
ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្តដល់សហគ្រិនកម្ពុជា និងសហគ្រិនមកពីបណ្តាប្រទេសហ្វ្រង់កូហ្វូនី ឱ្យពង្រីកកិច្ចសហប្រតិបត្តិការ ស្វែងរកឱកាសអាជីវកម្ម និងកសាងភាពជាដៃគូពាណិជ្ជកម្ម និងវិនិយោគរយៈពេលវែង ដើម្បីជំរុញការតភ្ជាប់សេដ្ឋកិច្ច និងពង្រីកទីផ្សាររវាងគ្នា។
ការលើកទឹកចិត្តនេះធ្វើឡើងក្នុងពិធីសមោសរនៃជំនួបសហគ្រិនហ្វ្រង់កូហ្វូនីលើកទី៦ (REF 2026) នាល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ដែលលោកជំទាវ ចម និម្មល បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាគន្លឹះ។ ពិធីនេះមានការចូលរួមពីអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក Ahmed CISSÉ ប្រធានសម្ព័ន្ធអង្គការនិយោជកហ្វ្រង់កូហ្វូនី (Alliance des Patronats Francophones) ព្រមទាំងគណៈប្រតិភូ និងធុរជនកម្ពុជា និងហ្វ្រង់កូហ្វូនី។
ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ជំនួបសហគ្រិនហ្វ្រង់កូហ្វូនី ដែលរៀបចំឡើងជាលើកដំបូងនៅតំបន់អាស៊ីអាគ្នេយ៍នេះ បានប្រមូលផ្តុំក្រុមហ៊ុនធំៗដែលមានបទពិសោធន៍យូរឆ្នាំ និងសហគ្រាសដែលកំពុងរីកចម្រើន ដោយមានជំនាញ និងបទពិសោធន៍ចម្រុះក្នុងវិស័យកសិកម្ម ឧស្សាហកម្មផលិតកម្ម ថាមពល ហេដ្ឋារចនាសម្ព័ន្ធ ហិរញ្ញវត្ថុ បច្ចេកវិទ្យា និងសេវាកម្ម។
លោកជំទាវបានបញ្ជាក់ថា ភាពចម្រុះនៃជំនាញ និងបទពិសោធន៍របស់សហគ្រាសទាំងនេះ បង្កើតឱកាសឱ្យធុរជនស្វែងរកដៃគូដែលមានជំនាញបំពេញបន្ថែមឱ្យគ្នា ដើម្បីពង្រីកទីផ្សារ និងពង្រឹងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់។
ជាមួយគ្នានេះ លោកជំទាវបានសង្កត់ធ្ងន់ថា ទំនុកចិត្តរវាងដៃគូអាជីវកម្ម និងបរិយាកាសធុរកិច្ចដែលអាចព្យាករបាន គឺជាមូលដ្ឋានគ្រឹះសម្រាប់ការសម្រេចចិត្តវិនិយោគ និងការកសាងទំនាក់ទំនងពាណិជ្ជកម្មយូរអង្វែង។ លើសពីនេះ ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចក៏អាចរួមចំណែកដល់ការបង្កើនការយោគយល់គ្នា និងពង្រឹងស្ថិរភាពក្នុងចំណោមប្រទេសហ្វ្រង់កូហ្វូនីផងដែរ។
ក្នុងន័យនេះ លោកជំទាវរដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យធុរជនទាញយកប្រយោជន៍ពីជំនួបធុរកិច្ចទ្វេភាគី (B2B) ក្នុងក្របខ័ណ្ឌ REF 2026 ដើម្បីស្វែងយល់ពីតម្រូវការរបស់ដៃគូ និងកំណត់ឱកាសសហការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
លោកជំទាវក៏បានបង្ហាញក្តីសង្ឃឹមថា ជំនួបដែលរៀបចំឡើងនៅរាជធានីភ្នំពេញនេះ នឹងជួយបើកឱកាសឱ្យសហគ្រិនវ័យក្មេង និងសហគ្រាសដែលដឹកនាំដោយស្ត្រី ពង្រីកបណ្តាញដៃគូអាជីវកម្មរបស់ខ្លួនឱ្យកាន់តែទូលំទូលាយផងដែរ៕
អត្ថបទ៖ ប៊ី








