ត​បាន ការជំរុញការចូលរួមពីវិស័យឯកជន និង​ការ​អភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធ​ដែល​នឹង​ដើរតួនាទីជាកម្លាំងចលករសម្រាប់សតវត្សរ៍ខាងមុខ។

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ ភាគីទាំងពីររំពឹងថា នឹងរួមគ្នាកសាងអនាគតនៃបញ្ញាសិប្បនិម្មិតពិសេស ដែលបម្រើផលប្រយោជន៍ប្រជាជន ពង្រឹង​សេដ្ឋកិច្ច និង​ផ្តល់ឱកាសកាន់តែច្រើនដល់សហគ្រិនភាព នវានុវត្តន៍ ព្រមទាំង​ការ​គោរព​នីតិរដ្ឋ៕

អត្ថបទ៖ ឆដា, រូបភាព៖ U.S. Embassy Phnom Penh, Cambodia