ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមានពីការផ្សព្វផ្សាយ និងជ្រើសរើសពលករទៅធ្វើការនៅទ្វីបអាហ្វ្រិក គឺជាទង្វើខុសច្បាប់

ដោយ​មើល​ឃើញ​ពី​ការ​ផ្សព្វផ្សាយ​ ​ការ​ជ្រើសរើស​ពលករ​កម្ពុជា​ទៅ​ធ្វើការ​នៅ​ប្រទេសក្នុង​ទ្វីបអាហ្វ្រិក ដែល​គ្មាន​មិនមែនការ​ទទួល​ស្គាល់​ត្រឹមត្រូវ​ពី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ឡើយ។

តាមដានជាមួយយើង៖ Million Times

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ធ្វើការ​ព្រមាន​ដល់​សាធារណជន​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចំពោះ​ការ​ផ្សព្វផ្សាយ និង​ការ​ជ្រើសរើស​ពលករ​ខ្មែរ​ទៅ​ធ្វើការ​នៅ​ទ្វីប​អាហ្វ្រិក ដោយ​បញ្ជាក់​ថា ការ​ផ្សព្វផ្សាយ ឬ​ការ​ជ្រើសរើស​មនុស្ស​ទៅ​ធ្វើការ​នៅ​តំបន់​នេះ គឺជា​ទង្វើ​ខុស​ច្បាប់ ខណៈ​កម្ពុជា​មិនទាន់​មាន​កិច្ច​ព្រមព្រៀង​ស្ដី​ពី​ការ​ផ្លាស់ប្ដូរ​កម្លាំង​ពលកម្ម​ជាមួយ​បណ្ដា​ប្រទេស​នៅ​ទ្វីប​អាហ្វ្រិក​នៅ​ឡើយ​ទេ។

ក្នុង​ក្រដាស​ជូន​ដំណឹង​របស់​ក្រសួង​ការងារ បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ក្រសួង​សង្កេត​ឃើញ​​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន បាន​ចេញ​ទៅ​ធ្វើការ​នៅ​ទ្វីប​អាហ្វ្រិក។ ក្រសួង​បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា​ពុំ​ទាន់​មាន​កិច្ច​ព្រមព្រៀង​ស្ដីពី​ការ​ផ្លាស់ប្ដូរ​កម្លាំង​ពលកម្ម ឬ​ការ​បញ្ជូន​បុគ្គលិក និង​ពលករ​កម្ពុជា​ទៅ​ធ្វើការ​នៅ​បណ្ដា​ប្រទេស​ក្នុង​ទ្វីប​អាហ្វ្រិក​នៅ​ឡើយ​ទេ។

ក្រសួង​បាន​ព្រមាន​ថា ការ​ចេញ​ទៅ​ធ្វើការ​នៅ​ប្រទេស​ដែល​កម្ពុជា​មិនទាន់​មាន​កិច្ច​ព្រមព្រៀង​ជាមួយ អាច​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់ ជាពិសេស​អាច​ធ្លាក់​ខ្លួន​ជា​ជនរងគ្រោះ​នៃ​អំពើ​​ជួញដូរ​មនុស្ស។
ជាមួយ​គ្នា​នេះ ក្រសួង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​អូសទាញ​ពី​បុគ្គល ឬ​ក្រុមហ៊ុន​ណា​មួយ ដែល​អះអាង​ថា​មាន​ការ​ជ្រើសរើស​បុគ្គលិក ឬ​ពលករ​កម្ពុជា​ទៅ​ធ្វើការ​នៅ​ទ្វីប​អាហ្វ្រិក ទាំង​ការ​បញ្ជូន​ដោយ​ផ្ទាល់ ឬ​តាមរយៈ​ប្រទេស​ទី​៣ ព្រម​ទាំង​ការ​សន្យា​ផ្ដល់​ប្រាក់​ឈ្នួល​ខ្ពស់ ឬ​ប្រាក់​ឧបត្ថម្ភ​ជូន​ក្រុម​គ្រួសារ​ជា​មុន។

ក្រសួង​ក៏​បាន​បន្ថែម​​ថា ការ​ផ្សព្វផ្សាយ និង​ការ​ចុះ​ជ្រើសរើស​មនុស្ស​ទៅ​ធ្វើការ​នៅ​ទ្វីប​អាហ្វ្រិក​នា​ពេល​នេះ គឺជា​ទង្វើ​ខុសច្បាប់។ ដូច្នេះ​ប្រសិនបើ​ប្រជាពលរដ្ឋ​បាន​ដឹង​ឮ ឬ​ឃើញ​សកម្មភាព​បែបនេះ សូមប្រញាប់រាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត ដើម្បីចាត់វិធានការឃាត់ខ្លួន និងទប់ស្កាត់ឱ្យបានទាន់ពេលវេលា៕

អត្ថបទ៖ ឆដា, រូបភាព៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