អ្នកជំនាញ៖ ឃ្លាំងទំនិញ និងដីជាយក្រុង ជាឱកាសវិនិយោគសម្រាប់រយៈពេលវែង

តាមដានជាមួយយើង៖ Million Times

ភ្នំពេញ៖ អចលនទ្រព្យឧស្សាហកម្ម ឃ្លាំងដាក់ទំនិញ និងដីធ្លីនៅតំបន់ដែលមានសក្តានុពលអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ គឺជាប្រភេទអចលនទ្រព្យដែលអ្នកវិនិយោគគួរពិចារណាសម្រាប់រយៈពេល ៧ ឆ្នាំខាងមុខ ដោយសារមានទំនាក់ទំនងជាមួយតម្រូវការទីផ្សារ និងការរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ នេះបើតាមការលើកឡើងរបស់អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN Group និងជាអ្នកជំនាញក្នុងវិស័យអចលនទ្រព្យ។

អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន បានលើកឡើងថា ការវិនិយោគអចលនទ្រព្យក្នុងរយៈពេល ៧ ឆ្នាំ មិនមែនគ្រាន់តែផ្តោតលើការជ្រើសរើសទីតាំងល្អប៉ុណ្ណោះទេ ប៉ុន្តែអ្នកវិនិយោគត្រូវពិចារណាលើប្រភេទអចលនទ្រព្យដែលមានតម្រូវការជាក់ស្តែងនៅលើទីផ្សារ ព្រមទាំងតំបន់ដែលមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។

ប្រភេទអចលនទ្រព្យទី១ ដែលអ្នកឧកញ៉ាលើកឡើង គឺអចលនទ្រព្យឧស្សាហកម្ម និងឃ្លាំងដាក់ទំនិញ។ លោកយល់ថា ប្រភេទអចលនទ្រព្យនេះមានតម្រូវការកើនឡើង ដោយសារកំណើនវិនិយោគក្នុងវិស័យផលិតកម្ម និងការដឹកជញ្ជូន។

ចំណុចដែលធ្វើឱ្យអចលនទ្រព្យប្រភេទនេះគួរឱ្យចាប់អារម្មណ៍ គឺតម្រូវការជួលឃ្លាំងដែលមានស្តង់ដារអាចមានស្ថិរភាព និងផ្តល់ឱកាសបង្កើតចំណូលជាប្រចាំតាមរយៈការជួល។ លើសពីនេះ អចលនទ្រព្យប្រភេទនេះក៏អាចទទួលបានអត្ថប្រយោជន៍ពីកំណើនវិនិយោគក្នុងវិស័យឧស្សាហកម្មផងដែរ។

សម្រាប់តំបន់ដែលគួរពិចារណា អ្នកឧកញ៉ាបានលើកឡើងពីតំបន់សេដ្ឋកិច្ចពិសេស តំបន់ជុំវិញអាកាសយានដ្ឋានអន្តរជាតិតេជោ និងតំបន់ដែលមានការតភ្ជាប់ល្អជាមួយផ្លូវហាយវេ និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។

ប្រភេទទី២ គឺដីធ្លីដែលមានសក្តានុពលអភិវឌ្ឍន៍។ អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន បានចាត់ទុកថា ការទិញដីនៅតំបន់ដែលមានគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ អាចជាយុទ្ធសាស្ត្រមួយសម្រាប់អ្នកវិនិយោគរយៈពេលវែង ដោយមានឱកាសទទួលបានកំណើនតម្លៃតាមការអភិវឌ្ឍន៍របស់តំបន់។

អ្នកឧកញ៉ាបានបញ្ជាក់ថា អត្ថប្រយោជន៍នៃការវិនិយោគលើដីធ្លី រួមមាន ការមិនសូវប្រឈមនឹងបញ្ហាអចលនទ្រព្យទំនេរដូចអចលនទ្រព្យសាងសង់រួច មិនចាំបាច់ចំណាយច្រើនលើការថែទាំ និងអាចរក្សាទុកដើម្បីរង់ចាំឱកាសកំណើនតម្លៃនាពេលអនាគត។

សម្រាប់តំបន់ដែលមានសក្តានុពល លោកបានណែនាំឱ្យពិចារណាតំបន់ជុំវិញអាកាសយានដ្ឋានអន្តរជាតិតេជោ តំបន់តាមបណ្តោយផ្លូវហាយវេថ្មីៗ និងតំបន់ជាយរាជធានីភ្នំពេញ ដែលមានគម្រោងពង្រីកទីក្រុង។

ការលើកឡើងនេះបង្ហាញថា សម្រាប់ការវិនិយោគអចលនទ្រព្យក្នុងរយៈពេលវែង ការស្វែងយល់ពីតម្រូវការប្រើប្រាស់ជាក់ស្តែង និងទិសដៅអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ គឺជាកត្តាសំខាន់ក្នុងការជ្រើសរើសប្រភេទអចលនទ្រព្យ និងទីតាំងវិនិយោគ៕

អត្ថបទ៖ ប៊ី