សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយនឹងក្រសួងពាណិជ្ជកម្មរៀបចំ «ពិធីបោះឆ្នោតជ្រើសរើសប្រធាន និងសមាជិកការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងប៉ារីស ប្រទេសបារាំង អាណត្តិទី១ លើកទី១» នៅ Maison du Cambodge ទីក្រុងប៉ារីស ប្រទេសបារាំង។

ការបោះឆ្នោតបានប្រព្រឹត្តទៅដោយរលូន ប្រកបដោយតម្លាភាព និងសុក្រឹតភាព។ ក្នុងចំណោមអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុប ៤៣ នាក់ មានអ្នកចូលរួមបោះឆ្នោតចំនួន ៣២ នាក់ ស្មើប្រមាណ ៧៤%។ លទ្ធផល លោកស្រី សាន្ត ផាន់ណា ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងប៉ារីស ប្រទេសបារាំង សម្រាប់អាណត្តិទី១ លើកទី១។
ការបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងប៉ារីស គឺជាជំហានដ៏សំខាន់ក្នុងការពង្រឹងវត្តមានរបស់សភាពាណិជ្ជកម្មកម្ពុជានៅលើឆាកអន្តរជាតិ ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យធុរកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ រវាងកម្ពុជា បារាំង ព្រមទាំងបណ្ដាប្រទេសក្នុងតំបន់អឺរ៉ុប។

ការិយាល័យតំណាងនេះនឹងដើរតួនាទីជាស្ពានតភ្ជាប់រវាងវិស័យឯកជននៃប្រទេសទាំង ២ តាមរយៈការផ្លាស់ប្ដូរព័ត៌មានធុរកិច្ច ការស្វែងរក និងភ្ជាប់ដៃគូពាណិជ្ជកម្ម ការផ្សព្វផ្សាយឱកាសធុរកិច្ច និងវិនិយោគ ព្រមទាំងការលើកកម្ពស់សក្ដានុពលសេដ្ឋកិច្ច និងឱកាសវិនិយោគនៅកម្ពុជា។ កិច្ចខិតខំប្រឹងប្រែងទាំងនេះនឹងរួមចំណែកដល់ការបង្កើតកាលានុវត្តភាពថ្មីៗសម្រាប់ធុរជន និងវិនិយោគិននៃប្រទេសទាំង២ ។
ពិធីនោះ បានប្រព្រឹត្តទៅកាលពី ៣១ ខែតុលា ឆ្នាំ ២០២៦ ក្រោមអធិបតីភាពលោក បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងខ្ពង់ខ្ពស់ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ព្រមទាំងមានការអញ្ជើញរួមពី អ្នកឧកញ៉ា ឡាវ កាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា, លោក ឡុង កុសល ឯកអគ្គរាជទូតប្រតិភូ អចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការយូណេស្កូ (UNESCO) លោកស្រី ឡាំ បញ្ចពរ អគ្គទីប្រឹក្សានៃស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋបារាំង តំណាងដ៏ខ្ពស់ខ្ពស់លោក លុយ ដាវីត ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋបារាំង និងសមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា និងធុរជនកម្ពុជានៅទីក្រុងប៉ារីស ប្រទេសបារាំងជាច្រើនរូប។
កាលពីថ្ងៃ ១៦ ខែកញ្ញា ឆ្នាំ ២០២៦ រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីសម្រេចស្តីពីការបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងប៉ារីស ប្រទេសបារាំង ដែលជាមូលដ្ឋានសំខាន់ សម្រាប់ការរៀបចំ និងដំណើរការការិយាល័យតំណាងនេះ៕





អត្ថបទ៖ ឆដា, រូបភាព៖ សភាពាណិជ្ជកម្មកម្ពុជា






