អគារសន្តិភាព រាងគ្រាប់មីន PMN-2 នៅសារមន្ទីរតេជោសន្តិភាព ជំនួយឥតសំណងរបស់ជប៉ុន ប្រមាណ ១៨ លានដុល្លារ គ្រោងសម្ពោធខែក្រោយ

អគារសន្តិភាព ដែលមានរាងជាគ្រាប់មីន PMN-2 ដ៏ធំសម្បើមបំផុតលើពិភពលោក ស្ថិតនៅសារមន្ទីរតេជោសន្តិភាព ខេត្តសៀមរាប និងត្រូវបាន​គាំទ្រ​ឡើង​ដោយ​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​ពី​រដ្ឋាភិបាល​នៃ​ប្រទេស​ជប៉ុន ដើម្បី​បញ្ជាក់​ពី​សក្ខីភាព​នៃ​កិច្ច​សហប្រតិបត្តិការ​លើ​ការអប់រំ និង​ផ្សព្វផ្សាយ​ដល់​សាធារណជន​អំពី​សង្គ្រាម​ដែល​ប្រជាពលរដ្ឋ​កម្ពុជា​បាន​ឆ្លងកាត់ និង​ការ​ស្វែងរក​សន្តិភាព។

តាមដានជាមួយយើង៖ Million Times

សារមន្ទីរ​តេជោ​សន្តិភាព ស្ថិត​នៅ​ភូមិ​អន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប គឺជា​សារមន្ទីរ​ដ៏​សំខាន់​មួយ​របស់​កម្ពុជា ដែល​បង្កើត​ឡើង​ក្នុង​គោលបំណងបង្ហាញពីប្រវត្តិសាស្ត្រសង្គ្រាម ផល​ប៉ះពាល់​នៃ​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់ផ្ទុះ ព្រមទាំង​សមិទ្ធផល​នៃ​ការ​កសាង​សន្តិភាព​នៅ​កម្ពុជា។ សារមន្ទីរ​នេះ ស្ថិត​ក្រោម​ការគ្រប់គ្រងរបស់មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC)។

លោក អ៊ុង រស្មី អនុប្រធាននាយកដ្ឋានរដ្ឋបាល ផ្សព្វផ្សាយ និងគ្រប់គ្រងព័ត៌មានវិទ្យា នៃ CMAC បាន​ឲ្យ​ដឹង​ថា ជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុន ឆ្នាំ ២០២៦ កាលពី​ថ្ងៃ ៣ ខែ​វិច្ឆិកា បាន​បញ្ជាក់​ថា ជប៉ុន​បាន​ផ្ដល់​ជំនួយ​ឥត សំណង ២ ៧០០ លាន​យ៉េន លើ​ការ​សាង​សង់​អគារ​ដ៏​ធំ​មួយ​នៅ​សារមន្ទីរ​តេជោ​សន្តិភាពនេះ។

ទីតាំងនៃសារមន្ទីរនេះ ត្រូវបានបែងចែកជា២ផ្នែកសំខាន់ៗ ដោយទី១ អគារសន្តិភាព ដែល​ជា​ជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន និងអគារទី២ ជា​អគារ​ដែល​ជា​ស្នាដៃ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលអគារទាំងពីរនេះមានតាំងបង្ហាញពីប្រវត្តិសាស្ត្រសង្គ្រាម និង​សោកនាដកម្ម​ដែលកម្ពុជាបានឆ្លងកាត់ សំណល់គ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ការ​កសាង​សន្តិភាព សកម្មភាព​នៃ​ការបោសសម្អាតមីន វត្ថុបុរាណ ជាដើម។

លោក​បន្ថែម​ទៀត​ សារមន្ទីរតេជោ​សន្តិភាព មិនត្រឹមតែជាកន្លែងតាំងបង្ហាញវត្ថុបុរាណ និងសំណល់សង្គ្រាមប៉ុណ្ណោះទេ ប៉ុន្តែ​ជា​ទីកន្លែង​អប់រំ​ប្រវត្តិសាស្ត្រ និង​ជា​និមិត្តរូប​នៃ​សន្តិភាព ដែល​បង្ហាញ​ពី​ដំណើរ​វិវត្តន៍​របស់​កម្ពុជា​ពី​ប្រទេស​ដែល​ធ្លាប់​ឆ្លងកាត់​សង្គ្រាម ទៅ​រក​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍ។

សំណង់អគាររាងគ្រាប់មីន PMN-2នេះ មានទំហំ៥២ គុណ៥២ម៉ែត្រ ២ជាន់ មានកម្ពស់១៧ម៉ែត្រ ព្រមទាំងមានប្លង់បាតខឿនអគារ ទំហំ ១០៨ម៉ែត្រ គុណ១០៨ម៉ែត្រ ដែលមានក្រឡាផ្ទៃចំនួន ៤.០១២ម៉ែត្រក្រឡា សាងសង់លើផ្ទៃដីសារមន្ទីរតេជោសន្តិភាព ទាំងមូលប្រមាណ១៤.៨ហិកតា ដែលជាអគាររាងគ្រាប់មីន PMN-2 ធំជាងគេលើពិភពលោក ស្ថិតនៅឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

លោក មិស៊ូមិ តាកាហ៊ីតុ ដែលជាអនុប្រធានបេសកកម្មការទូតនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា បាន​ឲ្យ​ដឹង​ថា ជំនួយ​នេះ ស្រប​ពេល​ដែល​រដ្ឋាភិបាល និងប្រជាជនជប៉ុន បាន​និង​កំពុង​គាំទ្រ​ដល់​សកម្មភាព​បោសសម្អាតមីនរបស់កម្ពុជា។ លោកសង្ឃឹមថា សារមន្ទីរនេះ នឹង​ក្លាយ​ជា​ទី​កន្លែង​មួយ ដែល​អ្នក​ទស្សនា​អាច​ស្វែងយល់​កាន់​តែ​ស៊ី​ជម្រៅ​ពី​បញ្ហាមីន និង​សារៈសំខាន់​នៃ​សន្តិភាព​ទៅ​កាន់​មនុស្ស​ជំនាន់ក្រោយ។

គួរ​បញ្ជាក់​ផងដែរ​ថា សារមន្ទីរនេះ គ្រោងសម្ពោធជាផ្លូវការនៅដើមខែធ្នូខាងមុខនេះ ក្រោមវត្តមាន​ដ៏​នាយករដ្ឋមន្ត្រី​កម្ពុជា៕

អត្ថបទ៖ ឆដា, រូបភាព៖ CMAC