ក្នុងរយៈពេល ៩ ខែ នៃឆ្នាំ២០២៦ ការនាំចេញគ្រឿងបង្គុំ និងគ្រឿងបន្លាស់រថយន្ត ព្រមទាំងផលិតផលអេឡិចត្រូនិករបស់កម្ពុជា សម្រេចបានទឹកប្រាក់ប្រមាណ ៣,៥១ ពាន់លានដុល្លារ ដែលនេះកើនឡើង ៥៥,១៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

កំណើននេះ បានបង្ហាញពីសន្ទុះនៃការនាំចេញផលិតផលឧស្សាហកម្ម និងឱកាសរបស់កម្ពុជាក្នុងការពង្រីកតួនាទីជាមូលដ្ឋានផលិតគ្រឿងបង្គុំរថយន្តសម្រាប់ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់។
យោងតាមទិន្នន័យផ្តល់ដោយក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ក្នុងចំណោមផលិតផលសំខាន់ៗទាំងនេះ សំបកកង់រថយន្តរកចំណូលបានច្រើនជាងគេ គឺប្រមាណ ១,៧២ ពាន់លានដុល្លារ កើនឡើង ៧៧,៤៦% ហើយបន្ទាប់មក គឺគ្រឿងអេឡិចត្រូនិក និងភាគបំណែក រកចំណូលបានប្រមាណ ៩១១ លានដុល្លារ កើនឡើង ៣៨,២០%, ខ្សែភ្លើង និងគ្រឿងបង្គំខ្សែភ្លើង ៥៨៣ លានដុល្លារ កើនឡើង ៣៧,៧៩% និងគ្រឿងបន្លាស់រថយន្ត ២៩៣ លានដុល្លារ កើនឡើង ៣៩,៧៥%។
តួលេខទាំងនេះបង្ហាញថា ផលិតផលឧស្សាហកម្មដែលពាក់ព័ន្ធនឹងរថយន្ត និងអេឡិចត្រូនិក កំពុងមានតួនាទីកាន់តែសំខាន់ក្នុងជន្ទុលសេដ្ឋកិច្ចរបស់កម្ពុជា។ ជាពិសេសកំណើននៃការនាំចេញសំបកកង់រថយន្តបង្ហាញពីសក្តានុពលនៃផលិតកម្មក្នុងស្រុក ខណៈការនាំចេញខ្សែភ្លើង គ្រឿងបង្គុំ និងគ្រឿងអេឡិចត្រូនិក ក៏បង្ហាញពីឱកាសក្នុងការពង្រីកការផលិត ផលិតផលដែលអាចចូលរួមក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ឧស្សាហកម្មអន្តរជាតិផងដែរ។

ថ្លែងក្នុងពិធីសម្ពោធរោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកឆឹរីង ឯ.ក និងដាក់ឱ្យដំណើរការខ្សែសង្វាក់ផលិតកម្មរថយន្តម៉ាក GAC នៅខេត្តកំពង់ឆ្នាំង កាលពីខែកញ្ញា ឆ្នាំ ២០២៦ កន្លងទៅ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាមិនគួរផ្តោតតែលើការផ្គុំ និងដំឡើងរថយន្តទាំងមូលនោះទេ ប៉ុន្តែគួរជំរុញការផលិតគ្រឿងបង្គុំ និងគ្រឿងបន្លាស់ ដើម្បីក្លាយជាផ្នែកមួយនៃខ្សែច្រវាក់ផ្គត់ផ្គង់ឧស្សាហកម្មរថយន្តក្នុងតំបន់។
សម្ដេចបានបញ្ជាក់ថា ទោះបីកម្ពុជាអាចនៅមានកម្រិតក្នុងការផ្គុំរថយន្តទាំងមូល បើប្រៀបធៀបនឹងប្រទេសមួយចំនួនក្នុងតំបន់ក៏ដោយ ក៏កម្ពុជាមានសក្តានុពលក្នុងការផលិតគ្រឿងបង្គុំ និងគ្រឿងបន្លាស់ ដើម្បីផ្គត់ផ្គង់ដល់រោងចក្រផ្គុំរថយន្តទាំងក្នុងស្រុក និងក្នុងតំបន់។
សម្តេចបានគូសបញ្ជាក់ថា រថយន្តមួយគ្រឿងត្រូវការគ្រឿងបង្គុំជាច្រើនប្រភេទ ហើយផលិតផលទាំងនេះក៏មានតម្រូវការទីផ្សារផងដែរ។ ដូច្នេះ ការជំរុញឲ្យក្រុមហ៊ុនក្នុងស្រុកចូលរួមផលិតគ្រឿងបង្គុំ និងគ្រឿងបន្លាស់ អាចជួយបង្កើតការងារ អភិវឌ្ឍន៍ជំនាញកម្លាំងពលកម្ម និងបង្កើនតម្លៃបន្ថែមក្នុងសេដ្ឋកិច្ចជាតិ។ សម្តេចបវរធិបតី បានចាត់ទុកការផលិតគ្រឿងបង្គុំរថយន្តសម្រាប់ទីផ្សារតំបន់ ជាគោលដៅដ៏សំខាន់មួយរបស់កម្ពុជា ដោយមិនចាំបាច់ត្រូវរង់ចាំរហូតដល់កម្ពុជាអាចផលិតរថយន្តទាំងមូល សម្រាប់នាំចេញនោះឡើយ។ ផ្ទុយទៅវិញ កម្ពុជាអាចចាប់ផ្ដើមពីការផលិតគ្រឿងបន្លាស់ជាក់លាក់ ដូចជា កង់រថយន្ត ចង្កូតរថយន្ត និងគ្រឿងបង្គុំផ្សេងៗ ហើយពង្រីកការផ្គត់ផ្គង់ទៅកាន់រោងចក្រនៅក្នុងតំបន់។
នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ទៀតថា គោលដៅរបស់កម្ពុជាគឺត្រូវធ្វើឲ្យប្រទេសក្លាយជាផ្នែកមួយ នៃខ្សែចង្វាក់ផលិតកម្មក្នុងតំបន់។ បច្ចុប្បន្ន រោងចក្រផ្គុំរថយន្តនៅកម្ពុជា នៅតែពឹងផ្អែកយ៉ាងច្រើនលើការនាំចូលគ្រឿងបង្គុំពីក្រៅប្រទេស ដើម្បីយកមកផ្គុំជារថយន្តសម្រេច។ ដូច្នេះ ដំណាក់កាលបន្ទាប់ គឺត្រូវបង្កើនការផលិតគ្រឿងបង្គុំក្នុងស្រុក ដើម្បីផ្គត់ផ្គង់រោងចក្រផ្គុំរថយន្តនៅកម្ពុជា ហើយនៅពេលសមត្ថភាពផលិតកាន់តែរឹងមាំ ត្រូវឈានទៅនាំចេញគ្រឿងបង្គុំទៅកាន់រោងចក្រនៅក្រៅប្រទេស៕
អត្ថបទ៖ ឆដា, រូបភាព៖ អ៊ីនធឺណេត






