
ខេត្តកំពង់ធំ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានជំរុញឱ្យកសិករប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនដែលមានក្នុងដៃឱ្យចំគោលដៅ ដោយផ្តោតលើការស្វែងរកព័ត៌មានទីផ្សារ បច្ចេកទេសកសិកម្ម ការកែច្នៃ និងប្រភពដើមទុន ដើម្បីជាប្រយោជន៍ដល់មុខរបររបស់ខ្លួន។
ថ្លែងក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករ នៅសាលាស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កៅ ថាច បានលើកឡើងថា កសិករសម័យបច្ចុប្បន្នមានស្មាតហ្វូនប្រើប្រាស់ ប៉ុន្តែត្រូវចេះគ្រប់គ្រងការប្រើប្រាស់ឧបករណ៍នេះ ដើម្បីទទួលបានចំណេះដឹង និងព័ត៌មានដែលអាចជួយបង្កើនប្រសិទ្ធភាពការងារកសិកម្ម។
ឯកឧត្តមបានសង្កត់ធ្ងន់ថា កសិករគួរធ្វើជាម្ចាស់លើស្មាតហ្វូនរបស់ខ្លួន មិនមែនបណ្តោយឱ្យស្មាតហ្វូនគ្រប់គ្រងពេលវេលា និងសកម្មភាពប្រចាំថ្ងៃរបស់ខ្លួននោះទេ។
ឯកឧត្តមមានប្រសាសន៍ថា៖ «កសិករសម័យនេះមិនដូចកសិករសម័យមុនទេ។ កសិករសម័យនេះ ដៃកាន់សុទ្ធតែទូរស័ព្ទស្មាតហ្វូន ប៉ុន្តែសូមកុំឱ្យស្មាតហ្វូនធ្វើជាម្ចាស់លើយើង។ សូមឱ្យយើងធ្វើជាម្ចាស់លើស្មាតហ្វូន មានន័យថា ប្រើស្មាតហ្វូនដែលកំពុងកាន់នៅក្នុងដៃនេះឱ្យវាមានប្រយោជន៍»។
ឯកឧត្តមបណ្ឌិតបានបន្តថា ការប្រើប្រាស់ស្មាតហ្វូនដោយមិនមានគោលដៅ ដូចជាការអូសមើលព័ត៌មានលើបណ្តាញសង្គមហ្វេសប៊ុកជាបន្តបន្ទាប់ អាចធ្វើឱ្យកសិករខាតបង់ពេលវេលា និងបាត់បង់ឱកាសក្នុងការបំពេញការងារផ្សេងៗ ជាពិសេសការថែទាំចម្ការ និងផលិតកម្មកសិកម្ម។
ទន្ទឹមនេះ ឯកឧត្តមបានលើកឡើងថា កង្វះព័ត៌មានកសិកម្មនៅតែជាបញ្ហាប្រឈមមួយសម្រាប់ប្រជាកសិករ ដែលទាមទារឱ្យមានការផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយ។ កសិករក៏ត្រូវចេះពិចារណា និងវិភាគព័ត៌មានដែលទទួលបាន ដើម្បីបែងចែកឱ្យដឹងថា តើព័ត៌មាននោះពិតឬមិនពិត និងមានប្រយោជន៍ឬអត់។
ឯកឧត្តមបានណែនាំឱ្យកសិករស្វែងរកព័ត៌មានតាមរយៈផេកហ្វេសប៊ុកផ្លូវការរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងផេករបស់សមាគមបណ្តាញកសិករតេជោ ដែលមានការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងតម្លៃកសិផលជាច្រើនប្រភេទ រួមមាន តម្លៃសាច់ តម្លៃពងទា ពងមាន់ តម្លៃត្រី ព្រមទាំងតម្លៃលក់ដុំ និងលក់រាយ។
ពិធីនេះមានការអញ្ជើញចូលរួមពីលោក ថនស៊ី ពុទ្ធា អភិបាលរងស្រុកប្រាសាទសំបូរ តំណាងមន្ទីរកសិកម្មខេត្ត រដ្ឋបាលស្រុក ការិយាល័យកសិកម្មស្រុក មេឃុំ មេភូមិ ក្រុមការងារបណ្តាញកសិករតេជោ និងតំណាងសហគមន៍កសិកម្ម សរុបប្រមាណជាង ២០០នាក់៕
អត្ថបទ៖ ប៊ី








