ភ្នំពេញ៖ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិន ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៦ សម្រេចបានប្រមាណ ១៥,៥ពាន់លានដុល្លារ កើនជាង ២២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៥ ដែលមានទំហំទឹកប្រាក់ជាង ១២,៦ពាន់លានដុល្លារ។
បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៦ បានបន្តកើនឡើង ទោះបីកម្ពុជានៅមានឱនភាពជញ្ជីងពាណិជ្ជកម្មជាមួយចិនក៏ដោយ។
ក្នុងនោះ កម្ពុជាបាននាំចេញទំនិញ និងកសិផលសំខាន់ៗទៅកាន់ប្រទេសចិន ក្នុងទំហំទឹកប្រាក់ជាង ១,៣ពាន់លានដុល្លារ កើនជាង ២៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៥។
ចំណែកការនាំចូលទំនិញពីប្រទេសចិនមកកម្ពុជា មានទំហំទឹកប្រាក់ជាង ១៤ពាន់លានដុល្លារ កើនជាង ២២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំមុន។
ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារចិន ចាប់ពីដើមឆ្នាំ២០២៦ មកដល់ពេលនេះ បានបន្តមាននិន្នាការកើនឡើង ស្របតាមការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងការជំរុញការនាំចេញកសិផលរបស់កម្ពុជា តាមពិធីសារយល់ព្រមរវាងប្រទេសទាំងពីរ។
ផលិតផលសំខាន់ៗដែលកម្ពុជានាំចេញទៅកាន់ប្រទេសចិន រួមមាន អង្ករ ផ្លែចេកស្រស់ ដំឡូងមី កៅស៊ូ ផ្លែមៀនស្រស់ និងផលិតផលផ្សេងៗទៀត។
ស្របពេលជាមួយគ្នា ទំនិញសំខាន់ៗដែលកម្ពុជានាំចូលពីប្រទេសចិន រួមមាន វាយនភណ្ឌ ដែក រថយន្តគ្រប់ប្រភេទ និងគ្រឿងបន្លាស់ជាដើម។
ទោះបីការធ្វើពាណិជ្ជកម្មទ្វេភាគីនៅមានឱនភាពជញ្ជីងពាណិជ្ជកម្មក៏ដោយ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងចិន បានរួមចំណែកដល់កំណើនសេដ្ឋកិច្ច ការបង្កើតការងារ និងជាពិសេសការជំរុញការនាំចេញកសិផលរបស់កម្ពុជា៕
អត្ថបទ៖ ប៊ី




