ក្រុមហ៊ុន MCR Group ​អញ្ជើញ​លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ទៅ​ទស្សនកិច្ច​នៅ​ប៉ូឡូញ​ ដើម្បី​ជំរុញ​ការ​វិនិយោគ​​

កាលពីថ្ងៃទី១ ខែ​វិច្ឆិកា ឆ្នាំ ​២០២៦​ កន្លងទៅនេះ អភិបាលខេត្តព្រះសីហនុ លោក ម៉ាង ស៊ីណេត បាន​ជួបពិភាក្សាជាមួយក្រុមហ៊ុន MCR Group ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ បច្ចេកវិទ្យា សុវត្ថិភាពសំណង់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ទីក្រុង Gdańsk ​ប្រទេស​ប៉ូឡូញ។

តាមដានជាមួយយើង៖ Million Times

ក្នុងអំឡុងពេលនៃការបំពេញទស្សនកិច្ចនេះ លោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងគណៈប្រតិភូ បានជួបប្រជុំពិភាក្សាការងារយ៉ាងផុសផុល ព្រមទាំង​បាន​ស្តាប់​បទ​បង្ហាញ​ណែនាំ​យ៉ាង​លម្អិត​អំពី​ប្រវត្តិ​ក្រុមហ៊ុន​ សកម្មភាព​អាជីវកម្ម បទ​ពិសោធន៍​ បច្ចេក​វិទ្យា​ទំនើប​ និង​ទិសដៅអភិវឌ្ឍន៍នាពេលអនាគតរបស់ក្រុមហ៊ុន MCR Group។

ដោយ​ឡែកលោក ម៉ាង ស៊ីណេត ក៏​បានលើកបង្ហាញ និងផ្សព្វផ្សាយអំពីសក្តានុពលដ៏សម្បូរបែបរបស់ខេត្តព្រះសីហនុ ដែលត្រូវបានកំណត់ជាតំបន់សេដ្ឋកិច្ចពិសេសគំរូ និង​ជា​មជ្ឈមណ្ឌល​ដឹក​ជញ្ជូន​ពហុ​មធ្យោបាយ​ដ៏​សំខាន់​រួមមាន ផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។

លោកអភិបាលខេត្ត ក៏បានគូសបញ្ជាក់ពីឱកាសវិនិយោគយ៉ាងទូលំទូលាយលើវិស័យឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យា ទេសចរណ៍ និងវិស័យដែលមានសក្តានុពលដទៃទៀត ព្រមទាំងបានអំពាវនាវ និងលើកទឹកចិត្តឱ្យក្រុមហ៊ុន MCR Group ពិនិត្យលទ្ធភាពក្នុងការស្វែងរកឱកាសវិនិយោគ និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលខេត្តព្រះសីហនុផងដែរ។

បន្ទាប់ពីបំពេញទស្សនកិច្ចផ្លូវការរួចហើយ​ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ឆ្លៀតដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ ទៅទស្សនកិច្ចកសិដ្ឋានចិញ្ចឹមសេះរបស់ក្រុមហ៊ុន MCR Group ផងដែរ៕

អត្ថបទ៖ ឆដា, រូបភាព៖ មន្ទីរព័ត៌មាន ខេត្តព្រះសីហនុ