សៀមរាបដាក់ចេញផែនការអភិវឌ្ឍន៍ទេសចរណ៍ ២០២៦-២០៣០ ឆ្ពោះទៅជាគោលដៅបេតិកភណ្ឌឆ្លាតវៃកម្រិតពិភពលោក

សៀមរាប៖ ខេត្តសៀមរាបបានដាក់ឱ្យអនុវត្ត «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២៦-២០៣០» ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ឱ្យកាន់តែមានគុណភាព ទាក់ទាញ និងមានភាពប្រកួតប្រជែង ឆ្ពោះទៅការប្រែក្លាយខេត្តនេះជាគោលដៅទេសចរណ៍បេតិកភណ្ឌឆ្លាតវៃកម្រិតពិភពលោក។

ផែនការនេះត្រូវបានប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តក្រោមអធិបតីភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលាខេត្តសៀមរាប ដោយមានការចូលរួមពីឯកឧត្តម ង៉ូវ សេងកាក់ អភិបាលរង តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ព្រមទាំងថ្នាក់ដឹកនាំក្រសួងទេសចរណ៍ មន្ត្រីអង្គភាព និងមន្ទីរពាក់ព័ន្ធ អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ ប្រតិបត្តិករទេសចរណ៍ សហគមន៍ទេសចរណ៍ គ្រឹះស្ថានសិក្សា សិស្សានុសិស្ស និងអ្នកផលិតមាតិកាព័ត៌មាន ប្រមាណ ២០០រូប។

ក្រសួងទេសចរណ៍បានចាត់ទុកផែនការនេះជាផែនទីបង្ហាញផ្លូវរួម និងជាក្របខ័ណ្ឌសកម្មភាពអនុវត្តជាក់ស្តែង សម្រាប់កៀរគរគ្រប់តួអង្គពាក់ព័ន្ធឱ្យរួមគ្នាអភិវឌ្ឍទេសចរណ៍នៅខេត្តសៀមរាប ដោយផ្តោតលើការបង្កើនគុណភាព និងភាពទាក់ទាញ ដើម្បីសម្រេចចក្ខុវិស័យឱ្យសៀមរាបក្លាយជាគោលដៅទេសចរណ៍បេតិកភណ្ឌឆ្លាតវៃកម្រិតពិភពលោក។

តាមផែនការនេះ សៀមរាបនឹងផ្តោតលើការផ្សារភ្ជាប់ទេសចរណ៍វប្បធម៌ និងធម្មជាតិ ប្រកបដោយភាពធន់ បរិយាបន្ន ចីរភាព និងការទទួលខុសត្រូវ ដើម្បីផ្តល់បទពិសោធដ៏វិសេសវិសាលដល់ភ្ញៀវទេសចរ និងរួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម ហួត ហាក់ បានលើកឡើងថា ខេត្តសៀមរាបប្រៀបបាននឹងដួងព្រលឹងនៃព្រះរាជាណាចក្រកម្ពុជា ជាទឹកដីអរិយធម៌ដ៏រុងរឿង និងជាទីតាំងនៃប្រាសាទអង្គរវត្ត ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏អស្ចារ្យ និងជាកំណប់ទ្រព្យដ៏វិសេសវិសាលរបស់មនុស្សជាតិ។

ឯកឧត្តម បានបញ្ជាក់ថា សៀមរាបមិនត្រឹមតែឆ្លុះបញ្ចាំងពីតថភាពប្រវត្តិសាស្ត្រ សិល្បៈដ៏រស់រវើក វប្បធម៌ និងអរិយធម៌ដ៏ឧត្តុង្គឧត្តមរបស់ខ្មែរប៉ុណ្ណោះទេ ប៉ុន្តែជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញ ដែលតំណាងឱ្យអត្តសញ្ញាណ កិត្យានុភាព និងមោទនភាពជាតិខ្មែរនៅលើឆាកអន្តរជាតិផងដែរ។

