គម្រោងដាំឈើ និងកែច្នៃឈើទុន ១០ លានដុល្លារ នៅរតនគិរី ស្នើសុំការលើកទឹកចិត្តពិសេស

តាមដានជាមួយយើង៖ Million Times

ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) បានចុះពិនិត្យទីតាំងគម្រោងវិនិយោគកសិ-ឧស្សាហកម្មដាំឈើពាណិជ្ជកម្ម និងរោងចក្រកែច្នៃឈើ ដែលមានទុនវិនិយោគ ១០ លានដុល្លារអាម៉េរិក នៅខេត្តរតនគិរី ដើម្បីពិនិត្យវឌ្ឍនភាព បញ្ហាប្រឈម និងសំណើសុំការលើកទឹកចិត្តពិសេស ព្រមទាំងការសម្រួលនីតិវិធីអនុវត្តគម្រោង។

នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានលេខាធិការដ្ឋាន ក.វ.ឦសាន បានដឹកនាំសម្របសម្រួលក្រុមការងារ ដោយមានការចូលរួមពីលោក ងិន ណែល អភិបាលរងនៃគណៈអភិបាលខេត្តរតនគិរី តំណាងក្រសួង និងមន្ទីរពាក់ព័ន្ធ ព្រមទាំងសមាជិកអនុគណៈកម្មាធិការវិនិយោគខេត្តរតនគិរី។

ក្រុមការងារបានជួបប្រជុំពិភាក្សា និងចុះពិនិត្យទីតាំងជាក់ស្តែងនៃគម្រោងរបស់ក្រុមហ៊ុន ហ្ស៊ូមវ៉ាង (ខេមបូឌា) អ៊ិនវេសម៉ិន ឯ.ក ដែលមានទីតាំងនៅឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។

គម្រោងនេះរួមមានការបង្កើតកសិដ្ឋានដាំដើមឈើពាណិជ្ជកម្ម ដោយប្រើប្រាស់ប្រភេទឈើនាំចូល និងប្រភេទឈើក្នុងស្រុក ការបង្កើតរោងចក្រកែច្នៃឈើ និងការបង្កើតមន្ទីរពិសោធន៍បណ្តុះពូជឈើ។

ក្នុងអំឡុងពេលប្រជុំ និងចុះពិនិត្យទីតាំង តំណាងក្រុមហ៊ុនបានជម្រាបជូនក្រុមការងារអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោង បញ្ហាប្រឈម និងសំណើសុំការលើកទឹកចិត្ត ព្រមទាំងការសម្រួលនីតិវិធី និងលក្ខខណ្ឌបច្ចេកទេសចាំបាច់មួយចំនួន។

ជាការឆ្លើយតប ក្រុមការងារបានកត់ត្រាវឌ្ឍនភាព បញ្ហាប្រឈម និងសំណូមពររបស់ក្រុមហ៊ុន ដើម្បីរាយការណ៍ជូនកិច្ចប្រជុំ ក.វ.ឦសាន ពិនិត្យ និងសម្រេចលើការផ្តល់ការលើកទឹកចិត្តពិសេស និងការសម្រួលនីតិវិធី ស្របតាមគោលការណ៍ និងនីតិវិធីជាធរមាន។

ទោះជាយ៉ាងណា ប្រភពព័ត៌មានមិនទាន់បញ្ជាក់ថា ការលើកទឹកចិត្តពិសេសដែលក្រុមហ៊ុនបានស្នើសុំនោះ នឹងត្រូវបានអនុម័តឬយ៉ាងណានោះទេ៕

អត្ថបទ៖ ប៊ី