ជាមួយការប្រកួតប្រជែងទេសចរណ៍ក្នុងតំបន់កាន់តែខ្លាំង និងអាកប្បកិរិយារបស់ភ្ញៀវទេសចរមានការផ្លាស់ប្តូរ ឯកឧត្តម ហួត ហាក់ បានសង្កត់ធ្ងន់លើភាពចាំបាច់នៃការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ដោយលើកយកគំនិត «សៀមរាប លើសពីតំបន់អង្គរ» ជាផ្នែកមួយនៃការពង្រីកភាពទាក់ទាញរបស់ខេត្ត។

ឯកឧត្តម បានជំរុញឱ្យមានការកែលម្អ និងពង្រឹងគុណភាពសេវាកម្មទេសចរណ៍ បង្កើនភាពទាក់ទាញ ព្រមទាំងពង្រឹងសន្តិសុខ និងសុវត្ថិភាពជូនភ្ញៀវទេសចរ ដើម្បីធានាថា សៀមរាបអាចឆ្លើយតបនឹងតម្រូវការភ្ញៀវទេសចរជំនាន់ថ្មី និងដើរទាន់ការប្រកួតប្រជែងជាមួយគោលដៅទេសចរណ៍សំខាន់ៗក្នុងតំបន់ និងពិភពលោក។

ដើម្បីជំរុញការអនុវត្តផែនការនេះ ឯកឧត្តមរដ្ឋមន្ត្រីបានដាក់ចេញអនុសាសន៍គន្លឹះចំនួន៤។

អនុសាសន៍ទី១ គឺបន្តច្នៃប្រឌិត និងបង្កើតទីតាំងដែលជាអត្តសញ្ញាណរបស់ខេត្តសៀមរាប ព្រមទាំងពិនិត្យលទ្ធភាពបំផុសសក្តានុពលទីតាំង ឬលំហសាធារណៈក្នុងខេត្តដែលមិនទាន់ត្រូវបានប្រើប្រាស់ពេញលេញ ដើម្បីបម្លែងទៅជាផលិតផល និងបទពិសោធទេសចរណ៍ថ្មីៗ ប្រកបដោយភាពច្នៃប្រឌិត និងទាក់ទាញខ្ពស់។

អនុសាសន៍ទី២ គឺរៀបចំឱ្យមាននិទានកថា (Story Telling) នៅតាមទីតាំងសក្តានុពលទេសចរណ៍។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ក្នុងសម័យទេសចរណ៍ទំនើប មិនត្រឹមតែ «លក់ទីកន្លែង» ប៉ុណ្ណោះទេ ប៉ុន្តែត្រូវ «លក់រឿងរ៉ាវ លក់បទពិសោធ និងលក់អារម្មណ៍» ដោយភ្ជាប់ជាមួយប្រវត្តិសាស្ត្រ វប្បធម៌ ស្ថាបត្យកម្ម ជីវភាពរស់នៅ អាហារ និងលក្ខណៈពិសេសរបស់ទីតាំងនីមួយៗ។

អនុសាសន៍ទី៣ គឺបង្កើត Branding របស់ខេត្តសៀមរាប ដោយផ្តោតលើការកសាងម៉ាកគោលដៅទេសចរណ៍របស់ខេត្តឱ្យមានអត្តសញ្ញាណពិសេស និងអាចដក់ជាប់ក្នុងការចងចាំរបស់ភ្ញៀវទេសចរ។

អនុសាសន៍ទី៤ គឺពិនិត្យលទ្ធភាពបង្កើនសកម្មភាពទេសចរណ៍នាពេលរាត្រី ដើម្បីពន្យារពេលស្នាក់នៅរបស់ភ្ញៀវទេសចរ។

ក្នុងឱកាសនោះ ឯកឧត្តម ហួត ហាក់ ក៏បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តសៀមរាប មន្ទីរពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ និងសម្របសម្រួលជាមួយក្រសួងទេសចរណ៍នៅក្នុងព្រឹត្តិការណ៍ទេសចរណ៍នានា ព្រមទាំងចូលរួមជំរុញ និងអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាប និងសម្របសម្រួលជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកទស្សនាខេត្តនេះ៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times